ភ្នំពេញៈ ​ខណៈ​របាយ​ការណ៍​​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​​ប្រាក់​ចំណូល​​ប្រចាំ​​របស់​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ SEZ ​Plc ​group ចាប់​តាំង​ពី​ឆ្នាំ​ ២០១​៤ ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន​នេះ​បាន​ជំរុញ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​​ថ្ងៃ​សុក្រ​នេះ​ថា ​ឆ្នាំ​ខាង​មុខ​នេះក្រុម​ហ៊ុន​​នឹង​មើល​ឃើញ​ការ​ធ្វើ​ពិ​ពិធ​កម្ម​កាន់​តែ​​ច្រើន​លើ​​ប្រ​ភព​ប្រាក់​ចំណូល​ដែល​នឹង​នាំ​ទៅ​រក​ការ​បង្កើន​ប្រាក់​ចំណេញ​។

​ក្រុម​ហ៊ុន​ SEZ ​Plc​ group ​ពឹង​ផ្អែក​ជា​យូរ​មក​ហើយ​លើ​ការ​លក់​ដី​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ ​(PPSEZ)​ ​។

​ក្រុម​ហ៊ុន​មាន​បំណង​ទាក់​ទាញ​ប្រ​ភព​ប្រាក់​ចំណេញ​ជំនួស​នៅ​ពេល​អនា​គត​ ជា​មួយ​នឹង​គោល​បំណង​នៃ​ការ​បង្កើន​ចរន្ត​ប្រាក់​ចំណូល​ដល់​៥០​ភាគ​រយ​នៃ​ប្រាក់​ចំណូ​លស​រុប​របស់​ខ្លួន​ត្រឹម​ឆ្នាំ​ ២០២០​។

លោក ​Fong Nee Wei ​ប្រធាន​ផ្នែក​ហិ​រ​ញ្ញវត្ថុ​របស់​​ក្រុម​ហ៊ុន​បាន​ប្រាប់​ភាគ​ទុនិក​ថា ក្រុម​ហ៊ុន​បានជួប​ការ​ពិបាក​រហូត​ដល់​ឆមាស​ទី១ ​ឆ្នាំ​ ២០១៧ ​ប៉ុន្តែ​ដោយ​សារ​តែ​ការ​លក់​ដី​ធំៗ​ពីរ​នៅ​ក្នុង​ PPSEZ ​របស់​ខ្លួន​ ទី ១​ លក់​​ឲ្យ​​ក្រុម​ហ៊ុន​កោះ​តៃវ៉ាន់ ​Asia​ Nutrition ​Technologies​ និង​ទី២​លក់​ឲ្យ​​ក្រុម​ហ៊ុន​ថៃ​ TOA Paint ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​អាច​សម្រេច​បាន​តាម​ទិសដៅ​កំណត់​របស់​ខ្លួន​សម្រាប់​ការ​លក់ដី​កាល​ពី​ឆ្នាំ​ ២០១​៧​។

លោក​ថ្លែងថា​​៖ «​អ្វីដែល​សំខាន់​គឺ​លទ្ធ​​ផល​ដ៏​សំខាន់​ ដែល​ថា ​យើង​អាច​រក្សា​បាន​ភាគ​ច្រើន​នៃ​ប្រាក់​ចំណូល​របស់​​យើង​ពេញ​មួយ​ឆ្នាំ​ ២០១៧​»។

លោក​បន្តថា​៖​ «​ប៉ុន្តែ​យើង​ត្រូវការ​បង្កើន​ប្រាក់​​ចំណូល​បាន​ពី​ការ​ជួល​ និង​សេវា​​​ប្រើ​ប្រាស់​ដូច​ជា​ ទឹក​ អគ្គិសនី ​និង​ការ​ចម្រោះ​ទឹក​ស្អាត​ ដើ​ម្បី​ប៉ះប៉ូវ​ការ​លក់​ដីរបស់​យើង​នៅពេល​​អនា​គត​ ហើយ​​យើង​កំពុង​បន្ត​ការ​ងារ​នេះ​សម្រាប់​ឆ្នាំ​ ២០១​៨​»​។​

ប្រាក់​ចំណូល​​រួម​របស់​​ក្រុម​ហ៊ុន​ SEZ Plc group ​បាន​ធ្លាក់​ចុះ​ជារៀង​រាល់​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ នៅ​ពេល​ក្រុម​ហ៊ុន​បាន​បង្ហាញ​ប្រាក់​ចំណូល​ជាង ​២០ ​លាន​ដុល្លារ​។

ចំនួន​នោះ​បាន​ធ្លាក់​ចុះ​​មក​នៅត្រឹម​ ១៦,​៤​ លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០១៥ ​និង​មក​នៅ​ត្រឹម​ ៩,២​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៦ ​និង​មក​នៅ​ត្រឹម​ ៨,៨ លាន​ដុល្លារ​កាល​ពីឆ្នាំ​ ២០១​៧​។​

ខណៈ​ប្រាក់​​ចំណូល​បាន​បន្ត​ធ្លាក់​ចុះ ​ប្រាក់​ចំណេញ​បាន​កើន​ឡើង​​កាល​ពី​ឆ្នាំ ​២០១​៧​ ប្រហែល ​១៦ ​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០១៦ ​ដែល​ការ​កើន​ឡើង​នេះ​ត្រូវ​បាន​សន្មត​ដោយ​សារ​កំណើន «​ប្រាក់​ចំណេញ​ផ្សេង​ទៀត​» ប៉ុណ្ណោះ​​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ហិរ​ញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​។​

លោក Hiroshi ​Uematsu ​អគ្គនាយក​​ក្រុម​ហ៊ុន​ PPSEZ ​បាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​មា​ន​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​​ដែល​នឹង​ចុះ​ហត្ថ​លេខា​ក្នុង​ឆ្នាំ​ ២០១​៨។

​ក្រុម​ហ៊ុនថាម​ពល​មួយ ​ត្រូវបាន​រំពឹង​ថា ​នឹងចុះ​​ហត្ថ​លេខា​ជា​មួយ PPSEZ ​នៅ​ខែ​ក្រោយ​ ខណៈ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​នឹង​​ចុះហត្ថលេខា​ជួល​​លើ​ដី​ទំហំ ៦,​៤ ហិកតា​​នៅ​ក្នុង​ PPSEZ នៅ​​ខែ​មិថុនា​ខាង​មុខ​នេះ​៕