ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខមួយរបស់កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន នេះកំពុងរួមចំណែកដល់ការវិនិយោគលើសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ក្រុមហ៊ុននេះបានចេញផ្សាយរបាយការណ៍ចីរភាពឆ្នាំ ២០១៧ របស់ខ្លួនកាលពីសប្ដាហ៍មុន ដែលផ្ដោតលើកតា្តសំខាន់ៗ ៤ នៃការវិនិយោគលើការជួយដល់សេដ្ឋកិច្ចសង្គម។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «យើងទទួលស្គាល់ថា យើងមានការទទួលខុសត្រូវដ៏ធំ ក្នុងការធានាឲ្យប្រាកដថា កំណើនអាជីវកម្មរបស់យើងរីកចម្រើនជាមួយភាគីពាក់ព័ន្ធ និងសហគមន៍ក្នុងស្រុករបស់យើង»។
នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Smart បានឲ្យដឹងថា ខ្លួនបានរួមចំណែក ៣៣៩ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់កម្ពុជា ដែលមានចំនួន ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
ក្រុមហ៊ុនបានបង្កើតការងារ ៥២ ៥៥៤ នាក់ទូទាំងចង្វាក់តម្លៃរបស់ខ្លួន៕ ភ្នំពេញ ប៉ុស្ដិ៍