ភ្នំពេញ: គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បានដាក់​ឲ្យ​សាកល្បង​ការស្នើសុំ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) ​តាម​អនឡាញ ដើម្បី​ជួយ​សម្រួល​ដល់​សាធារណជន​ដែល​ចង់​ចូលរួម​ការជួញដូរ​មូលបត្រ​នៅលើ​ផ្សារហ៊ុន​កម្ពុជា ដែល​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចាប់អារម្មណ៍​វិនិយោគ​លើ​ផ្សារហ៊ុន ខណៈ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ នៅតែ​បន្ត​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា Investor ID អនឡាញ​គឺជា​គំនិត​ផ្តួចផ្ដើម​ថ្មី​មួយ​ដើម្បី​ផ្តល់ឱកាស​ដល់​សាធារណជន​មាន​ភាពងាយស្រួល​ក្នុង​ការចូលរួម​ជាមួយ​ផ្សារហ៊ុន និង​ជួយ​កាត់បន្ថយ ការ​ទៅ​ជួប​ភ្នាក់ងារ​ក្នុង​ការចុះឈ្មោះ​ដោយ​ផ្ទាល់​អំឡុងពេល​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​នេះ​ជា​គំនិត​ផ្តួចផ្ដើម​ថ្មី​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​វិនិយោគិន ក្នុង​ការទទួល​បាន ID សម្រាប់​ការជួញដូរ​នៅលើ​ទីផ្សារ​ហ៊ុន​របស់​យើង​។ កាលពីមុន​ក្រុម​វិនិយោគិន​ចាំបាច់​ត្រូវការ​ឈ្មួញ​ជើងសា​ក្នុងការ​ស្នើសុំ ID សម្រាប់​ការជួញដូរ​។ ចាប់ពី​ពេល​នេះ​តទៅ ក្រុម​វិនិយោគិន​អាច​ដាក់​ពាក្យសុំ​តាម​អនឡាញ ដើម្បី​ទទួល​បាន ID នេះ​។ វា​កាន់តែ​មាន​ភាពងាយស្រួល រហ័ស និង​មិនចាំបាច់​ទៅ​ជួប​ដោយផ្ទាល់​សម្រាប់​ប្រតិបត្តិការ​នៅក្នុង​ពេលវេលា​ដ៏ពិបាក​នេះ​នោះទេ​»​។

លោក​បន្ថែមថា​៖ «​ពេលនេះ​វា​ស្ថិត​នៅក្នុង​ពេល​សាកល្បង​។ យើង​នឹង​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ ប្រសិន​បើ​ប្រព័ន្ធ​នេះ​ដំណើរ​ដោយ​រលូន​។ ក្រុមហ៊ុន​ឈ្មួញ​ជើងសា នឹង​ធ្វើការ​ជូន​ដំណឹង​ជា​សាធារណៈ​ចំពោះ​យន្តការ​ថ្មី​នេះ​»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​និយាយថា បន្ទាប់ពី​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ពី SECC សាធារណជន​ដែលមាន​ចំណាប់​អារម្មណ៍​លើ​ផ្សារហ៊ុន​អាចដាក់​ពាក្យសុំ Investor ID ដោយផ្ទាល់​ទៅ SECC តាមរយៈ​ https://id.secc.gov.kh. ។

លោក​ថ្លែងថា​៖ «​យើង​យល់ថា មាន​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​លើ​ផ្សារហ៊ុន​របស់​យើង ប៉ុន្តែ​ពួកគេ​មិនមាន​ពេលវេលា​ទៅ​បើក​គណនី​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ជើងសា ដើម្បី​ស្នើសុំ Investor ID និង​គណនី​ជួញដូរ (Trading Accounts)​។ គំនិត​នេះ​នឹង​ជួយ​សម្រួល​ដល់​ពួកគេ​ក្នុង​ការដាក់​ពាក្យសុំ Investor ID អនឡាញ​ពី​កន្លែង​ណា​ក៏បាន​»​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ឃើញ​ការកើនឡើង​នៃ Investor ID នៅ​ផ្សារហ៊ុន​នេះ​ក្នុងពេល​ឆាប់ៗ​នេះ​»​។

លោក​ឲ្យ​ដឹងថា បច្ចុប្បន្ន CSX ក៏​កំពុង​ព្យាយាម​ក្នុងការ​ស្វែងរក​យន្តការ និង​ការធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ និង SECC ដើម្បី​ឲ្យ​មាន​ការបើក​គណនី​ជួញដូរ​អនឡាញ​។ ដូច្នេះ​សាធារណជន​មិន​ចាំបាច់​មកជួប​ក្រុមហ៊ុន​មូលបត្រ​ឡើយ​។ លោក​បន្តថា​៖ «​យើង​សង្ឃឹមថា​នឹង​ធ្វើឲ្យ​វា​កើតឡើង​ក្នុងពេល​ឆាប់ៗ​»៕LA