ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) កាលពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​មួយ​តម្រូវ​ឲ្យ​វិនិយោគិន​ក្នុង​វិស័យ​មូលបត្រ​ដែល​បាន​កែប្រែ​ព័ត៌មាន​ពី​ពាក្យ​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​របស់​ពួគគេ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នោះ​ទៅ​កាន់ SECC ដើម្បី​បញ្ចៀស​ការលុបចោល​លេខ​​អត្តសញ្ញាណ​។

SECC បាន​ទុក​ពេល​បី​ខែ​ចាប់​ថ្ងៃ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​សម្រាប់​វិនិយោគិន​ធ្វើការ​ដាក់​ពាក្យ​ស្នើសុំ​កែប្រែ​ព័ត៌មាន​។ សេចក្តី​ជូន​ដំណឹង​របស់ SECC បាន​បញ្ជាក់​ថា​៖ «​វិនិយោគិន​ដែល​មិន​អនុវត្ត​តាម​ការកំណត់​នេះ SECC នឹង​ពិនិត្យ​លទ្ធភាព​ធ្វើការ​លុបចោល​លេខ​អត្តសញ្ញាណ​វិនិយោគិន​ក្នុង​អំឡុងពេល​ ៣ ​ខែ​បន្ទាប់ [​ពី​ចេញ​សេចក្តី​ជូនដំណឹង​]»​។

រាល់​ការជួញដូរ​មូលបត្រ​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​មិន​ថា វិនិយោគិន​ជា​រូបវន្តបុគ្គល និង​នីតិបុគ្គល​អាច​ធ្វើការ​ជួញដូរ​បាន​ដោយ​ការបើក​លេខ​អត្តសញ្ញាណ​វិនិយោគិន​ជា​មុនសិន​មុន​នឹង​អាច​បើក​គណនី​ជួញដូរ​បាន​។ ​លេខ​អត្តសញ្ញាណ​វិនិយោគិន​អាច​បើក​បាន​តាមរយៈ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ក៏បាន ឬ ក៏​ទៅ SECC ផ្ទាល់​។

សន្ទស្សន៍​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បាន​ធ្លាក់​ចុះ​បន្តិច​គឺ​ធ្លាក់ចុះ​ ០,៥៥ ​ភាគរយ​ពី​ការបិទ​ការជួញដូរ​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​ធ្លាក់​ពី​ចំនួន ៥៨៧,០៨ ពិន្ទុ​មក​ត្រឹម ៥៨៣,៨៥ ពិន្ទុ​។ ភាគហ៊ុន​របស់​​ក្រុមហ៊ុន​ចំនួន​ ៤ ដែល​ជួញដូរ​ក្នុង​ផ្សារហ៊ុន​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ម្សិលមិញ និង​មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​រក្សា​បាន​ស្ថិរភាព​។ បរិមាណ​ជួញដូរ​ភាគហ៊ុន​សរុប​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​ចំនួន ១ ៩៣៧ ​ហ៊ុន​។

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ភាគច្រើន​សុទ្ធ​តែ​បង្ហាញ​ពី​កំណើន​នៅក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៨ ដែល​បង្ហាញ​ពី​កំណើន​ប្រតិបត្តិការ​ល្អ​របស់​ក្រុមហ៊ុន​ទាំងនោះ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​​ផ្សារហ៊ុន​កាលពី​សប្តាហ៍​មុន​៕