The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ

Content image - Phnom Penh Post
ស្លាក​សញ្ញា​របស់​ផ្សារ​មូលបត្រ​កម្ពុជា (CSX)។ គេ​រំពឹង​ថាSME នឹង​អាច​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ឆាប់ៗ។ ហេង ជីវ័ន

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ

ភ្នំពេញៈ គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) នៅ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME) នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​ពង្រឹង​គំនិត​អាជីវកម្ម និង​ការ​រៀបចំ​អភិបាលកិច្ច​អាជីវកម្ម ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​បើក​ផ្លូវ​ឲ្យ​មាន SME អាច​ឡើង​ផ្សារ​ហ៊ុន​នៅ​ឆ្នាំ​ក្រោយ​។

លោក ស៊ូ សុជាតិ ប្រធាន SECC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា «​កម្មវិធី​ល្អ​ឥត​ខ្ចោះ​» មាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​អ្នក​ចូលរួម​ដោយ​ណែនាំ​ស្ដីពី​ការ​បង្កើត​ក្រុមហ៊ុន​ស្ដង់ដារ ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ និង​ការ​ទទួល​ហិរញ្ញប្បទាន​ដែល​រួម​ចំណែក​ដល់​កំណើន​អាជីវកម្ម​។

លោក​ថ្លែង​ថា​៖ «​កម្មវិធី​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​សមត្ថភាព SME យើង​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​ស្រប​តាម​ស្តង់ដារ​បោះផ្សាយ​[​លក់​មូល​បត្រ​]»​។

លោក​បន្ថែម​ថា​៖«​យើង​មាន​សុទិដ្ឋិ​និយម​ថា យ៉ាង​ហោច​ណាស់​នឹង​មាន​ក្រុមហ៊ុន [SME] បី​ទៅ​បួន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​ផ្នែក​ទីផ្សារ​កំណើន​របស់​យើង​នៅ​ឆ្នាំ ២០១៨»​។

កម្មវិធី​នេះ​មាន​គោល​ដៅ​កសាង​សមត្ថភាព SME នៅ​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​មូល​បត្រ​កម្ពុជា និង​ដៃគូ​សហការ​ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​បត្រ​ជាច្រើន​រួម​មាន​ក្រុមហ៊ុន​ឈ្មួញ​ជើង​សា ក្រុមហ៊ុន​សវនកម្ម ក្រុមហ៊ុន​គណនេយ្យ​ជាដើម​។

លោក សេង ចាន់​ធឿន ប្រធាន​ហិរញ្ញប្បទាន​ក្រុមហ៊ុន​នៅ SBI Royal Securities បាន​ឲ្យ​ដឹងថា វា​ជា​គំនិត​ផ្ដួច​ផ្ដើម​ដ៏​អស្ចារ្យ​ពី SECC ខណៈ​សង្ឃឹម​ថា SME នឹង​អាច​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង និង​កសាង​គុណ​វឌ្ឍិ​សម្រាប់​លក្ខខណ្ឌ​ចុះ​បញ្ជី​។

លោក​ថ្លែង​ថា​៖ «​បើ​គ្មាន​កម្មវិធី​ល្អ​ឥត​ខ្ចោះ​នេះ ម្ចាស់​SME នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​ចុះ​បញ្ជី ហើយ​ទោះបីជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​បត្រ​ក៏​នឹង​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ក្រុម​ហ៊ុន​ផង​ដែរ​»​។

CSX បាន​បង្កើត «​ទីផ្សារ​កំណើន​» កាលពី​ចុង​ឆ្នាំ​២០១៥ ដើម្បី​ទាក់ទាញ SME ឲ្យ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​។

យោង​តាម​បទ​ប្បញ្ញត្តិ SECC ក្រុមហ៊ុន​ជាច្រើន​ត្រូវ​តម្រូវ​ឲ្យ​មាន​ទុន​អប្បបរមា ៥០​ម៉ឺន​ដុល្លារ​ក្នុង​ប្រតិបត្តិការ​ដើម្បី​ចុះ​បញ្ជី​លើ​ទីផ្សារ​កំណើន ធៀប​នឹង​៧,៥​លាន​ដុល្លារ​សម្រាប់​ទីផ្សារ​គោល​ជាទី​ផ្សារ​សម្រាប់​ក្រុមហ៊ុន​ធំៗ និង​តម្រូវ​ឲ្យ​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ធ្វើ​សវនកម្ម​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​ធំៗ​ត្រូវ​បង្ហាញ​២​ឆ្នាំ​។

លោក​ល្មុន សូឡី ប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​(CSX) បាន​ឲ្យ​ដឹង​ថា SME មាន​ការ​ពិបាក​ច្រើន​ជាង ក្រុមហ៊ុន​ធំៗ ក្នុង​ការ​ចុះ​បញ្ជី​ដោយ​សារ​តែ​ពួកគេ​ខ្វះ​បុគ្គលិក​លក្ខណៈ​គ្រប់គ្រាន់ អភិបាលកិច្ច​ក្រុមហ៊ុន ហិរញ្ញប្បទាន និង​ដំណើរ​ការ​ផ្ទៃក្នុង​ដោយ​រលូន​។

លោក​បន្ត​ថា​៖ «​ដូច្នេះ កម្មវិធី​នេះ​នឹង​ជួយ​ដល់​ពួក​គេ​ទាក់ទង​នឹង​ការ​ប្រឹក្សា​យោបល់ និង​ការ​ណែនាំ​ដោយ​ការ​បង្ហាញ​មធ្យោបាយ​កាន់តែ​ត្រឹមត្រូវ​និង​កាន់​តែ​ខ្លី​ជាមួយ​នឹង​ការ​ចំណាយ​កាន់​តែ​តិច​។

លោក តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) បាន​ឲ្យ​ដឹង​ថា កម្មវិធី​បណ្តុះ​បណ្តាល​របស់ SECC នឹង​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់ SME កម្ពុជា ខណៈ​កន្លង​មក​កង្វះ​ដើម​ទុន​គឺជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​របស់ SME​។

​លោក​បាន​ថ្លែង​ថា​៖ «​មាន SME ជាច្រើន​ចង់​ឡើង​ផ្សារ​ហ៊ុន​ដើម្បី​ទទួល​បាន​ទុន​ពង្រីក​ការ​វិនិយោគ តែ​យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការ​សម្រេច​បំណង​នេះ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​រំពឹង​ថា កម្មវិធី​ថ្មី​នេះ​ជួយ​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។