
លោក Shaun Rein អ្នកនិពន្ធសៀវភៅ The War for China's Wallet។ រូបថត សហការី
ភ្នំពេញៈ នៅក្នុងសៀវភៅ The War for China’s Wallet របស់លោក Shaun Rein អ្នកនិពន្ធជនជាតិអាមេរិករូបនេះបានផ្ដល់ផែនទីសម្រាប់ការ បង្ហាញទិសដៅទំនាក់ទំនងជាមួយប្រទេសចិន សម្រាប់ទាំងបណ្ដាប្រទេសនានា និងក្រុមហ៊ុនអន្តរជាតិ។
លោកបានចំណាយពេល២០ឆ្នាំនៅប្រទេសចិនដោយមានវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងស៊ាងហៃ។
លោក Shaun Rein បានផ្តល់បទសម្ភាសជាមួយលោក ហ៊ គីមសាយ អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ដើម្បីពិភាក្សាពីអត្ថប្រយោជន៍ដ៏មានសក្ដានុពល និងឧបសគ្គនៃទំនាក់ទំនងមិត្តភាពដែលកើនឡើងរបស់ប្រទេសកម្ពុជាជាមួយប្រទេសឈានមុខគេនៅក្នុងតំបន់មួយនេះ។
តើអ្វីជាសារៈសំខាន់នៅក្នុងសៀវភៅ The War for China’s Wallet?
ខណៈចិននឹងជំនួសអាមេរិកជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ពិភពលោក បណ្ដាប្រទេស និងក្រុមហ៊ុនជាច្រើនអាចទទួលបាននូវអត្ថប្រយោជន៍ ប្រសិនបើពួកគេយល់ពីរបៀបក្នុងការស្វែងរកប្រព័ន្ធនយោបាយរបស់ចិន និងយល់ពីការចង់បានរបស់អតិថិជនចិន។ ក្រុមហ៊ុនជាច្រើនដែលទទួលបានសិទ្ធិអាចរកប្រាក់បានរាប់ពាន់លានដុល្លារ។
ឧទាហរណ៍ ប្រទេសចិនមានប្រៀបលើអាមេរិករួចហើយជាទីផ្សារឈានមុខសម្រាប់មាន់បំពង(KFC)។ ចិនបានក្លាយជាទីផ្សារឈានមុខនៅក្រៅអាមេរិកសម្រាប់ហាង Starbucks និង Nike ហើយជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនក្រុមហ៊ុនទាំងនោះ។
ប៉ុន្តែ សមត្ថភាពក្នុងការរកប្រាក់ចំណេញមានការធ្លាក់ចុះមួយចំនួន។ បណ្ដាប្រទេស និងក្រុមហ៊ុនស្រដៀងគ្នាជាច្រើនមិនអាចខ្វែងគំនិតផ្នែកនយោបាយចិនបានទេ ហើយត្រូវតែធ្វើតាមគណបក្សកុម្មុយនីស្ដ បើមិនដូច្នេះទេនឹងជួបបញ្ហាជាមិនខាន។
មេដឹកនាំប្រទេសចិនបានដាក់ទណ្ឌកម្មសណ្ឋាគារ Marriott តាមរយៈការរារាំងគេហទំព័រភាសាចិនរបស់ខ្លួន និងកម្មវិធី APPS China រយៈពេលមួយសប្ដាហ៍ ដែលបណ្ដាលឲ្យសណ្ឋាគារទាំងនោះខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដោយសារតែ Marriott បានប្រកាសការស្ទង់មតិមួយ ដែលចុះបញ្ជីកោះតៃវ៉ាន់ជាប្រទេសដោយឡែកមួយ ដែលធ្វើឲ្យអតិថិជនចិន និងរដ្ឋាភិបាលចិនដីគោកខឹងសម្បា។
នៅក្នុងសៀវភៅនេះ អ្នកបានកំណត់ប្រទេស៣ប្រភេទ សម្រាប់ទំនាក់ទំនងជាមួយចិនគឺ Hot partners, Warm partners និង Cold partners ។ តើអ្វីជាភាពខុសគ្នារវាងក្រុមទាំង៣នេះ?
ក្រុមអ្នកវិភាគគោលនយោបាយបរទេសអាមេរិកជាច្រើនបានរិះគន់ប្រទេសចិនពីបទមិនមានគោលជំហរពិតប្រាកដជាមួយដៃគូណាមួយឡើយ។ មិនដូចដៃគូ អាមេរិក-កាណាដា ទេ។
នៅថ្ងៃនេះ មេដឹកនាំប្រទេសចិន ថតរូបជាមួយមេដឹកនាំមកពីបណ្ដាប្រទេសជិតខាង តែនៅថ្ងៃបន្ទាប់ ចិនអាចរិះគន់គោលនយោបាយបណ្ដាប្រទេសទាំងនោះក៏ថាបាន ដូច្នេះហើយបានជាអ្នកវិភាគទាំងនោះ គិតថាចិនគ្មានគោលនយោបាយការបរទេសច្បាស់លាស់។
«ខ្ញុំមើលឃើញផ្សេង ខ្ញុំមិនគិតថា ប្រទេសចិនកំពុងព្យាយាមក្នុងការបង្កើតសម្ព័ន្ធមិត្តនោះទេ ផ្ទុយទៅវិញ ប្រទេសចិនកំពុងស្វែងរកក្នុងការប្រើប្រាស់នយោបាយលួងលោម និងបង្ខិតបង្ខំ(carrots and sticks) ផ្នែកសេដ្ឋកិច្ចដើម្បីបញ្ចុះបញ្ចូលប្រទេសជាច្រើនឲ្យធ្វើតាមនយោបាយរបស់ខ្លួន (ជាប្រទេស hot partnersជាមួយចិន ដូចជាប្រទេសហុងគ្រី អេត្យូពី ឬកម្ពុជា) ឬដាក់ទណ្ឌកម្មលើប្រទេសដែលខ្វែងគំនិតនឹងគោលនយោបាយខ្លូន(ប្រទេសជា Cold partners ឬ ដៃគូសោះកក្រោះដូចជាឥណ្ឌា ឬហ្វីលីពីននៃរដ្ឋបាលលោកអាគីណូ)។
អត្ថន័យនៅក្នុងសៀវភៅនេះ សម្រាប់ប្រទេសជា Warm Partners គឺសំដៅលើប្រទេសដែលប្រកាន់គោលនយោបាយកណ្តាល មិនងាកទៅចិន ឬអាមេរិក ដូចជាថៃ បារាំង អាល្លឺម៉ង់ អង់គ្លេសជាដើម។
ប្រទេសចិនដឹងថា ខ្លួនមិនដែលមានភាពជិតស្និទ្ធពិតប្រាកដជាមួយប្រទេសណាទេក្នុងរយៈពេលវែងនោះ ដូច្នេះផ្ទុយទៅវិញ ប្រទេសចិនព្យាយាមផ្ដល់ប្រាក់កម្ចីអត្រាការប្រាក់ទាប និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសជាច្រើនដើម្បីធ្វើឲ្យប្រទេសទាំងនោះបើកចំហចំពោះគោលបំណងផ្នែកនយោបាយរបស់ប្រទេសចិនក្នុងរយៈពេលខ្លី។
ទន្ទឹមនឹងនេះ បណ្ដាប្រទេសដែលខ្វែងគំនិតផ្នែកនយោបាយជាមួយប្រទេសចិន ដូចជាប្រទេសកូរ៉េខាងត្បូង ដែលបានដំឡើងប្រព័ន្ធការពារមីស៊ីល THAAD ត្រូវទទួលទណ្ឌកម្ម។ ប្រទេសចិនបានរារាំងក្រុមទេសចរចិនមិនឲ្យទៅទស្សនាប្រទេសកូរ៉េខាងត្បូងកាលពីខែមេសាមុន ដែលបណ្ដាលឲ្យភ្ញៀវទេសចរចិនទៅទស្សនាកូរ៉េខាងត្បូង ប្រចាំឆ្នាំធ្លាក់ចុះ៤០ភាគរយ និងធ្វើឲ្យជាប់គាំងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។
ប្រសិនបើកម្ពុជាគឺជា «Hot Partner» ជាមួយប្រទេសចិន តើមានន័យដូចម្តេចសម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា? ហើយអ្វីដែលប្រទេសចិនទទួលបានពីទំនាក់ទំនងនេះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានយល់ច្បាស់នៅក្នុងទំនាក់ទំនងរបស់លោកជាមួយប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ លោកបានគាំទ្រទស្សនៈរបស់ប្រទេសចិនអំពីសមុទ្រចិនខាងត្បូងក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អាស៊ាន។
ដោយមានការគាំទ្រនៅក្នុងអាស៊ានដូចជាប្រទេសកម្ពុជា គឺប្រឆាំងនឹងការរិះគន់គោលនយោបាយរបស់ប្រទេសចិនដោយប្រទេសជាច្រើនដូចជាវៀតណាម ឬហ្វីលីពីន និងជាមូលហេតុដែលប្រទេសចិនស្វែងរកការវិនិយោគកាន់តែច្រើននៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងផ្ដល់ដល់ប្រទេសនេះនូវកម្ចីអត្រាការប្រាក់ទាប។
លើសពីនេះ រដ្ឋាភិបាលចិនប្រើប្រាស់ការគ្រប់គ្រងរបស់ខ្លួននៃប្រព័ន្ធព័ត៌មានគ្រប់គ្រងដោយរដ្ឋ ដើម្បីធ្វើឲ្យដឹងពីសារៈសំខាន់ជាប្រវត្តិសាស្ដ្រនៅក្នុងប្រទេសកម្ពុជាដូចជាប្រាសាទអង្គរវត្ត។ នៅពេលនេះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមទិសដៅឈានមុខគេជាច្រើនដែលភ្ញៀវទេសចរចិនចង់មកទស្សនា។
ខ្ញុំមានសុទិដ្ឋិនិយមលើសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកកាន់កន្លែងដ៏សំខាន់របស់ខ្លួន និងអ្នកលេងល្បែងមានប្រាក់ច្រើនមកកាន់កាស៊ីណូរបស់ខ្លួន។ ទាំងនេះត្រូវបានទទួលបានដោយការធ្វើជាមិត្តភ័ក្ដរបស់ចិននៅក្នុងប្រភេទជា «Hot Partner»។
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើននៃការក្លាយជាប្រទេស «Hot Partner» គឺថា បណ្ដាប្រទេសទាំងនេះជារឿយៗមានការពឹងផ្អែកខ្លាំងពេកលើសេដ្ឋកិច្ចចិន និងចាប់ផ្ដើមបាត់បង់ឯករាជភាពផ្នែកនយោបាយ។
សេដ្ឋកិច្ចរបស់ប្រទេសចិនធំខ្លាំងណាស់ ហើយប្រសិនបើប្រទេសមួយទទួលទណ្ឌកម្មដោយសារការខ្វែងគំនិតផ្នែកនយោបាយរបស់ប្រទេសចិន នៅពេលនេះប្រទេសនេះនឹងមានផលប៉ះពាល់ពិតប្រាកដ ដូចនៅក្នុងករណីប្រទេសកូរ៉េខាងត្បូង។
ម្យ៉ាងវិញទៀត វាមានផលល្អក្នុងការធ្វើឲ្យមានភាពជិតស្និទ្ធចំពោះនយោបាយរបស់ប្រទេសចិន ដោយសារប្រទេសទាំងនោះនឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែវាបាត់បង់ឯករាជភាពផ្នែកនយោបាយ ដូច្នេះប្រទេសទាំងអស់នោះគួរតែព្យាយាមធ្វើឲ្យមានភាពជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែក៏ត្រូវដកខ្លួនឲ្យឆ្ងាយនៅពេលណាមួយ ដូចជាចក្រភពអង់គ្លេស ឬបារាំងដែលបានធ្វើរួចហើយ ដូច្នេះប្រទេសទាំងនោះមិនត្រូវបានគេមើលឃើញថាជាបាវបម្រើរបស់រដ្ឋាភិបាលចិននោះទេ៕ LA