The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Siemens ឆ្ពោះ​ទៅ​រក​កំណើន​សម្រាប់ ២០១៩

Siemens ឆ្ពោះ​ទៅ​រក​កំណើន​សម្រាប់ ២០១៩

Content image - Phnom Penh Post
ឡូហ្គោ​អក្សរ​ Siemens របស់​ក្រុមហ៊ុន Siemens នៅ​ការិយាល័យ​កណ្តាល​ក្នុង​ទីក្រុង Munich។ AFP

Siemens ឆ្ពោះ​ទៅ​រក​កំណើន​សម្រាប់ ២០១៩

ប៊ែរឡាំងៈ ​Siemens ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ឧស្សាហកម្ម​របស់​​ប្រទេស ​អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​​ថា ខ្លួន​​កំពុង​​ប្រកាន់​ខ្ជាប់​ទិសដៅ​​សម្រាប់​ឆ្នាំ ​២០១៨ ​និង​ឆ្នាំ ​២០១៩​ បន្ទាប់​ពី​លទ្ធផល​ត្រីមាស​ទី​២ ​ប្រកប​​ដោយ​ស្ថិរភាព ​បន្ទាប់​ពី​បាន​ប្រកាស​ញែក​​ខ្លួន​​ពី​ក្រុមហ៊ុន​ថាមពល​ និង​ឧស្ម័ន​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​។

ប្រាក់​ចំណេញ​សុទ្ធ​​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់ចុះ ​៥ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​មក​នៅ​ត្រឹម ​១,៩ ​ពាន់​លាន​អឺរ៉ូ (​២,១ ​ពាន់​លាន​ដុល្លារ​) ​នៅ​ចន្លោះ​ខែ​មករា​ និង​ខែ​មីនា​។​

ទន្ទឹម​នឹង​នេះ ​ប្រាក់​ចំណូល​បាន​កើន​ឡើង ​២ ​ភាគរយ​ រហូត​ដល់​ចំនួន​ ២០,៩ ​ពាន់​លាន​អឺរ៉ូ​។​​

លោក ​Joe ​Kaeser ​អគ្គនាយក​​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅ​​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ថា ក្នុង​ឆ្នាំ ​២០១៩ «​យើង​ចូល​​ក្នុង​សករាជ​ថ្មី​មួយ​ដើម្បី​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​ និង​ផ្ដោត​​កាន់​តែ​ខ្លាំង​លើ​​ក្រុមហ៊ុន ​Siemens»​។​

ដូច​នឹង​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ប្រទេស ​អាល្លឺម៉ង់ ​ដែល​ធ្លាប់​រីក​ចម្រើន​ផ្សេង​ទៀត​ដែរ​ ដូច​ជា​ក្រុមហ៊ុន Thyssenkrupp ​ក្រុមហ៊ុន​ Bayer ​ឬ​ Continental ​ក្រុមហ៊ុន​ Siemens ​កំពុង​បង្រួម​ខ្លួន​តាម​​រយៈ​​ការ​ផ្ដាច់​​ខ្លួន​ជា​បន្ត​​បន្ទាប់ ​និង​​ការ​បោះ​​ផ្សាយ​មូលបត្រ​សាធារណៈ​លើក​​ដំបូង​របស់​​​ក្រុមហ៊ុន​ដែល​មិន​​ត្រូវ​គ្នា​នឹង​​ចក្ខុ​វិស័យ​ប្រធាន​ក្រុមហ៊ុន​របស់​​ខ្លួន​។​

ត្រឹម​ខែ​កញ្ញា​ ឆ្នាំ ​២០២០ ​ក្រុមហ៊ុន​ថាមពល ​និង​ឧស្ម័ន ​ដែល​មាន​ប្រេង​ និង​ឧស្ម័ន​របស់​ខ្លួន ​ទួរប៊ីន​ឧស្ម័ន ​ការ​បញ្ជូន​​ថាមពល និង​ពាណិជ្ជកម្ម​​សេវា​ដែល​​ជាប់​ទាក់ទង​ ត្រូវ​បាន​គ្រោង​​នឹង​ចុះ​បញ្ជី​ដាច់​ដោយ​ឡែក​​នៅ​​លើ​ផ្សារហ៊ុន​។​
ក្រុមហ៊ុន Siemens ​គ្រោង​នឹង​រក្សា «ភាគទុនិក​នៅ​ដដែល​​» ជា​មួយ​នឹង​ការ​រារាំង​ការ​គ្រប់គ្រង​​ភាគហ៊ុន​ភាគ​តិច​​នៅ​ក្នុង​​ក្រុមហ៊ុន​ថ្មី​នេះ​។​

ខណៈ​ពាណិជ្ជកម្ម​ឥន្ធនៈ​ផូស៊ីល ត្រូវ​បាន​​​ភាគទុនិក​មិន​ពេញ​ចិត្ត និង​បាន​រក​ប្រាក់​ចំណេញ​​ដោយ​​ពិបាក​​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ក្រុមហ៊ុន​នេះ​បាន​បង្កើន​​​កម្រិត​ប្រាក់​​ចំណេញ​ប្រតិបត្តិការ​របស់​​​ខ្លួន​ដល់ ​៥,៦ ​ភាគរយ ​នៅ​ត្រី​មាស​ទី២​ លើ​ប្រាក់​ចំណូល​ដែល​​កែ​តម្រូវ​ពី​ការ​ធ្លាក់ចុះ ​៦ ​ភាគរយ​​ ២,​៨ ​ពាន់​លាន​អឺរ៉ូ។​

ការ​បញ្ជា​ទិញ​ឈាន​មុខ​គេ​​​ក្នុង​ក្រុមហ៊ុន​នេះ ​គឺ​មាន​ស្ថិរភាព​​ក្នុង​ចំនួន ​៣,២ ​ពាន់​លាន​អឺរ៉ូ។​

ផ្ទុយ​ទៅ​វិញ ​ផ្លូវ​ដែក​ដែល​ជា​​ផ្នែក​​​ផលិតផល​ដ៏​សំខាន់​ផ្សេង​ទៀត​ ​បាន​មើល​ឃើញ​កិច្ច​ព្រមព្រៀង​ធំៗ​សម្រាប់​រថភ្លើង​ ដែល​​រួមមាន​នៅ​អាមេរិក និង​អាល្លឺម៉ង់ ជួយ​​ជំរុញ​ការ​​បញ្ជា​​ទិញ ​៤២ ​ភាគរយ​ដល់ ​៣,៥ ​​ពាន់​លាន​​អឺរ៉ូ​។​

ប៉ុន្តែ​​មិន​មាន​សញ្ញា​ពី​ក្រុមហ៊ុន​ Siemens ​អំពី​យុទ្ធសាស្ដ្រ​អនាគត​សម្រាប់​សកម្មភាព​ចល័ត​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​ដែល​គ្រោង​ទុក​របស់​ខ្លួន​ជាមួយ​ Alstom ជា​ក្រុមហ៊ុន​របស់​ប្រទេស ​បារាំង ​ត្រូវ​បាន​រារាំង​ដោយ​គណៈកម្មការ​អឺរ៉ុប​។​

ក្រុមហ៊ុន​នេះ​បាន​មើល​ឃើញ​​ប្រតិបត្តិការ​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​ពាណិជ្ជកម្ម​ស័្វយ​ប្រវត្តិកម្ម «​រោងចក្រ​ឌីជីថល​» របស់​ខ្លួន​ដែល​វិនិយោគិន​ពេញ​​ចិត្ត​​ជាមួយ​នឹង​ប្រាក់​ចំណេញ​ប្រតិបតិ្តការ​ដែល​មាន​ចំនួន ​១៩,​៦ ​ភាគរយ​លើ​ប្រាក់​ចំណូល​​ ​៣,៤ ​ពាន់​លាន​អឺរ៉ូ​​។​

ការ​សម្លឹង​ឆ្ពោះ​​ទៅ​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ​Siemens ​បាន​រក្សា​ទំនុក​ចិត្ត​ដោយ​​ប្រុងប្រយ័ត្ន ​ដោយ​មាន​បំណង​រក្សា ​​កំណើន​​ប្រាក់​ចំណូល​ជា​មធ្យម​​ និង​​កម្រិត​​ប្រាក់​ចំណេញ​ចំនួន​ពី​ ១១ ទៅ​ ១២ ​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​ស្នូល​របស់​ខ្លួន​ ៕ AFP/​LA​

អត្ថបទគួរចាប់អារម្មណ៍