
បុគ្គលិកក្រុមហ៊ុន Nham24 ដែលដឹកអាហារទៅឲ្យអតិថិជននៅទីក្រុងភ្នំពេញ។ រូបថត សហការី
ភ្នំពេញៈ មូលនិធិសម្រាប់អាជីវកម្មឌីជីថលគាំទ្រដោយក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata (SADIF) បានទិញភាគហ៊ុនមួយចំនួនតូចរបស់ Nham24 ជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារអនឡាញឈានមុខគេរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ។
លោក ចាន់ បូរីម៉ា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា ជាមួយនឹងការផ្ដល់មូលនិធិនេះក្រុមហ៊ុននឹងបន្តផ្ដោតលើការផ្ដល់បទពិសោធដែលអាចធ្វើបានល្អបំផុត សម្រាប់អតិថិជនព្រមទាំងដៃគូភោជនីយដ្ឋានផងដែរ។ លោកបញ្ជាក់ថា៖ «យើងទន្ទឹងរង់ចាំសហការជាមួយមូលនិធិ SADIF ដើម្បីជួយឲ្យអាជីវកម្មរបស់យើងរីកលូតលាស់ និងពង្រឹងតំណែងរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ»។
ក្រុមហ៊ុន Nham24 ក្លាយជាក្រុមហ៊ុនទី ៣ ហើយដែលទទួលបានមូលនិធិពី SADIF ដែលជាគម្រោងប្រមូលផ្តុំទៅដោយអាជីវកម្មឌីជីថលក្នុងស្រុក និងមានសក្តានុពល។
បង្កើតឡើងពីឆ្នាំ ២០១៦ ក្រុមហ៊ុននេះបានក្លាយជាគេហទំព័រមួយក្នុងចំណោមគេហទំព័រដឹកជញ្ជូនអាហារឈានមុខគេ និងរីកចម្រើនរហ័សបំផុតនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងប្រតិបត្តិការនៅទីក្រុងភ្នំពេញ និងសៀមរាបដោយសហការជាមួយភោជនីយដ្ឋានជាង ៥៥០ នៅកម្ពុជា។
ការចាក់បញ្ចូលមូលធនរបស់ក្រុមហ៊ុន SADIF ទៅក្នុងក្រុមហ៊ុន Nham24 ត្រូវបានរំពឹងថានឹងជួយពង្រីកវិសាលភាពអាជីវកម្មក្រុមហ៊ុននេះតាមរយៈការបង្កើនភាពជាដៃគូ និងការអភិវឌ្ឍគេហទំព័រផ្ទៃក្នុង។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការរីកចម្រើនដ៏រហ័សរបស់ Nham24 ក៏ដូចជាគោលបំណងចង់អភិវឌ្ឍសេវាដឹកជញ្ជូន និងការបញ្ជាទិញអាហារគឺជាការលើកទឹកចិត្តពិតប្រាកដមួយ។
លោកថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំមើលការលេចចេញជារូបរាងនៃការវិនិយោគរបស់មូលនិធិ SADIF នៅក្នុងក្រុមហ៊ុន Nham24»។
លោកបានបន្ថែមថា ការវិនិយោគលើក្រុមហ៊ុន Nham24 ពិតជាផ្ដល់ដល់ក្រុមហ៊ុន Smart នូវឱកាសសហការជាច្រើន ពិសេសសេវាស្របតាមគោលដៅរបស់ Smart ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន។
មូលនិធិ SADIF មានទុន ៥ លានដុល្លារ ហើយការផ្តល់មូលនិធិវិនិយោគជាទូទៅមានចាប់ពី ២៥ ០០០ ដុល្លារទៅ ៥០០- ០០០ ដុល្លារអាស្រ័យតាមដំណាក់កាល ឧស្សាហកម្ម និងតម្រូវការមូលនិធិរបស់ក្រុមហ៊ុនវិនិយោគ។
មូលនិធិនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគ និងប្រឹក្សាយោបល់ Mekong Strategic Partners (MSP)។ កាលពីចុងឆ្នាំមុនក្រុមហ៊ុនផ្ដល់ការធានារ៉ាប់រងក្នុងតំបន់ Forte បានក្លាយជាវិនិយោគិនរួមរបស់មូលនិធិ SADIF រួមជាមួយសេចក្ដីប្រកាសរបស់ក្រុមហ៊ុនវិនិយោគ ២ ដំបូងរបស់ SADIF គឺក្រុមហ៊ុន Joonaak Delivery និងក្រុមហ៊ុន Morakot Technology៕LA