ភ្នំពេញៈ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវបាន​ក្រសួង​ព័ត៌មាន​សម្រេច​ថា នឹង​ផ្តល់​ជូន​នូវ​ហ្វ្រេកង់​ប្រមាណ ៧០០ MHz សម្រាប់​យក​ទៅ​អភិវឌ្ឍ​បន្ថែម​នូវ​ប្រព័ន្ធ 5G ដែល​នេះ​ជា​វិធានការ​មួយ​ក្នុង​ការលោត​ផ្លោះ​ទៅរក​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​កំណើន​ថ្មី​របស់ខ្លួន​។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​បទសម្ភាស​ឲ្យ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​អំពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ការផ្ដល់សេវា​បណ្ដាញ 5G នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​រហូត​មក​ដល់​ពេល​នេះ​ការអភិវឌ្ឍ​លើ​បណ្ដាញ 5G របស់​ក្រុមហ៊ុន Smart Axiata ឈាន​ដល់​ណា​ហើយ​?

ចាប់តាំងពី​ការដាក់​បង្ហាញ​ឲ្យ​សាកល្បង​ផ្សាយ​ផ្ទាល់​ប្រព័ន្ធ 5G ជា​លើកដំបូង​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ បច្ចុប្បន្ននេះ​ក្រុមហ៊ុន Smart Axiata កំពុង​ដាក់​ឲ្យ​អនុវត្ត​ការសាកល្បង​បណ្ដាញ 5G នៅតាម​ទីតាំង​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​សាកល្បង​ដែល​ចេញ​ដោយ​និយតករ​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​។

យើង​បានរៀបចំ​ដើម្បី​សម្រេច​បាន​នូវ​ល្បឿន​នៃ​ជីហ្គាបៃ និង latencies ដ៏ល្អ ខណៈ​ការស្វែងរក​ការសាកល្បង​ថ្មី​នៃ​ការប្រើប្រាស់​ដែល​រួមមាន​គំនិត​ផ្ដួចផ្ដើម​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ដៃគូ​របស់​យើង​នៃ​ការដាក់​ពង្រាយ​នូវ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សម្រាប់​សម្របសម្រួល​កូវីដ​១៩ តាម​ទីតាំង​បណ្ដោះអាសន្ន​របស់​ក្រសួង​សុខាភិបាល​ដែល​ធ្វើ​ការតភ្ជាប់​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​តាមរយៈ​ការធ្វើ​សន្និសីទ​វីដេអូ​ដោយ​​ប្រើប្រាស់ ហ្វ្រេកង់​សាកល្បង​នៃ​បណ្ដាញ 5G​។

យើង​មានបំណង​បន្ត​ការសាកល្បង​នេះ​ក្នុង​រយៈពេល​ ២-៣ ​ខែ​ទៀត រហូត​ដល់​រដ្ឋាភិបាល​ផ្ដល់​ភាពច្បាស់លាស់​បន្ថែមទៀត​លើ​ការផ្ដល់​អាជ្ញាប័ណ្ណ​បណ្ដាញ 5G និង​ក្របខ័ណ្ឌ​គោលនយោបាយ​ដែល​អាច​ផ្ដល់​ដល់​ប្រតិបត្តិករ ដូចជា​ក្រុមហ៊ុន Smart Axiata នូវ​ឱកាស​នៅក្នុង​ការផ្ដល់សេវា​បណ្ដាញ 5G ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដល់​សាធារណជន​។

តើ​លោក​មាន​ទស្សនៈ​បែបណា​អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រីក ហ្វ្រេកង់ ៧០០ MHz សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ 5G?

ចំពោះ​ហ្វ្រេកង់ ៧០០MHz (​ឬ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា APT700 នៅក្នុង​តំបន់​របស់​យើង​) ​គឺជា​អ៊ីនធឺណិត​ល្អ​បំផុត​សម្រាប់​ទី​ជនបទ​ដោយសារ​វា​មាន​លក្ខណៈ​នៃ​ការផ្សាយ​ល្អ​បំផុត នេះ​ក៏​មានន័យថា វា​នឹង​កាន់តែ​មាន​ភាពសន្សំសំចៃ​សម្រាប់​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ក្នុង​ការដោះស្រាយ​សេវា​ទូរស័ព្ទ​ចល័ត​កាន់តែ​លឿន​ជាមួយ​នឹង APT 700 នេះ​។

យើង​ពិតជា​ត្រូវបាន​លើក​ទឹកចិត្ត​ដោយ​សេចក្ដី​ប្រកាស​របស់លោក​នាយករដ្ឋមន្ដ្រី​កាលពី​ដើម​ឆ្នាំ​នេះ និង​ការអភិវឌ្ឍ​នៅពេល​ថ្មីៗ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន​ព្រមទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្ដីពី​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​ឌីជីថល​ថ្នាក់ជាតិ​ដែល​នឹង​អាច​ឲ្យ​មាន​ការដាក់ចេញ APT700 សម្រាប់​សេវា​ទូរស័ព្ទ​ចល័ត​។

យើង​ត្រូវ​ដឹងថា បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​បាន​ដាក់​ចេញ ឬ​កំពុង​ដាក់ចេញ​នូវ​អ៊ីនធឺណិត​នេះ​ជា​បន្តបន្ទាប់​ដើម្បី​ភ្ជាប់​គម្លាត​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នេះ ខណៈ​ដែល​ទូរស័ព្ទ​ចល័ត​ជាច្រើន​អាច​ប្រើ​អ៊ីនធឺណិត​នេះ​រួចហើយ​។

ខណៈ​មាន​បណ្ដា​ប្រទេស​ជាច្រើន​ផ្ដល់​បណ្ដាញ APT700 សម្រាប់​ប្រព័ន្ធ 5G វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធានាថា អ៊ីនធឺណិត APT700 ត្រូវ​បាន​ផ្ដល់​ដោយ​វា​មិន​គ្រាន់តែ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ 5G ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ភាព​អព្យាក្រឹត​ផ្នែក​បច្ចេកវិទ្យា ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​គួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ APT700 ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​អាច​រកបាន​បណ្ដាញ​អ៊ីនធឺណិត 4G LTE ដែល​នៅតែ​មាន​ការជាប់​ពាក់ព័ន្ធ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ​ (​ជាពិសេស​នៅតាម​តំបន់​ជនបទ​) និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​នៅពេល​អនាគត ខណៈ​ទូរស័ព្ទ​ចល័ត​ដែល​អាច​ប្រើប្រាស់​បាន បាន​កើនឡើង​កាន់តែច្រើន​។

តើ​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​រួចហើយ ឬ​នៅក្នុង​ការទទួល​យក​បច្ចេកវិទ្យា​ទំនើប​នេះ ជាពិសេស​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​? តើ​ក្រុមហ៊ុន​របស់លោក​កំពុង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្នឹងខ្នង​ដើម្បី​បម្រើការ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដាញ 5G យ៉ាងណា​ហើយ​?

ក្រុមហ៊ុន Smart Axiata វិនិយោគ​ចន្លោះ​ពី​ ៧០ ទៅ​ ៨០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ជាពិសេស​សម្រាប់​ការពង្រីក​បណ្ដាញ​គ្របដណ្តប់​។ ការប្ដេជ្ញាចិត្ត​នេះ​នៅតែ​រក្សា​ដដែល​សម្រាប់​ឆ្នាំ​ ២០២០ ទោះបី​ជា​យើង​បាន​បង្កើន​ការវិនិយោគ (CAPEX) ដើម្បី​គាំទ្រ​និន្នាការ​នៃ​ការប្រើប្រាស់​ខ្ពស់ និង​ការរំពឹងទុក​ក្នុងអំឡុង​ពេល​ស្ថានការណ៍​កូវីដ​១៩​ដែល​មិន​ធ្លាប់មាន​នេះ​ក៏ដោយ​។

ទាក់ទង​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​គាំទ្រ​ប្រព័ន្ធ 5G យើង​មើលឃើញ​ថា កម្ពុជា​នឹង​ទទួល​យក​ជា​លើកដំបូង​នូវ​ស្ថាបត្យកម្ម​មិនមែន​មាន​តែ​ប្រព័ន្ធ 5G នេះ​ទេ​។ សម្រាប់​ប្រព័ន្ធ​នេះ យើង​ពិតជា​បាន​ត្រៀមខ្លួន​ជាស្រេច យើង​បានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំណុច​ស្នូល​របស់​យើង​ដើម្បី​អាច​ប្រើប្រាស់​បណ្ដាញ 5G បាន​ចាប់​តាំងពី​ឆ្នាំមុន ហើយ​កំពុង​បន្ត​ការសាកល្បង​ទៅលើ​ទិដ្ឋភាព​ជាច្រើន​។ នៅពេល​យើង​ទទួល​បាន​អាជ្ញាប័ណ្ណ និង​ការយល់ព្រម​សម្រាប់​ការប្រើប្រាស់​វិសាល​គម​បណ្ដាញ 5G យើង​នឹង​អាច​ធ្វើឲ្យ​បណ្ដាញ 5G ក្លាយជា​ការពិត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​តែ​ ២-៣ ​ខែ​ប៉ុណ្ណោះ​។

ប្រសិន​បើ​យើង​ចង់​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ាន ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ជាមួយ​គ្នា បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​ចេញដំណើរ​មិនទាន់​គេ​ទេ ខណៈ​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​កំពុង​រៀបចំ​ផែនការ​ដាក់​ឲ្យ​ដំណើរការ​បណ្ដាញ 5G ​ត្រឹម​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២០​។ នៅក្នុង​ពេលវេលា​ដ៏ពិសេស​នេះ​យើង​ក៏​នឹង​ចង់​ចង្អុល​បង្ហាញថា បណ្ដាញ 5G ត្រូវបាន​រំពឹង​ថា​នឹង​មាន​ការចំណាយ​ទុន (CAPEX) ខ្ពស់ អាស្រ័យ​ហេតុនេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ធ្វើឲ្យ​មាន​វិសាល​គម​បណ្ដាញ 5G គ្រប់គ្រាន់​នៅពេល​អនាគត​នៅក្នុង​តម្លៃ​សមរម្យ​។

បើ​មិន​អ៊ីចឹង​ទេ​និរន្តរភាព​នៃ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​អាចមាន​ភាពមិន​ច្បាស់លាស់​នៅពេល​អនាគត ដូច្នេះ​ការការពារ​សក្ដានុពល​របស់​បណ្ដាញ 5G និង​ឧបករណ៍​ទូរស័ព្ទ​ចល័ត​ផ្សេងទៀត​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញលេញ​៕LA