ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Axiata Group បាន​វិនិយោគ ៩០ ​លាន​ដុល្លារ​បន្ថែមទៀត​ ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​តាមរយៈ​ការពង្រីក និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បណ្ដាញ​ទំនាក់ទំនង​ខ្លួន​ដើម្បី​ធានា​ឱ្យបាន​នូវ​ស្ថិរភាព និង​ល្បឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​អតិថិជន​ទូទាំង​ប្រទេស​កម្ពុជា​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ៣០ ខែមីនា ការវិនិយោគ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​កម្មវិធី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​ឆ្នាំ​ ២០២១ និង​ពង្រឹង​បណ្ដាញ​ប្រព័ន្ធ 4G LTE សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ប្រទេស ព្រមទាំង​ធានាថា បណ្ដាញ​ទំនាក់ទំនង​បាន​ត្រៀម​រួចរាល់​នៅពេល​មាន​ការរៀបចំ​ដំឡើង​ប្រព័ន្ធ 5G ដ៏ធំ​មួយ​នៅពេល​ខាងមុខ ខណៈ​រដ្ឋាភិបាល​បានផ្ដល់​ការអនុញ្ញាត​ឱ្យប្រើ​បច្ចេកវិទ្យា​ដ៏ថ្មី​បំផុត​នេះ​ដែល​នឹង​ផ្ដល់​គុណភាព​នៃ​ល្បឿន​អ៊ីនធឺណិត​កាន់តែ​ប្រសើរ​។

សេចក្ដី​ប្រកាស​បន្តថា ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​ពិតជា​មាន​សារៈសំខាន់​ណាស់ ពិសេស​ការលើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​ឌីជីថល​។ ការប្រើ​ប្រព័ន្ធ 4G មាន​សារៈសំខាន់​សម្រាប់​អតិថិជន ព្រោះ​វា​អាច​ផ្ដល់ឱ្យ​ពួកគេ​នូវ​ព័ត៌មាន​ថ្មី​អំពី​ជំងឺ​កូវីដ​ ១៩ ជួយ​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ ការសិក្សា​តាម​អនឡាញ ធ្វើ​ប្រតិបត្តិការ​ទូទាត់​លើ​ទូរស័ព្ទ​ចល័ត និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភកិ្ដ និង​ក្រុមគ្រួសារ​។

លោក Thomas Hundt នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata ឱ្យដឹងថា ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជា​ប្រចាំ​សម្រាប់​អតិថិជន​គឺ​តែងតែ​ជា​គោល​សំខាន់ៗ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន Smart​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​មិន​ខុសពី​ឆ្នាំមុនៗ​ឡើយ ថ្វី​ដ្បិត​មាន​បញ្ហា​ប្រឈម​ជាមួយ​ជំងឺ​កូវីដ ​១៩ ក៏​បញ្ហា​ប្រឈម​ទាំងនេះ​ជំរុញ​ឱ្យ​យើង​ធានាបាន​ថា អតិថិជន​របស់​យើង​អាច​ពឹង​ផ្អែកលើ​បណ្ដាញ​ទំនាក់ទំនង​យើង ដើម្បី​រក្សា​ទំនាក់ទំនង​យ៉ាងសកម្ម​ជាមួយ​អ្នកដទៃ ទោះបី​ពួកគេ​កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រា​ដ៏លំបាក​នេះ​ក៏ដោយ​»​។

លោក​បន្តថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត អតិថិជន​នឹង​ឃើញ​មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​របស់​ពួកយើង ហើយ​ក្រុមហ៊ុន​នឹង​អាច​ផ្ដល់ជូន​នូវ​បទពិសោធ​អ៊ីនធឺណិត​កាន់តែ​ល្អប្រសើរ​ជាង​មុន សម្រាប់​ការសិក្សា​តាម​អនឡាញ ការលេង​ហ្គេម វីដេអូ និង​តន្ដ្រី​»​។

ទិន្នន័យ​ចុងក្រោយ​ពី TRC បង្ហាញថា គិត​ត្រឹម​ខែឧសភា ចំនួន​ការជាវ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​របស់​ប្រតិបត្តិការ​ទាំង ៦ នៅ​ប្រទេស​កម្ពុជា គឺ ២០ ៤៨១ ០៥១ ធ្លាក់ចុះ​ ០,០៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជាមួយ​គ្នា​នេះ​ដែរ ចំនួន​នៃ​ការជាវ​អ៊ីនធឺណិត​លើ​តុ និង​អ៊ីនធឺណិត​ខ្សែ​មាន​ចំនួន ៥២ ៤៨០ ​ប៉ុណ្ណោះ គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​ ២០២០ ធ្លាក់​ចុះ​ ២១,៦២ ​ភាគរយ ធៀប​នឹង​ចុងខែ​ឧសភា ឆ្នាំ​ ២០១៩​។

បច្ចុប្បន្ន​ក្រុមហ៊ុន Smart មាន​ស្ថានីយ​ជាង ៣ ០០០ ​ទីតាំងនៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​អតិថិជន ៨ ​លាន​នាក់​ទទួលបាន​បទពិសោធ​ឌីជីថល​ពិសេស​លើ​បណ្ដាញ 4G LTE ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩១,៥ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោង​សង់​ស្ថានីយ​បណ្ដាញ​ចំនួន ៣៥០ ​កន្លែង​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​ចល័ត​ដែល​កំពុង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​។ លើសពី​ការសាងសង់​ស្ថានីយ​បណ្ដាញ​ថ្មី ក្រុមហ៊ុន​ក៏មាន​បំណង​អភិវឌ្ឍ​ស្ថានីយ​ដែល​មាន​ស្រាប់​ផងដែរ​។

ក្នុង​ខណៈ​ដែល​អតិថិជន Smart បានចាប់ផ្ដើម​ការប្រើប្រាស់ 4G យ៉ាង​រហ័ស ក្រុមហ៊ុន​ក៏​នឹង​មាន​គម្រោង​បញ្ឈប់​បណ្ដាញ​សេវា 3G របស់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ផ្លាស់ប្តូរ​វិសាលគមន៍ ហ្វ្រេកង់វិទ្យុ ដែល​នៅសល់​ពី​បណ្ដាញ 3G ទៅជា 4G​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ ក្រុមហ៊ុន Smart បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ១,៨៨ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​បាន​បង់ពន្ធ​ចំនួន ៥៦២ ​លាន​ដុល្លារ និង​កម្រៃ​និយតកម្ម​ដល់​រតនាគារ​កម្ពុជា​៕ LA