ភ្នំពេញ: គណៈកម្មាធិការ​មូលបត្រ​កម្ពុជា​ (SECC) ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន​ចំនួន ៣ ដើម្បី​ជួយផ្តល់​ប្រឹក្សា​យោបល់ និង​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទំនើប​ដល់​ស្ថាប័ន​នេះ​ក្នុង​ការជំរុញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់ខ្លួន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន SECC កាលពី​ថ្ងៃ​សុក្រ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​អគ្គនាយក​គណៈកម្មាធិការ​មូលបត្រ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការផ្តល់​ប្រឹក្សា​យោបល់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​ក្រុមហ៊ុន Mobile C&C (Cambodia) Co., Ltd ក្រុមហ៊ុន Pathmazing Inc. និង​ក្រុមហ៊ុន We Alliance Co., Ltd​។

លោក សុជាតិ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា MoU នេះ​មាន​បំណង​ផ្តល់​ការប្រឹក្សា​យោបល់ និង​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ដែលមាន​មូលដ្ឋាន​ផ្អែកលើ​បច្ចេកវិទ្យា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំង​ ៣ ​នឹង​រួមគ្នា​ក្នុង​ការផ្តល់​ប្រឹក្សាយោបល់​ផ្នែក​បច្ចេកវិទ្យា ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ ព្រមទាំង​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​គណៈកម្មាធិកា​រមូលបត្រ​កម្ពុជា ដើម្បី​កំណត់​តម្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ក្របខ័ណ្ឌ​គតិយុត្ត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ការត្រួតពិនិត្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ និង​ការអនុញ្ញាត ឬ​ការអភិវឌ្ឍ​ឌីជីថល​សម្រាប់​ផ្តល់​របាយការណ៍​របស់​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ និង​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ ព្រមទាំង​ជួយ​ប្រែក្លាយ​គណៈកម្មាធិការ​មូលបត្រ​ទៅជា​ស្ថាប័ន​ឌីជីថល​»​។

គណៈកម្មាធិការ​មូលបត្រ​កំពុង​ខិតខំ​ប្រឹងប្រែង​កិច្ចការ​របស់ខ្លួន​ក្នុងការ​ទាក់ទាញ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​លើ​ផលិតផល​ជួញដូរ​ឧបករណ៍​និស្សន្ទ ខណៈ​ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​បាន​កើនឡើង​ពី ៨៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់ ១២០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី SECC​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ មាន​ការកើនឡើង​យ៉ាងច្រើន​នៃ​អ្នកចូលរួម​ក្នុង​ទីផ្សារ​នេះ រួមមាន​សមភាគី​កណ្តាល ៥ ​ក្រុមហ៊ុន សម្រាប់​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក្រុមហ៊ុន​ជើងសា​ឧបករណ៍​និស្សន្ទ ២៧ ក្រុមហ៊ុន ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ៥ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំនេះ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ ៥ ដែល​ផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ​ដោយ SECC​។

កាលពី​ឆ្នាំ​ ២០១៩ មូលធននីយកម្ម​ទីផ្សារ​កើនឡើង ១៥៧ ​ភាគរយ​​ដល់​ជាង​ ៨០០ ​លាន​ដុល្លារ​។ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ ៧ កំពុង​ដំណើរការ​រៀបចំ​ដើម្បី​ចេញ​មូលបត្រ​ភាគហ៊ុន និង​បណ្ណ​បំណុល​ដែល​រំពឹងថា នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​៕