ភ្នំពេញៈ ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata បានដាក់ឲ្យដំណើរការស៊ីមកាត Smart WeChat Go ជាផលិតផលថ្មីមួយ ដែលកំណត់ទិសដៅទៅលើទេសចរចិនមកកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃសុក្រ។
ផលិតផលនេះគឺជាលទ្ធផលនៃភាពជាដៃគូរបស់ក្រុមហ៊ុន Smart ជាមួយកម្មវិធីផ្ញើសារ និងការទូទាត់តាមទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេស ចិន WeChat។
ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុន Smart Axiata នឹងទាក់ទាញកំណើនចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា ដែលអាចឲ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយមិត្តភកិ្ដ និងគ្រួសាររបស់ពួកគេ និងទទួលបានការកម្សាន្តគ្មានដែនកំណត់ជាភាសាចិនតាមរយៈកម្មវិធី Lingcod TV។
លោក Stjepan Udovicic ប្រធានទីផ្សារនៅក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «ផលិតផលបង់ប្រាក់ជាមុនថ្មីគួរឲ្យភ្ញាក់ផ្អើលនេះ គឺជាមធ្យោបាយដ៏ធំសម្រាប់កំណើនចំនួនភ្ញៀវទេសចរចិនមកប្រទេស កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលពួកគេចូលចិត្តតែងតែទំនាក់ទំនងជាមួយមិត្តភកិ្ដធ្វើដំណើរ មិត្តភកិ្ដ និងគ្រួសាររបស់ពួកគេនៅប្រទេសកំណើត ព្រមទាំងដើម្បីកម្សាន្តដោយខ្លួនឯងផងដែរ»។
លោកបន្ថែមថា៖ «យើងរីករាយយ៉ាងខ្លាំងក្នុងការធ្វើការងារជាមួយ WeChat លើការបង្កើតផលិតផលថ្មី ដែលផ្ដល់ដល់ភ្ញៀវទេសចរជនជាតិចិន ជាមួយនឹងការកម្សាន្តតាមអ៊ីនធឺណិតជាភាសាចិន និងបទពិសោធបណ្ដាញដ៏ល្អបំផុតសម្រាប់ការស្នាក់នៅដ៏សប្បាយរីករាយនៅកម្ពុជា»។
ស៊ីមកាតនេះ នឹងអាចរកបានសម្រាប់ នៅតាមចំណុចចែកចាយ ដែលបង្កើតឡើងនៅប្រទេស ចិន និងនៅកម្ពុជា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប និងភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មាន WeChat ឲ្យដឹងថា WeChat Go គឺជាការបើកចំហគំរូសហការដែលផ្ដួចផ្ដើមដោយ WeChat ដើម្បីជួយសម្រួលដៃគូពិភពលោកក្នុងការដោះស្រាយតម្រូវការជាក់លាក់នៃអ្នកធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនចិន។
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ២ លាននាក់ កាលពីឆ្នាំមុន កើនឡើងជាង ៧០ ភាគរយធៀបនឹងឆ្នាំ ២០១៧៕LA