ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង​រដ្ឋាភិបាល​អូស្ដ្រាលី​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​បច្ចេកទេស​ស្ដីពី​ការ​កៀរគរ​មូលនិធិ​ក្នុងស្រុក តាមរយៈ​ទីផ្សារ​មូលបត្រ​សម្រាប់​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អង្គការ​«3i»​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​ SECC និង 3i ដែលជា​អង្គការ​វិនិយោគ​លើ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​មាន​វិស្វករ និង​អ្នកជំនាញ​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ Palladium Group ក្នុងនាម​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ដ្រាលី​នៅ​ SECC ក្រោម​អធិបតីភាព​របស់​លោក ស៊ូ សុជាតិ អគ្គនាយក​ SECC និង​លោក Pablo KANG ឯកអគ្គរាជទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ 3i​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​យន្តការ​កិច្ចសហប្រតិបត្តិការ​ច្បាស់លាស់​រវាង​អង្គការ 3i និង​ SECC ​លើ​ការផ្ដល់​យោបល់​ផ្នែក​គោលនយោបាយ​បទប្បញ្ញត្តិ និង​វិធានការ​ផ្សេងៗ​ដែលមាន​លក្ខណៈ​ចាំបាច់​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បំណុល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​ការផ្ដល់​ប្រឹក្សា​ក្នុង​ទម្រង់​កិច្ច​ពិគ្រោះ​យោបល់​ទីផ្សារ និង​ការផ្សព្វផ្សាយ​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​ផ្លែផ្កា​ក្នុង​គោលដៅ​ចូលរួម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​កៀរគរ​មូលនិធិ​វិស័យ​ឯកជន​ក្នុងស្រុក​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ទីផ្សារ​មូលធន​ក្នុង​ស្រុក​ប្រកប​ដោយ​ប្រសិទ្ធភាព​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ធ្វើ​ពិពិធកម្ម​ប្រភព​មូលធន​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ហើយក៏​សម្រួល​ឱ្យ​កម្ពុជា​មានលទ្ធភាព​បត់បែន​បាន​ងាយស្រួល​ក្នុង​ការឆ្លើយតប​នឹង​កិច្ចប្រឹងប្រែង​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ពី​ការប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩​។

លោក Kang បាន​ថ្លែងថា​៖ «​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ SECC និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​សម្រួល​ដល់​ការបង្កើត​លក្ខខណ្ឌ សម្រាប់​ទីផ្សារ​មូលធន​រយៈពេល​វែង​មួយ​ប្រកប​ដោយ​ភាពរស់រវើក ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​»​។

តាមរយៈ​កញ្ចប់​ថវិកា​ ៥០ ​លាន​ដុល្លារ​អូស្ដ្រាលី ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កម្ពុជា កម្មវិធី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ (3i) គម្រោង​នេះ​ជាប់ទាក់ទង​នឹង​រដ្ឋាភិបាល​អូស្រា្ដលី​ធ្វើ​ការងារ​ជា​ដៃគូ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា ពង្រឹង​ការកៀរគរ​មូលធន​ក្នុងស្រុក​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក Kang លើកឡើង​​ថា​៖ «​អូស្ត្រាលី​ប្ដេជ្ញា​ជួយ​កម្ពុជា​ក្នុង​ដំណើរ​ពិពិធកម្ម​ប្រភព​មូលធន​ក្នុងស្រុក​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​យើង​ជឿជាក់ថា ដំណើរ​ពិពិធកម្ម​នេះ​មាន​សារៈសំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍ​មួយ​ដែល​ធន់ និង​គិតគូរ​ដល់​ផលប្រយោជន៍​ប្រជាជន​គ្រប់ៗ​គ្នា​»​។

លោក​បន្តថា​៖ «​វា​ពិតជា​មាន​សារៈសំខាន់​ជាពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ស្ដារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ពី​ផលប៉ះពាល់​របស់​ជំងឺ​កូវីដ​ ១៩​។ ខ្ញុំ​ទន្ទឹង​រង់ចាំ​មើល​សក្ដានុពល​នៃ​ទីផ្សារ​មូលធន​ក្នុងស្រុក​របស់​កម្ពុជា​ចេញ​ផ្លែផ្កា​»៕LA