ទីក្រុងសេអ៊ូលៈ ក្រុមហ៊ុន SK Hynix របស់​កូរ៉េខាងត្បូង​ដែល​ផលិត​ឈីប​ធំ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​នូវ​កិច្ចព្រមព្រៀង​តម្លៃ​ ៩ ​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ប្រតិបត្តិការ​មេម៉ូរី​ឈីប​របស់​ក្រុមហ៊ុន​អាមេរិក​ Intel ពេលដែល​ខ្លួន​ស្វះស្វែង​ដំឡើង​តួនាទី​តទល់​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung ដែលជា​គូប្រជែង​។

SK Hynix ជា​ក្រុមហ៊ុន​លំដាប់​ទី​ ២ ​រួច​ទៅ​ហើយ ជា​អ្នក​ផលិត​ឈីប DRAM ដែល​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ និង កុំព្យូទ័រ​មេ (servers)​។

ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​ភាពយឺតយ៉ាវ​នៅលើ​ទីផ្សារ​សម្រាប់ ហ្លាស់មេម៉ូរី ឬ ឈីប ម៉ាក​«NAND» ដែល​ត្រូវបាន​ប្រើ​ក្នុង​ឧបករណ៍​ប្រចាំថ្ងៃ​ដូចជា​ស្មាតហ្វូន​ និង​ហាឌីស (Drive) USB ក៏ដូចជា​ឧបករណ៍​ឧស្សាហកម្ម​ និង​វេជ្ជសាស្ត្រ​។

ក្នុង​ឯកសារ​ផ្លូវច្បាប់ ក្រុមហ៊ុន SK Hynix បាន​ឱ្យ​ដឹងថា ខ្លួន​នឹង​ទិញយក​ផ្នែក​អាជីវកម្ម NAND ទាំងអស់​របស់​ក្រុមហ៊ុន Intel ដែល​មិន​រាប់បញ្ចូល​ផ្នែក Optane មាន​តម្លៃ​ ១០,៣ ​ពាន់​លានវុន​ជាមួយ​រោងចក្រ​របស់ Intel ក្នុង​ទីក្រុង​កំពង់ផែ Dalian ប្រទេស​ចិន ដោយ​រាប់បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​នោះ​។

ក្រុមហ៊ុន SK Hynix ឈរ​នៅ​លំដាប់​លេខ​ ៤ តាម​ចំណាត់ថ្នាក់​នៃ​ការលក់ NAND នៅ​ទូទាំង​ពិភពលោក​ក្នុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​។ នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​ទីផ្សារ Trendforce ខណៈ​ដែល​ក្រុមហ៊ុន Intel ឈរ​នៅ​លំដាប់​លេខ​៥​។

តួលេខ​ក្រុមហ៊ុន​ស្រាវជ្រាវ Trendforce បង្ហាញថា ការរួមបញ្ចូល​គ្នា​របស់​ពួកគេ​នឹង​នាំឱ្យ​ក្រុមហ៊ុន SK Hynix លោត​ផ្លោះ​ក្រុមហ៊ុន Kioxia របស់​ជប៉ុន និង Western Digital របស់​សហរដ្ឋអាមេរិក​ទៅក្នុង​លំដាប់​ទី​ ២ ជាមួយ​ចំណែក​ទីផ្សារ​ជាង​ ២៣ ​ភាគរយ​។

ទីផ្សារ​របស់ NAND និង DRAM ទាំង​ ២ ​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung និង តម្រូវការ​ឈីប​ទូទាំង​សកល​បាន​បង្កើន​នូវ​ផលចំណេញ​សម្រាប់​ក្រុមហ៊ុន​ទាំង​ ២ ​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​។

ក្រុមហ៊ុន​ទាំង​ ២ ​ប្រជែង​គ្នា​ផ្គត់ផ្គង់​ឈីប​ដល់​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដូចជា Apple, Dell និង HP ព្រមទាំង​ក្រុមហ៊ុន​ទាំងឡាយ​របស់​ចិន​ផងដែរ​។

លោក Ahn Ki-hyun អគ្គនាយករង​នៃ​សមាគម​ឧស្សាហកម្ម ឧបករណ៍​ពាក់កណ្តាល​សម្រេច​របស់​កូរ៉េ បាន​និយាយ​ថា ការទិញ​បាន​ពី​ក្រុមហ៊ុន Intel នឹង​ពង្រឹង​ប្រតិបត្តិការ NAND របស់ SK Hynix ដែល​មិនទាន់​ខ្លាំង​ដូចដែល​អាជីវកម្ម​ដទៃ​។

លោក​បន្ថែមថា​៖ «​ជាមួយ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ចាក់គ្រឹះ​រឹងមាំ​នូវ​តួនាទី​ធំ​បំផុត​ទី​ ២ ​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឧបករណ៍​ពាក់កណ្តាល​សម្រេច​សកល​»​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​រយៈពេល​វែង កិច្ចព្រមព្រៀង​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ខ្លួន​ដើម្បី​ក្លាយជា​អ្នក​ប្រជែង​ខ្លាំង​តទល់​នឹង Samsung»​។

គ្រឹះ​នៃ SK Hynix កើត​ចេញ​ពី​ផ្នែក​នៃ​ក្រុមហ៊ុន Hyundai គ្រុប​នៅ​កូរ៉េខាងត្បូង​៕ RR