ភ្នំពេញ: គណៈកម្មការមូលបត្រកម្ពុជា (SECC) បានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ២ បន្ថែមទៀតដែលការសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចរបស់ SECC កាលពីថ្ងៃអង្គារ។ នេះបើតាមចេញក្តីប្រកាសព័ត៌មាន។
ចេញក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនទាំង ២ នេះរួមមានក្រុមហ៊ុន Fund Management Plc. និងក្រុមហ៊ុន PLMP Venture Capital Co., Ltd។ ការផ្តល់អាជ្ញាប័ណ្ណ ២ បន្ថែមទៀតនេះបានធ្វើឲ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិកើនដល់ ៧ គិតមកត្រឹមខែកុម្ភៈនេះ។
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិគឺសំដៅដល់អាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណពី SECC ក្នុងការរៀបចំគម្រោងវិនិយោគដែលគេឲ្យឈ្មោះថា គម្រោងវិនិយោគរួមដែលមានការចូលរួមពីសាធារណជនតាមរយៈការដាក់សាច់ប្រាក់ចូលទៅក្នុងគម្រោងនេះ ដើម្បីទទួលបានផលប្រយោជន៍ត្រឡប់មកវិញ។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថាបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិទាំង ២ នេះមានសិទ្ធិប្រមូលប្រាក់ពីសាធារណជនមកវិនិយោគនៅកម្ពុជាដែលរាល់គម្រោងរបស់ក្រុមហ៊ុនត្រូវទទួលបានការចុះបញ្ជីនៅ SECC ជាមុនសិន។
លោកថ្លែងថា៖ «ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនមូលនិធិបន្ថែមទៀតនេះ វាជាសញ្ញាល្អមួយដែលបង្ហាញពីភាពជឿនលឿន និងរឹងមាំនៃការវិនិយោគលើវិស័យនេះ»។
លោកបន្ថែមថា បច្ចុប្បន្ន SECC កំពុងធ្វើការពិនិត្យមើលលើគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលបានដាក់សំណើមក SECC។ លោកបន្តថា៖ «ពួកគេបានដាក់សំណើគម្រោងវិនិយោគមួយចំនួនឲ្យយើងពិនិត្យមើលដែលគម្រោងទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលផ្តល់យោបល់ផ្នែកច្បាប់»។ លោកបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌអាជ្ញាប័ណ្ណនេះ ពួកគេអាចធ្វើសកម្មភាពមូលនិធិវិនិយោគសាធារណៈ មូលនិធិឯកជន និងមូលនិធិអចលនទ្រព្យ»។
ទន្ទឹមនឹងនេះ SECC បានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសចំនួន ៣ ផងដែរ។
គិតត្រឹមឆ្នាំ ២០១៩ មានការកើនឡើងយ៉ាងខ្លាំងនៃអ្នកចូលរួមក្នុងទីផ្សារនេះ រួមមានសមភាគីកណ្តាលចំនួន ៥ ក្រុមហ៊ុនសម្រាប់ទីផ្សារឧបករណ៍និស្សន្ទ ក្រុមហ៊ុនជើងសារឧបករណ៍និស្សន្ទ ២៧ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ៧ និងក្រុមហ៊ុនធានាទុកទ្រព្យ ៨ ដែលផ្តល់អាជ្ញាប័ណ្ណរួចហើយដោយ SECC៕