
លោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី ១៦ វិច្ឆិកា។ Hor Namhong Page
ភ្នំពេញៈ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាលោក ស៊ូ សុជាតិ បានឱ្យដឹងថា រហូតមកដល់ពេលនេះស្ថាប័នលោកមិនទាន់ទទួលបានការបង្ហាញពីចំណាប់អារម្មណ៍ដោយផ្ទាល់ ឬលិខិតផ្លូវការណាមួយពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្តីពីផែនការចង់ចុះបញ្ជីក្នុងផ្សារភាគហ៊ុនកម្ពុជានៅឡើយទេ។
ការបង្ហាញចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងកាលពីថ្ងៃចន្ទនៅក្នុងជំនួបរវាងលោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់លោក ហោ ណាំហុង។
លោក Chen Jiangang កាលពីថ្ងៃចន្ទនិយាយថា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានកំណើនការចូលមកវិនិយោគជាបន្តបន្ទាប់ ដោយទំហំទឹកប្រាក់ទទួលបានពីការនាំចេញ និងនាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះនារយៈពេល ១០ ខែដំបូងឆ្នាំ ២០២០ មានតម្លៃប្រមាណ ១ ៣០០ លានដុល្លារ កើនឡើង ៣១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។
លោកបន្តថា ទន្ទឹមនឹងភាពរីកចម្រើននេះ ក្រុមហ៊ុនក៏មានមហិច្ឆតាបង្កើនសក្តានុពលបន្ថែមទៀត ដោយនឹងខិតខំទាក់ទាញឱ្យក្រុមហ៊ុនកាន់តែច្រើនធ្វើដំណើរមកនៅទីនោះតាមរយៈការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។
លោកថ្លែងថា៖ «ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងរៀបចំឯកសារចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជាក្នុងបំណងបង្កើនភាពទាក់ទាញការវិនិយោគបន្ថែម ជាពិសេសពីតំបន់អឺរ៉ុប និងអាមេរិក»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (SECC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា លោកបានឮ និងឃើញការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលលើកឡើងថា ថ្នាក់ដឹកនាំក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ប៉ុន្តែសម្រាប់ SECC មកដល់ពេលនេះនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ ឬឯកសារផ្លូវការពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសនេះទេ។ លោកបន្ថែមថា SECC ស្វាគមន៍រាល់ក្រុមហ៊ុនដែលចង់មកចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងមិនទាន់បានទទួលឯកសារផ្លូវការណាមួយទេ។ យើងស្វាគមន៍បើក្រុមហ៊ុនមានបំណងចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា ដោយគ្រាន់តែក្រុមហ៊ុនត្រូវរៀបចំឯកសារឱ្យស្របតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន»។
បើយោងតាមលោក សុជាតិ បច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើនបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា។
លោក ហោ ណាំហុង បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅចំទីតាំងល្អបំផុត ព្រោះនៅជិតកំពង់ផែក្រុងព្រះសីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ខណៈខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់របស់កម្ពុជា។
លោកបន្ថែមថា តាមការព្យាករតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មជាមួយចិនឱ្យបាន ១០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសផ្សេងៗទៀតបានកាន់តែច្រើន។
លោកនិយាយថា៖ «ខ្ញុំសូមគាំទ្រចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានបំណងចង់ចូលទីផ្សារភាគហ៊ុនកម្ពុជា ដែលនឹងជួយធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយនេះ កាន់តែមានការអភិវឌ្ឍខ្លាំងនាពេលខាងមុខឆាប់ៗ។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុនវិនិយោគសរុប ១៦៥ ក្រុមហ៊ុនដោយបង្កើតការងារបាន ៣០ ០០០ កន្លែង។ នេះបើយោងតាមលោក Chen Jiangang។
លោកប្រាប់ទៀតថា បន្ទាប់ពីចុះបញ្ជីក្នុងផ្សារភាគហ៊ុនកម្ពុជាតំបន់សេដ្ឋកិច្ចពិសេសនេះក៏មានផែនការនឹងបន្តរៀបចំចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅក្រុងហុងកុងថែមទៀត៕ LA