ភ្នំពេញៈ ក្រុមហ៊ុន​មូលធន និង​អ្នកគ្រប់គ្រង​មូលនិធិ OBOR Management កាលពី​ថ្ងៃ​ ៣១ ​ខែ​សីហា​បាន​ទទួល​អាជ្ញាប័ណ្ណ​អនុញ្ញាត​ជា​ផ្លូវការ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) នឹង​ដើរតួ​ជា​ប្រភព​មូលនិធិ​ថ្មី​មួយទៀត​សម្រាប់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ​របស់​ប្រទេស​កម្ពុជា​។

SECC ចាប់ផ្ដើម​ចេញ​អាជ្ញាប័ណ្ណ​គ្រប់គ្រង​មូលនិធិ​នេះ​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨ ដែល​អនុញ្ញាត​ឲ្យ​រូបវន្ត បុគ្គល​ ឬ​អង្គភាព​នានា អាចដាក់​ពាក្យសុំ​ដើម្បី​ដើរតួ​ជា​អ្នកគ្រប់គ្រង​មូលនិធិ​ក្នុង​គម្រោង​នៃ​ការវិនិយោគ​រួម​ (CISs) ដែលមាន​ន័យថា​មាន​តែ​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បង្កើន​មូលនិធិ ហើយ​អាច​ប្រើប្រាស់​មូលនិធិ​នេះ​ក្នុង​ការវិនិយោគ​ក្នុង​នាម​ជា​បុគ្គល​។

លោក Christophe Forsinetti ប្រធាន​ក្រុមហ៊ុន OBOR Management បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​កំពុង​វិនិយោគ​លើ​ក្រុមហ៊ុន​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ដ្រ​វិនិយោគ​របស់​យើង​នឹង​កាន់តែ​រីកចម្រើន​បន្ថែមទៀត​នៅក្នុង​បរិបទ​ដែល​មាន​បទប្បញ្ញត្តិ​រឹងមាំ​មួយ​ក៏ដូចជា​បទពិសោធន៍​របស់​ក្រុម​គ្រប់គ្រង​របស់​យើង​នៅលើ​ទីផ្សារ​ជុំវិញ​ពិភពលោក​»​។

លោក​លើកឡើង​ថា​៖ «​អាជ្ញាប័ណ្ណ​នេះ​នឹង​ផ្ដល់​នូវ​ភាពជឿ​ទុកចិត្ត​ដល់​វិនិយោគិន និង​អាច​ឲ្យ​ពួកយើង​អាច​ប្រមូលផ្ដុំ​ការវិនិយោគ​សំខាន់ៗ​កាន់តែ​ច្រើនឡើងៗ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) របស់​ប្រទេស​កម្ពុជា​។ លើសពី​នេះ​ទៀត មធ្យោបាយ​វិនិយោគទុន​បាន​អនុញ្ញាត​ក្រោម​អាជ្ញាប័ណ្ណ​នេះដែរ​នឹង​ពង្រីក​យុទ្ធសាស្ដ្រ​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​, អាជីវកម្ម Startup ពី​ប្រាក់កម្ចី​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ (MFIs) ខណៈដែល​មាន​ការអនុញ្ញាត​ឱ្យ​អ្នកវិនិយោគទុន​ក្នុង​ប្រទេស​ធ្វើការ​វិនិយោគ​ភាគហ៊ុន​របស់ខ្លួន​ទៅក្នុង​ប្រភេទ​ទ្រព្យ​ថ្មី​ដែល​ពីមុន​បានកំណត់​ចំពោះ​ការទិញ​អចលនទ្រព្យ និង​ប្រាក់​បញ្ញើ​ពី​ធនាគារ​។ យើង​កំពុង​ទន្ទឹង​រង់ចាំ​នូវ​ការបើក​បង្កើត​មូលនិធិ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​លើកដំបូង​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា (Cambodian SME Fund)” ។

លោក ស៊ូសុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​រាល់​ការស្នើសុំ​ទាំងអស់​ត្រូវបាន​ពិនិត្យពិច័យ​ដោយ​យកចិត្ត​ទុកដាក់ និង​ត្រូវ​បង្ហាញ​នូវ​សំណៅ​ឯកសារ​ដើម​នៃ​ដើមទុន​សុទ្ធ ភាពរឹងមាំ​នៃ​ធនធាន​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​បែប​ឌីជីថល​គួរ​ទុកចិត្តបាន ឆន្ទៈ​នៃ​តម្លាភាព និង​កំណត់ត្រា​អាជីវកម្ម​ទៅរក​ប្រាក់ចំណេញ​កាន់តែ​ច្រើនឡើង ព្រមទាំង​មាន​និរន្តរភាព​កាន់តែ​ខ្លាំង​ឡើង​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​ការប្រសើរ​ណាស់​ដែលមាន​ក្រុមហ៊ុន​ជាច្រើន​បាន​កំពុងធ្វើការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​នូវ​ភាពរឹងមាំ​មួយ​ក្នុង​បរិបទ​នៃ​បទប្បញ្ញត្ដិ​សម្រាប់​សហគ្រិន និង​ក្រុមហ៊ុន​កម្ពុជា​ទាំងអស់​»​។

កាលពី​ឆ្នាំមុន SECC បាន​ព្រមាន​ជា​សាធារណៈ​ទាក់ទិន​នឹង​គម្រោង​ការវិនិយោគ​រួម​ដែល​សន្យាថា​នឹង​ផ្តល់​ភាគលាភ​ខ្ពស់ ប៉ុន្តែ​មិនបាន​ទទួល​ការយល់ព្រម​ណាមួយ​ពី​និយតករ​ឡើយ ហើយ SECC អំពាវនាវ​ឲ្យ​ជនរងគ្រោះ​ដោយសារ​ផែនការ​នេះ ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​។

តាម​លោក សុជាតិ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ប្រតិបត្តិការ​ក្រោម​ច្បាប់ និង​ត្រូវបាន​គ្រប់គ្រង​ដោយ SECC​។

លោក សុជាតិ បញ្ជាក់​ថា​៖ «​អ្នក​ដែលមាន​ប្រាក់​ច្រើន​មួយចំនួន ហើយ​មិនដឹង​របៀប​ក្នុង​ការវិនិយោគ ខ្ញុំ​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​ប្រើប្រាស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នេះ​»៕LA