ភ្នំពេញ: មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី Singapore Medical Center (SGMC) នឹង​បើក​ដំណើរការ​លើក​ដំបូង​ក្នុងប្រទេស​កម្ពុជា​ចុងខែ​កញ្ញា​នេះ​ក្រោម​ការវិនិយោគ​ទឹកប្រាក់​ជាង​ ៨​ ​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ​។

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ដែល​ត្រូវបាន​អះអាងថា នឹង​បំពាក់​ដោយ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ទំនើប និង​យកតាម​ស្តង់ដា​សិង្ហបុរី​នឹង​ចាប់ផ្តើម​ផ្តល់​សេវា​នៅ​កម្ពុជា​ដំបូង​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា​នេះ​។ នេះ​បើតាម​នាយក​គ្រប់គ្រង SGMC កាលពី​ថ្ងៃ​ម្សិលមិញ​។

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​ទន្លេបាសាក់ អគារ The Bridge ជាន់​ទី​ ៣ ដែលមាន​ទំហំ​ ១ ៤០០ ​ម៉ែត្រការ៉េ​។

លោក Anthony Jude Tan នាយកប្រតិបត្តិ Dr Map (Cambodia) ​ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ឱសថ និង​គ្រប់គ្រង​ដំណោះស្រាយ​បាន​ឲ្យ​ដឹងថា SGMC នឹង​បើក​បម្រើ​សាធារណជន​សម្រាប់​សេវាកម្ម វេជ្ជសាស្ត្រ​ទូទៅ ការពិនិត្យ​សុខភាព និងសេវា​ថែទាំ​សុខភាព​ទូទៅ​ហើយ SGMC នឹង​បើក​កញ្ចប់​សេវាកម្ម​សុខុមាលភាព និង​សេវាកម្ម​ព្យាបាល​ពេញលេញ​ចាប់ពី​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ​។

លោក​ថ្លែងថា​៖ «SGMC មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការកសាង​គោលដៅ​នៃ​ការរស់នៅ​ប្រកប​ដោយ​សុខុមាលភាព​ដំបូង​គេ និង​ល្អ​ជាងគេ​នៅ​កម្ពុជា​»​។

SGMC នឹង​ផ្ដល់​សេវាកម្ម​វេជ្ជសាស្ត្រ​ទូទៅ​ពិនិត្យ​សុខភាព និង​ការថត​ឆ្លុះ​ធ្វើ​រោគវិនិច្ឆ័យ សុខភាព​ស្ត្រី វះកាត់​ទូទៅ ផ្នែក​កែ​សម្ផស្ស ការព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែរ ការព្យាបាល​ដោយ​អ៊ីយ៉ុង​អវិជ្ជមាន និង​កាំរស្មី​អ៊ីនហ្វ្រា (NIFI) ការព្យាបាល​ដោយ​ប្រើ​កម្អែ​ខ្សាច់​ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាល​ដោយ​ផ្ដល់​ជាតិ​ទឹក​សេរ៉ូម IV និង​សេវាកម្ម​អាហារូបត្ថម្ភ​ជាដើម​។ នេះ​បើតាម​លោក Tan​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ផ្ដល់​សេវាកម្ម​ថែទាំ​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ស្រប​ទៅ​តាម​ស្តង់ដា​ឯកទេស និង​ទឹកចិត្ត​ដ៏ល្អ​ប្រពៃ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​សិង្ហបុរី និង​កម្ពុជា​»​។

លោក​បន្តថា សេវាកម្ម​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទេសចរ​សុខភាព​មក​កម្ពុជា​ផងដែរ​។ លោក​បាន​បន្តថា​៖ «​ទាំង​ប្រជាជន​ខ្មែរ និង​ជនបរទេស​ដែល​រស់នៅ​កម្ពុជា​តែងតែ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទៅ​ទទួល​សេវា​វេជ្ជសាស្ត្រ និង​ថែទាំ​សុខភាព ប៉ុន្តែ​ចាប់ពីពេលនេះ​ពួកគាត់​អាច​ទទួលបាន​សេវាកម្ម​ប្រកប​ដោយ​គុណភាព​កម្រិត​ដូច​នៅ​ប្រទេស​សិង្ហបុរី​មាន​នៅ​ភ្នំពេញ​តែម្ដង​»​។

SGMC មាន​ក្រុម​វេជ្ជបណ្ឌិត​សរុប​ ១២ ​នាក់​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​មកពី​សិង្ហបុរី អាមេរិក និង​ខ្មែរ​។

លោក​វេជ្ជបណ្ឌិត Roy Koh Kiok Miang ឯកទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​សរសៃប្រសាទ​បាន​ឲ្យ​ដឹងថា SGMC នឹង​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព និង​ក្រម​សីលធម៌​កម្រិត​ខ្ពស់​។

លោក Anthony Jude Tan បាន​ឲ្យ​ដឹងថា SGMC ក៏មាន​គម្រោង​ពង្រីក​នៅ​ខេត្ត​ព្រះសីហនុ និង​សៀមរាប​នៅពេល​អនាគត​ផងដែរ​។

តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​សរុប ១៣០ ក្នុង​នោះ​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​ស្រុក​/​ខេត្ត ចំនួន ១១០ និង​មន្ទីរពេទ្យ​ឯកជន​ដែល​មាន​គ្រែ​ចាប់ពី​ ៨០ ​មាន​ចំនួន ២០​។ ទិន្នន័យ​បង្ហាញថា មណ្ឌល​សុខភាព​នៅ​ទូទាំង​ប្រទេស​ជាង ១ ០០០ ​កន្លែង និង​មន្ទីរ​សម្រាក​ព្យាបាល​ជាង ៤០០ ​កន្លែង​៕