ភ្នំពេញ: ក្រុមហ៊ុន Gold Whale Co.,Ltd បានប្រកាស​ដាក់​ដំណើរការ​អាជីវកម្ម «​គ្រប់គ្រង​មូលនិធិ​» របស់​ខ្លួន​ដែល​ធ្វើឲ្យ​វា​ក្លាយជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ទី​ ៤ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC)​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ និង​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ​បាន​ថ្លែងថា ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ចំនួន​ ៣ រួមមាន​អាជីវកម្ម​បង្កើត គ្រប់គ្រង និង​ចាត់ចែង​មូលនិធិ​សាធារណៈ អាជីវកម្ម​បង្កើត គ្រប់គ្រង មូលនិធិ​ឯកជន និង​អាជីវកម្ម​បង្កើត គ្រប់គ្រង និង​ចាត់ចែង​មូលនិធិ​សាធារណៈ និង​ឯកជន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​មាន​សិទ្ធិប្រមូល​ប្រាក់​ពី​សាធារណជន​មក​វិនិយោគ​លើ​គម្រោង​ណាមួយ ហើយ​រាល់​គម្រោង​របស់​ក្រុមហ៊ុន​ត្រូវ​ទទួល​បាន​ការចុះបញ្ជី​នៅ SECC ជាមុន​សិន​»​។

តាម​លោក ស៊ូ សុជាតិ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​គឺ​សំដៅ​ដល់​អាជីវកម្ម​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី SECC ក្នុង​ការរៀបចំ​គម្រោង​វិនិយោគ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា គម្រោង​វិនិយោគ​រួម​ដែល​មាន​ការចូលរួម​ពី​សាធារណជន​តាមរយៈ​ការដាក់​សាច់ប្រាក់​ចូល​ទៅក្នុង​គម្រោង​នេះ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ត្រឡប់​មក​វិញ​។

លោក Jones Kam-Fung Chan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Gold Whale Co.,Ltd បាន​ថ្លែង​ថា អាជីវកម្ម​គ្រប់គ្រង​មូលនិធិ​នឹង​ផ្តោតលើ​ការវិនិយោគ និង​បង្កើត​ប្រាក់​ចំណេញ​សម្រាប់​អ្នក​វិនិយោគ​។

លោក​ថ្លែង​ថា​៖ «​យើង​ផ្តោត​លើ​ការវិនិយោគ​ដែល​ផ្តល់ប្រាក់​ចំណេញ​ដល់​អ្នកចូលរួម​គម្រោង​តាមរយៈ​ការរៀបចំ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ការគ្រប់គ្រង​វិនិយោគ ការគ្រប់គ្រង​ផលបត្រ ការអភិវឌ្ឍ​ផលិតផល ការិយាល័យ​កណ្តាល និង​ការគ្រប់គ្រង​ហានិភ័យ​ជាដើម​»​។

បើ​តាម​លោក Jones ក្រោយពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី SECC ក្រុមហ៊ុន​បាន​ចាប់​អារម្មណ៍​លើ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​សក្តានុពល និង​ភាព​អនុ​គ្រោះ​សម្រាប់​ក្រុមហ៊ុន​របស់​លោក​ក្នុង​ការជួយ​ទាក់ទាញ វិនិយោគិន​បរទេស​កាន់តែ​ច្រើន​មក​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​អាជីវកម្ម​ក្រុមហ៊ុន​របស់​យើង​នឹង​ផ្តល់​ទ្រព្យសម្បត្តិ​ដ៏អស្ចារ្យ​សម្រាប់​វិនិយោគិន ដើម្បី​ចាក់ឫស​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​»​។

បើ​តាម​លោក សុជាតិ មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន ៤ ហើយ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ខណៈ​ក្រុមហ៊ុន​ ២ ​ទៀត​កំពុង​ដាក់ពាក្យ​ស្នើសុំ​៕ LA