ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ដៃគូ​ជាមួយ DirexPlay ជា​ក្រុមហ៊ុន អភិវឌ្ឍន៍​ហ្គេម​ចល័ត​ក្នុងស្រុក ដើម្បី​កែលម្អ​ហ្គេម កំហឹង​អ្នក​ប្រយុទ្ធ (Wrath of Fighters) ដែលជា​ការពង្រីក​វិស័យ​ហ្គេម​កម្សាន្ត​នេះ​នៅ​កម្ពុជា។

យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Smart កាលពី​ថ្ងៃទី ១២ ខែ​មេសា អ្នកលេង​ហ្គេម​ជុំវិញ​ពិភពលោក និង​អាចជួយ​អ្នកលេង​ហ្គេម​ស្វែងយល់​ពី​សិល្បៈ និង​វប្បធម៌​កម្ពុជា​ផងដែរ ក្នុង​អំឡុងពេល​លេង​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ។ អ្នកលេង​ហ្គេម​អាចបង្កើត និង​កែសម្រួល​អ្នក​ប្រយុទ្ធ​ផ្ទាល់​របស់​ពួកគេ ជាមួយ​នឹង​សម្លៀកបំពាក់​ផ្សេងៗ​គ្នា​ជាច្រើន ដែល​បង្កើតឡើង​ទៅតាម​កំណាព្យ​វីរកថា ដែល​មាន​មូលដ្ឋាន​លើ​រឿង រាមយាណៈ និង​មហាភាតរៈ។ អ្នកលេង​អាច​ជ្រើសរើស​ផែនទី និង​បរិយាកាស​ផ្សេងៗ​គ្នា​ជាច្រើន ដែល​ស្ថិតក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​ប្រាសាទ​បុរាណ​កម្ពុជា អង្គរធំ រាជធានី​ភ្នំពេញ និង​ទីជនបទ​ក្នុង​ខេត្តសៀមរាប​ជាដើម។

លោក ឈួម ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន DirexPlay បាន​ថ្លែងថា៖ «គំនិត​របស់​ហ្គេម​នេះ គឺ​ដើម្បី​នាំយក​សិល្បៈ និង​វប្បធម៌​ក្នុងស្រុក​ទៅកាន់​ពិភព​កម្សាន្ត​ឌីជីថល ដូច្នេះ​អ្នកណាម្នាក់ នៅទីណា​ក៏ដោយ មកពី​ប្រភព​វប្បធម៌​ណាក៏ដោយ អាច​រីករាយ ភ្ជាប់​ទំនាក់ទំនង និង​ទទួលបាន​បទពិសោធន៍​ជាមួយ​សិល្បៈ និង​វប្បធម៌​ខ្មែរ​តាម​អនឡាញ​ក្នុង​អំឡុង​ពេលទំនេរ​ពី​ការងារ ឬ​ការរៀនសូត្រ​របស់​ពួកគេ»។

ក្រុមហ៊ុន DirexPlay ក៏បាន​អភិវឌ្ឍ​ហ្គេម​ចល័ត និង​កម្មវិធី​ផ្សេងៗ​ទៀតផង​ដែរ ដែល​សាច់រឿង​របស់​ហ្គេម​យក​តាម​រឿងព្រេង និង​ប្រពៃណី​របស់​កម្ពុជា ដូចជា រឿង​ដំណើរ​ផ្សងព្រេង​របស់ សុខ និង​សៅ និង​កម្មវិធី Khmer eCard ជាដើម។

លោក​បន្តថា៖ «យើង​មាន​ក្ដីរំភើប​រីករាយ​ខ្លាំង ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart សម្រាប់​រដូវកាល​ថ្មី​នេះ។ ក្រុមហ៊ុន Smart ពិតជា​ចាប់អារម្មណ៍​ចំពោះ​ការគាំទ្រ និង​ការលើកកម្ពស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម ដូចជា​ពួកយើង។ ភាពជា​ដៃគូ​នេះ​អាច​ឲ្យ​យើង​នាំយក​ហ្គេម​ខ្មែរ​របស់​យើង​ទៅកាន់​កម្រិត​បន្ទាប់​ទៀត ទទួល​បាន​អតិថិជន​បន្ថែមទៀត និង​ចែកចាយ​បទពិសោធន៍​ដ៏រីករាយ​បន្ថែមទៀត​ដល់​អ្នកលេង​ហ្គេម​កម្ពុជា ជាពិសេស​អតិថិជន​របស់​ក្រុមហ៊ុន Smart»។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា យើង​មាន​ការកោតសរសើរ ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​កម្ពុជា កំពុង​បង្កើត​ហ្គេម​ទូរស័ព្ទ ដែល​អាច​ឲ្យ​មនុស្ស​ចូល​លេង​បាន​នៅ​ទូទាំង​ប្រទេស ហើយ​ក៏មាន​សក្ដានុពល​ទាក់ទាញ​អ្នកលេង​ហ្គេម​អន្តរជាតិ​ផងដែរ។ វា​បង្ហាញ​វឌ្ឍនភាព​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​វិស័យ​ហ្គេម​ទូរស័ព្ទ​របស់​កម្ពុជា និង​បង្ហាញថា កម្ពុជា​អាច​ដើរតួនាទី​ដ៏ធំ​មួយ ក្នុង​កំណើន​កីឡា​អេឡិចត្រូនិក ក្នុង​តំបន់ និង​ពិភពលោក។

លោក Thomas លើកឡើង​ថា៖ «នេះ​មិនមែន​ជា​លើក​ទី​ ១ ទេ ដែល​យើង​បាន​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន DirexPlay។ កាលពី​ឆ្នាំមុន យើង​បាន​សហការគ្នា​ផលិត​ហ្គេម​មួយ​ឈ្មោះថា Oum Touk by Smart ដើម្បី​អបអរ​ដល់​ពិធី​អុំទូក​របស់​កម្ពុជា។ តាមរយៈ​ការទាញយក​ទេពកោសល្យ​ដ៏ស្ទាត់​ជំនាញ​ក្នុងស្រុក យើង​អាច​គ្រប់គ្រង​អំណាច​បច្ចេកវិទ្យា​ក្នុងស្រុក​បាន ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​កម្ពុជា ដោយ​ប្រើប្រាស់​សំឡេង​របស់​កម្ពុជា​ពិតប្រាកដ»។

ក្រុមហ៊ុន Smart Axiata បន្ត​នាំមុខគេ​ខាង​ផ្នែក​កំណើន​កីឡា​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​ប្រកួត​ហ្គេមផ្សេងៗ និង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក។ កាលពី​ឆ្នាំ ២០២០ ក្រុមហ៊ុន Smart បាន​ចូលរួម​រៀបចំ​ការប្រកួត​លេង​ហ្គេម Kingdom of Legends ដែលជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​អេឡិចត្រូនិក​ធំ​បំផុត​នៅ​កម្ពុជា ដែល​មាន​ប្រាក់រង្វាន់​សរុប​ចំនួន ៣២ ០០០ ដុល្លារ។ Leng Center ផ្ដល់ជូន​អ្នក​នូវ​មុខងារ​ថ្មីៗ​ជាច្រើន ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​លេង​ហ្គេម​ដ៏សម្បូរបែប​៕LA