ភ្នំពេញៈ ក្រុមហ៊ុនស៊ីម៉ងត៍Siam City និងក្រុមហ៊ុនជីបម៉ុងគ្រុបនឹងសហការគ្នាសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយនៅស្រុកទូកមាសខេត្តកំពតនៅឆ្នាំ២០១៥ដើម្បីទាញយកប្រយោជន៍ពីតម្រូវការដ៏ច្រើននៅកម្ពុជា។
លោកសុក ចន្ថា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈប្រចាំក្រុមហ៊ុនជីបម៉ុងគ្រុបបានឲ្យដឹងថា៖«ស៊ីម៉ងត៍ មានតម្រូវការខ្លាំង»។
រោងចក្រនេះនឹងផ្គត់ផ្គង់ស៊ីម៉ងត៍នៅលើទីផ្សារក្នុងស្រុកហើយអាចនឹងនាំចេញផងដែរ។តម្រូវការស៊ីម៉ងត៍ជាចម្បងមាននៅក្នុងវិស័យសំណង់ដែលជាកត្តាជំរុញដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានិងជាការឆ្លុះបញ្ចាំងឲ្យឃើញពីការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។
លោកសុកចន្ថាបានឲ្យដឹងថា៖«ការសាងសង់រោងចក្រស៊ីម៉ងត៍រួមគ្នានេះនឹងធ្វើឡើងនៅឆ្នាំក្រោយហើយត្រូវបានគេរំពឹងថានឹងសាងសង់រួចរាល់ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត។ទោះបីជាវាចំណាយអស់ទឹកប្រាក់ប្រហែល២០០លានដុល្លារអាមេរិកក៏ដោយប៉ុន្តែការចំណាយមិនមែនជាបញ្ហាឡើយ»។
ក្រុមហ៊ុនទាំងពីរនេះបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី៨ធ្នូឆ្នាំ២០១០ស្តីពីការលទ្ធភាពសិក្សាលើរោងចក្រស៊ីម៉ងដ៍នេះដែលមានលទ្ធភាពផលិតបាន១លានទៅ១,៥លានតោនក្នុងមួយឆ្នាំ។
ទោះបីជារោងចក្រថ្មីនេះនឹងធ្វើឲ្យមានការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជាក្តី ប៉ុន្តែលោក អ៊ុកប៊ុនសេងអនុប្រធានគ្រប់គ្រងរោងចក្រស៊ីម៉ងត៍ចក្រីទីងបានឲ្យដឹងថា៖ «លោកមិនព្រួយបារម្ភអំពីដៃគូប្រកួតប្រជែងថ្មីឡើយ»។ លោកថ្លែងថា៖ «ខ្ញុំមិនអីទេ។កម្ពុជាជាទីផ្សារសេរីដូច្នេះគ្រប់ៗគ្នា អាចធ្វើអាជីវកម្មនៅទីនេះបាន»។ លោកបន្តថា តម្រូវការស៊ីម៉ងត៍កើនឡើងប្រហែល១៤ ទៅ១៨ ភាគរយ។នេះបើតាមរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមហ៊ុន។
ទោះបីយ៉ាងនេះក្តីស៊ីម៉ងត៍គុណភាពល្អហើយមានតម្លៃថោកពិតជាពិបាករកណាស់។ នេះបើតាមមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកនូ វឌ្ឍនៈប្រធាននាយកដ្ឋានផ្លូវថ្នល់ឲ្យដឹងថា៖ «ផ្លូវបេតុងរឹងមាំ ប៉ុន្តែវាមានតម្លៃថ្លៃ។ ព្រោះតែហេតុនេះបានជាផ្លូវថ្នល់ច្រើននៅកម្ពុជាក្រាលកៅស៊ូ»។
ផែនការផលិតកម្មស៊ីម៉ងត៍រាប់លានតោនរបស់SCCC និងជីប ម៉ុងនឹងធ្វើឲ្យក្រុមហ៊ុនថ្មីនេះក្លាយជាក្រុមហ៊ុនធំមួយនៅកម្ពុជានិងជួយផ្គត់ផ្គង់ស៊ីម៉ងត៍នៅទីផ្សារក្នុងស្រុក៕CS