ភ្នំពេញៈ ​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត​ Smart​ Axiata ​បាន​​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ​ក្នុង​ការ​តេស្ត​សាកល្បង​​លើ​​​បច្ចេកវិទ្យា​ ​5G ​​លើក​ដំបូង​គេ​នៅ​កម្ពុជា​កាល​​ពី​ថ្ងៃ​ម្សិលមិញ​ ដោយ​​ក្រុមហ៊ុន​ Smart​ អះអាង​ថា​​ បាន​ត្រៀម​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​ទៅ​លើ​បច្ចេកវិទ្យា​នេះ​។

លោក​ Thomas ​Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata ​បាន​និយាយ​ថា ការ​ប្រកាស​ពី​គម្រោង​សាកល្បង​ 5G ​នៅ​ថ្ងៃ​នេះ​ជា​ឆ្នាំ​ដ៏​មមាញឹក​របស់​ក្រុមហ៊ុន​ Smart​ ដែល​បាន​ដាក់​ចេញ​សេវា​បច្ចេកវិទ្យា​បង្កើត​ថ្មី​​ជា​ច្រើន​ រួម​ជាមួយ​នឹង​ការ​វិនិយោគ​លើ​បណ្តាញ​ដ៏​ធំ​។ លោក​ថ្លែង​ថា៖ ​«​បេសកកម្ម​របស់​យើង​គឺ​ដើម្បី​បង្កើន​ភាព​សម្បូរ​បែប​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​តាមរយៈ​បណ្តាញ​ពិភព​លោក ​និង​បទពិសោធ​ឌីជីថល»​។ ​

លោក​បន្ត​ថា៖ ​«យើង​នឹង​បន្ត​វិនិយោគ​​ដើម្បី​បង្កើន​បណ្តាញ ​4.5G ​ដែល​មាន​ស្រាប់​របស់​យើង ​ខណៈ​ត្រៀម​សម្រាប់​បណ្តាញ ​5G ​នៅ​ពេល​បន្ទាប់​»។ ​

បើ​តាម​លោក ​Thomas ​ការ​រៀប​ចំ​បណ្តាញ ​និង​កម្មវិធី​សម្រាប់​ប្រើប្រាស់ ​5G ​នឹង​រួច​រាល់​​នៅ​ក្នុង​ឆ្នាំ ​២០១៩​ នេះ​ដោយ​ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​​ប្រាក់​រាប់​រយ​លាន​ដុល្លារ​លើ​ការងារ​នេះ​​។​ លោក​បាន​ថ្លែង​ថា៖​ «ទិសដៅ​របស់​យើង​គឺ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​ តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក ​និង​បច្ចេកវិទ្យា​ឌីជីថល»​។

លោក ​Aaron ​Wang​ ប្រធាន​ផ្នែក​បច្ចេកវិទ្យា ​(CTO)​ របស់​ Huawei Wireless Network ​បាន​និយាយ​ថា ប្រព័ន្ធ ​5G​ នឹង​ក្លាយ​ជា​ផ្នែក​ដ៏​​សំខាន់​​សម្រាប់​ការ​ផ្លាស់ប្តូរ ​បច្ចេកវិទ្យា​ ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ ​(ICT) និង​កិច្ច​សហប្រតិបត្តិការ​បើក​ទូលាយ​លើ​គ្រប់​​ឧស្សាហកម្ម​។

លោក​ថ្លែង​ថា៖ «យើង​កំពុង​និយាយ​​អំពី​ឌីជីថល​កម្ពុជា ​និង​ 5G។ វា​ពិត​ជា​​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​​បាន​នូវ​គោលដៅ​​ទាំង​នោះ​។ ក្រុមហ៊ុន​ Huawei ​តែងតែ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​កម្ពុជា​ និង​​ក្រុមហ៊ុន​ Smart Axiata ​ដើម្បី​ស្ថាបនា​​បណ្តាញ​ដ៏​ពេញ​​លេញ​នៅ​ប្រទេស ​កម្ពុជា​»។

លោក​​ថ្លែង​បន្ត​ថា៖​ «​កម្ពុជា​ គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ដែល​បាន​​ដាក់​ពង្រាយ ​4G នៅ​អាស៊ីអាគ្នេយ​។ ​ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ ​កម្ពុជា ​នឹង​ក្លាយ​ជា​​ប្រទេស​ឈាន​មុខ​គេ​ម្តង​ទៀត​សម្រាប់​ប្រព័ន្ធ 5G»។

លោក ​ម៉ៅ ​ចរិយា ​នាយក​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បាន​និយាយ​ថា នេះ​គ្រាន់​តែ​​​ជា​ដំណាក់​កាល​ដំបូង​ដែល​​​ក្រុមហ៊ុន Smart Axiata ប្រកាស​ពី​ការ​ចាប់​ផ្តើម​ធ្វើ​តេស្ត​សាកល្បង​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖​ ​«​បច្ចុប្បន្ន​​​យើង​គ្រាន់​តែ​បើក​​ឲ្យ​​ក្រុមហ៊ុន​សាកល្បង​​សិន ព្រោះ​យើង​ចង់​ដឹង​ថា​ តើ​វា​នឹង​មាន​ការ​ប៉ះពាល់​អ្វីខ្លះ​ ដូច​ជា​​ល្បឿន​ Download​ និង​ការ​គ្រប​ដណ្តប់​បណ្តាញ​សេវា​ជា​ដើម»​។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​លោក​​មិន​​ច្បាស់​ថា 5G អាច​នឹង​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​​ផ្លូវ​ការ​នៅ​ពេល​​ណា​នោះ​ទេ​ ខណៈ​បច្ចុប្បន្ន​​អាជ្ញាធរ​​​កំពុង​ពង្រឹង​ការ​គ្រប​ដណ្តប់​សេវា 4G ឲ្យ​បាន​​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ជា​មុន​សិន​។ លោក​ថ្លែង​​​ថា៖ ​«​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ ​5G​ នឹង​ឈាន​មក​ដល់ ប៉ុន្តែ​មិនមែន​ភ្លាមៗ​​នោះ​ទេ​»។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​មេសា​បាន​ចុះ ​MOU ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា ​5G មក​ប្រទេស កម្ពុជា៕ LA