ភ្នំពេញៈ ក្រុមហ៊ុន Cambodia Derivative Exchange Co., Ltd. (CDX) ទទួលបានការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ជាអ្នកជួយសម្របសម្រួលដល់ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តតាមរយៈអនឡាញ ដើម្បីឆ្លើយតប និងធានាការអភិវឌ្ឍផ្សារមូលបត្រប្រកបដោយនិរន្តរភាព បើទោះជាឥទ្ធិពលជំងឺកូវីដ ១៩ បាននិងកំពុងជះឥទ្ធិពលលើគ្រប់វិស័យក៏ដោយ។
លោក ស៊ូ សុជាតិ អគ្គនាយក SECC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រគល់វិញ្ញាបនបត្រទទួលស្គាល់ដល់ក្រុមហ៊ុនមួយនេះដើម្បីអនុញ្ញាតដល់ក្រុមហ៊ុនអាចរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទដល់បុគ្គល និងក្រុមវិនិយោគិនដែលមានការយល់ព្រមពីគណៈកម្មការមូលបត្រកម្ពុជា។
CDX គឺជាក្រុមហ៊ុនដំបូងដែលទទួលបានអាជ្ញាប័ណ្ណពី SECC ចាប់តាំងពីចុងឆ្នាំ ២០១៦ ជាពេលដែលទីផ្សារឧបករណ៍និស្សន្ទដាក់ដំណើរការផ្លូវការ ដូច្នេះពួកគេកំពុងប្រតិបត្តិការអាជីវកម្មនេះចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ។ ដូច្នេះពួកគេដូចជាក្រុមហ៊ុនមូលបត្រកម្ពុជា (CSX)។ ក្រុមហ៊ុននេះគឺជាប្រតិបត្តិករជួញដូរឧបករណ៍និស្សន្ទ ខណៈដែល CSX គឺជាប្រតិបត្តិករផ្សារហ៊ុន។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងធ្វើការងារជាមួយ CDX លើទីផ្សារការជួញដូរឧបករណ៍និស្សន្ទ ដើម្បីផ្ដល់ចំណេះដឹងកាន់តែប្រសើរដល់វិនិយោគិនសាធារណៈ។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់ទីផ្សារនេះឲ្យកាន់តែមានវិជ្ជាជីវៈ កាន់តែរឹងមាំ និងទទួលស្គាល់ពីដៃគូខាងក្រៅ»។
លោកលើកឡើងថា៖ «យើងឃើញថា ក្រុមហ៊ុន CDX មានបណ្ដាញជាច្រើននៅបរទេស ដូច្នេះពួកគេអាចនាំយកអ្នកទាំងនោះមកវិនិយោគនៅទីនេះ នោះជាមូលហេតុដែលយើងចាំបាច់ត្រូវសហការជាមួយពួកគេ ដើម្បីផ្ដល់ការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិរបស់យើងអំពីទីផ្សារនេះទៅដល់ពួកគេ»។
ឧបករណ៍និស្សន្ទគឺជាមូលបត្រហិរញ្ញវត្ថុជាប់ទាក់ទងនឹងទ្រព្យសកម្មមូលដ្ឋាន។ ទ្រព្យសកម្មទូទៅរួមមាន ការដោះដូរទំនិញ រូបិយប័ណ្ណ ភាគហ៊ុន និងសញ្ញាបណ្ណ។ វិនិយោគិនអាចទិញកិច្ចសន្យា និងចំណូលរបស់ពួកគេត្រូវពឹងផ្អែកលើការប្រែប្រួលនៅលើទីផ្សារនៃទ្រព្យសកម្មទាំងនោះ។
ទិន្នន័យពី SECC បង្ហាញថា ទំហំវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ នៅក្នុងកម្ពុជាបានកើនឡើងពី ៨៤ លានដុល្លារកាលពីឆ្នាំ ២០១៨ ដល់ ២០០ លានដុល្លារ កាលពីឆ្នាំ ២០១៩។ បច្ចុប្បន្នទីផ្សារជួញដូរឧបករណ៍និស្សន្ទមានសមភាគីកណ្ដាលចំនួន ៥ ក្រុមហ៊ុនជើងសាជួញដូរឧបករណ៍និស្សន្ទ ២៧ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ៥ និងក្រុមហ៊ុនធានាទុកទ្រព្យចំនួន ៥។
លោក សុជាតិ បានឲ្យដឹងថា SECC នឹងមិនគ្រាន់តែធ្វើកិច្ចសហប្រតិបត្តិការជាមួយ CDX ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចំហការធ្វើការងារជាមួយប្រតិបត្តិករផ្សេងទៀត ដើម្បីធ្វើឲ្យទីផ្សារនេះកាន់តែមានភាពទាក់ទាញ និងកាន់តែប្រសើរឡើង សម្រាប់សាធារណជនយល់ដឹង និងបង្ការហានិភ័យ៕LA