ភ្នំពេញៈ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC ) ​បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​របស់​ក្រុមហ៊ុន Maybank Kim Eng Group (MKE Group) ​នឹង​ជួយ​បង្កើត​ក្របខ័ណ្ឌ​ការងារ​បទប្បញ្ញត្តិ​ដ៏រឹងមាំ​ក្នុង​ការទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​មក​ក្នុង​ទីផ្សារ​មូលធន​កម្ពុជា​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​គណៈកម្មការមូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន Maybank Kim Eng ​ថា​ដោយមាន​អ្នកជំនាញ​បរទេស និង​បទពិសោធ​ជាពិសេស​បណ្ដាញ​ដ៏ធំ​របស់ Maybank Kim Eng នឹង​មិន​គ្រាន់តែ​ផ្ដល់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​មូលបត្រ​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​ដឹង​អំពី​ធនាគារ Maybank ដែល​គ្រប់ៗ​គ្នា​ដឹង​ហើយ​នៅពេលនេះ​ធនាគារ Maybank Kim Eng សហការ​ជាមួយ SECC ដែល​មានន័យថា វា​នឹង​បង្កើត​រូបភាព​ដ៏ល្អ​បំផុត​មួយ និង​ទំនុកចិត្ត​កាន់តែ​ខ្លាំង​សម្រាប់​ក្រុម​វិនិយោគិន ពិសេស​ក្រុម​វិនិយោគិន​បរទេស​នៅក្នុង​ផ្សារហ៊ុន​យើង​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា MoU នេះ​នឹង​ទទួល​យក​ភាគ​ជា​ដៃគូ​របស់​យើង​ឆ្ពោះទៅរក​ជំហាន​ដ៏សំខាន់​ផ្សេងទៀត​»​។

លោក Mohamad Yasin Abdullah ប្រធាន​ប្រតិបត្តិការ ក្រុមហ៊ុន MKE Group បាន​ឲ្យ​ដឹងថា កិច្ចសហការ​ជាមួយ SECC នឹង​ជួយ​អភិវឌ្ឍ​ទីផ្សារ​មូលធន​របស់​កម្ពុជា ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​នៅលើ​ពិភពលោក​។ លោក​បន្តថា​៖ «​ក្នុងនាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​លើ​ពិភពលោក ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​កម្ពុជា​បាន​បន្ត​ពង្រីក​យ៉ាងខ្លាំង​»​។

លោក​បាន​បន្ថែម​ថា​៖ «​គោលបំណង​នៃ MoU គឺជា​ការជួយ​ដល់ SECC ដើម្បី​អភិវឌ្ឍ​ទីផ្សារ និង​ឧស្សាហកម្ម និង​ពិត​ហើយ​ត្រូវធ្វើ​ដូច្នេះ យើង​ចាំបាច់​ត្រូវមាន​ក្របខ័ណ្ឌ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្វីៗ​ផ្សេងទៀត​កំពុង​ដំណើរការ មុនពេល​យើង​នាំ​ចូលមក​អតិថិជន​មកពី​គ្រប់ផ្នែក​របស់​តំបន់​នេះ​»​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​រយៈពេល​ ៣ ​ឆ្នាំ​នេះ​ក្រុមហ៊ុន MKE Group និង SECC នឹង​សហការគ្នា​លើ​គ្រប់​វិស័យ​សម្រាប់​គោលបំណង​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​របស់​កម្ពុជា​ដែល​រួម​មាន​ការចែករំលែក​ការអនុវត្ត​ល្អ​បំផុត និង​ស្ដង់ដា​លើ​វិស័យ​ជាច្រើន​នៃ​ការគ្រប់គ្រង​ហានិភ័យ អភិបាលកិច្ច​សាជីវកម្ម និង​ការគោរព​ច្បាប់ ការអភិវឌ្ឍ​ផលិតផល និង​ស្ដង់ដា​ប្រព័ន្ធ​រាយការណ៍​នៃ​ហិរញ្ញវត្ថុ និង​គណនេយ្យ​។

ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​ដំណើរការ​ទីផ្សារ​មូលធន​ជិត​ ១០ ​ឆ្នាំ​មកហើយ និង​បាន​ធ្វើឲ្យ​រីកចម្រើន​ដល់​ផលិតផល​មូលបត្រ​ជា​បន្តបន្ទាប់​។ ដោយ​ចាប់ផ្ដើម​ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាប់​រហូត​មក​ដល់​ពេលនេះ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ ៥ ក្នុងនោះ​ក្រុមហ៊ុន​ ៣ បោះផ្សាយ​បណ្ណ​បំណុល​សាជីវកម្ម​។

កាលពី​ឆ្នាំ​ ២០១៩ មូលធននីយកម្ម​ទីផ្សារ​កើនឡើង​ ១៥៧ ​ភាគរយ ​ដល់​ជាង​ ៨០០ ​លាន​ដុល្លារ​។ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ ៧ ​កំពុងដំណើរការ​ការរៀបចំ​ដើម្បី​ចេញ​មូលបត្រ​ភាគហ៊ុន និង​បណ្ណបំណុល​ដែល​រំពឹងថា​នឹង​បញ្ចប់​ក្នុង​ ២០២០៕LA