
លោក ស៊ូ សុជាតិ (ស្តាំ) អគ្គនាយក SECC ចុះ MoU កាលពីថ្ងៃចន្ទ។ សហការី
ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន High-Tek Financial (Cambodia) Co., Ltd. ដើម្បីជំរុញឲ្យផ្សារមូលបត្រកម្ពុជាកាន់តែមានសកម្មភាពខ្លាំងបន្ថែមទៀត។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា អនុស្សរណៈស្ដីពី «ការពិគ្រោះយោបល់ និងការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា» នេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទរវាងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាជាមួយនឹងលោក Wei Hsiao-Chin ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន High-Tek Financial (Cambodia) Co., Ltd. ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា។
លោកបន្តថា អនុស្សរណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឲ្យកាន់តែមានសកម្មភាព និងមានសណ្តាប់ធ្នាប់ល្អព្រមទាំងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈលើទីផ្សារមូលបត្រកម្ពុជា និងផលិតផលហិរញ្ញវត្ថុដែលទីផ្សារមានក្នុងទិសដៅកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តបន្ថែមទៀតក្នុងទីផ្សារ។ លោកថ្លែងថា៖ «MoU នេះនឹងរួមចំណែកបន្ថែមទៅលើការអភិវឌ្ឍទីផ្សារមូលបត្រលើផ្នែកធនធានមនុស្ស និងផ្តល់បទពិសោធថ្មីពីការវិវឌ្ឍទីផ្សារមូលបត្រផងដែរ»។
លោកបន្ថែមថា កន្លងមកគណៈកម្មការមូលបត្រកម្ពុជាបានចុះ MoU ជាមួយគណៈកម្មការមូលបត្រថៃ ចិន និងវៀតណាមព្រមទាំងចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការមូលបត្រកម្ពុជាជាមួយប្រតិបត្តិករទីផ្សារ និងក្រុមហ៊ុនមួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទីផ្សារមូលបត្រនៅកម្ពុជាផងដែរ។
លោកបន្តថា៖ «ក្រុមហ៊ុនចូលរួមក្នុងដំណើរកសាងសមត្ថភាពដល់មន្ត្រីគណៈកម្មការមូលបត្រកម្ពុជា ហើយក្រុមហ៊ុននឹងចូលរួមអនុវត្តជាក់ស្តែងក្នុងការចូលរួមអភិវឌ្ឍទីផ្សារមូលបត្រក្នុងផ្នែកណាមួយទាក់ទងនឹងផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងបទប្បញ្ញត្តិថ្មីជាដើម»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SECC បានឯកភាពយល់ព្រមទទួលសំណើរបស់ក្រុមហ៊ុននេះក្នុងការចាត់តាំងបុគ្គល ២ រូបជាទីប្រឹក្សាជាន់ខ្ពស់ដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យមូលបត្រគឺ លោក Wei Hsiao-Chin ប្រធានក្រុមប្រឹក្សាភិបាល និងលោក Chang Chung Kai អ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ៕LA