ភ្នំពេញៈ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) អំពាវនាវ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ពី​សាធារណជន និង​ក្រុម​វិនិយោគិន​ក្នុង​ការវិនិយោគ​លើ​ផលិតផល​ជួញដូរ​ឧបករណ៍​និស្សន្ទ​។

ការជួញដូរ​ឧបករណ៍​និស្សន្ទ ជា​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​រវាង​ភាគី​ ២ ​លើ​តម្លៃ​ពី​ប្រតិបត្តិការ​ទ្រព្យសកម្ម​ដូចជា​ទំនិញ រូបិយប័ណ្ណ​ ឬ​ភាគហ៊ុន​។ គោលបំណង​របស់​ពួកគេ​គឺ​ការពារ​អាជីវកម្ម​ប្រឆាំង​នឹង​ហានិភ័យ​ដូចជា​ការប្រែប្រួល​តម្លៃ ឬ​ការកើនឡើង​អត្រា​ការប្រាក់​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ឲ្យ​ដឹងថា ផលិតផល​ឧបករណ៍​និស្សន្ទ ឬ​កិច្ចព្រមព្រៀង​តម្លៃ​លើ​រូបិយប័ណ្ណ ឬ​ផលិតផល​ផ្សេងទៀត ​(Forex) គឺជា​ប្រភេទ​ថ្មី​នៃ​ផលិតផល​ហិរញ្ញវត្ថុ​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​រយៈពេល​វែង​។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា មុនពេល​ធ្វើការ​សម្រេច​ចិត្ត​លើ​ការវិនិយោគ​សាធារណជន​ត្រូវតែ​យល់ដឹង​ពី​ព័ត៌មាន​លម្អិត​នៃ​ប្រភេទ​ផលិតផល​ឧបករណ៍​និស្សន្ទ​នេះ​។

លោក​ថ្លែងថា​៖ «​ដើម្បី​បង្កើន​ការយល់ដឹង​សាធារណជន​អំពី​វិស័យនេះ យើង​បានធ្វើការ​បណ្ដុះបណ្ដាល ៥៦ ​វគ្គ​ដល់​ក្រុមហ៊ុន​ចេញ​មូលបត្រ​បំណុល​ក្រុម​វិនិយោគិន អ្នកជំនាញ​នៅ​ទីផ្សារ​នេះ​តាម​បណ្តា​ខេត្ត​ ១៥ ដែលមាន​អ្នកចូលរួម​ ៥៦៦២ ​នាក់​។ យើង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​និយតករ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​កូរ៉េ ចិន មីយ៉ាន់ម៉ា ថៃ វៀតណាម​»​។​ល​។

លោក​បន្តថា​៖ «​ដើម្បី​ទទួល​បាន​ការជួញដូរ​ប្រកប​ដោយ​ជោគជ័យ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​ក្រុម​វិនិយោគិន​ត្រូវតែ​សិក្សា​ឲ្យ​បានល្អ​អំពី​ភាពស្របច្បាប់​របស់​ក្រុមហ៊ុន​ថា តើ​ក្រុមហ៊ុន​ទាំងនោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ការជួញដូរ​ពី SECC ដែរ​ឬ​អត់​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​វិនិយោគិន​ក៏​ត្រូវ​តែ​ដឹង​ពី​ព័ត៌មាន​កាន់តែ​ច្រើន​អំពី​ក្រុមហ៊ុន​ដើម្បី​ចៀស​ផុតពី​ការវិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មិនមាន​អាជ្ញាប័ណ្ណ​»​។

លោក​បញ្ជាក់ថា ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ត្រូវតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ក្រុម​វិនិយោគិន​អំពី​ហានិភ័យ​ណាមួយ​។

ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​បាន​កើនឡើង​ដល់ ៨៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់​ ១២០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី SECC​។ គិត​ត្រឹម​ឆ្នាំ​ ២០១៩ មាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​អ្នកចូលរួម​ក្នុង​ទីផ្សារ​នេះ ដូចជា សម​ភាគី​កណ្ដាល​ ៥ ​ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក្រុមហ៊ុន​ជើងសារ​ឧបករណ៍​និស្សន្ទ​ ២៧ ​ក្រុមហ៊ុន ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ៥ ដែល​បានទទួល​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំនេះ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ ៥ ដែល​ផ្ដល់​អាជ្ញាប័ណ្ណ​រួចហើយ​ដោយ SECC៕LA