ភ្នំពេញ: ក្រុមហ៊ុន Smart សហការ​ជាមួយ Impact Hub Phnom Penh ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​តាម​អនឡាញ​សម្រាប់​សហគ្រិន​ក្នុង​ស្រុក ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ជាមួយ​នឹង​មូលនិធិ​ ១ ​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ វគ្គ​សិក្សា​អនឡាញ​ដោយ​មិន​គិត​ប្រាក់​នេះ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​សហគ្រិន​នៅ​កម្ពុជា ដើម្បី​ជម្នះ​បញ្ហា​ដែល​បាន​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩​។ កម្មវិធី​នេះ​បង្កើតឡើង ជាពិសេស​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ធុន​តូច និង​មធ្យម​ដែល​ត្រូវការ​ដំណោះស្រាយ ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រសើរឡើង និង​បង្កើត​ក្រុមហ៊ុន​ដែល​ធន់​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។

កញ្ញា Olivia Hough នាយិកា​គ្រប់គ្រង​របស់ Impact Hub Phnom Penh បានឱ្យដឹងថា គោលដៅ​នៃ​កម្មវិធី​ពង្រឹង​អាជីវកម្ម ធុន​តូច និង​មធ្យម​គឺ​ដើម្បី​នាំយក​ចំណេះដឹង​ដល់​សហគ្រិន​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជួយ​ពួកគេ​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព និង​ភាពធន់​ដែល​អាច​ជម្នះ​វិបត្តិ ដូចជា​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩​។

កញ្ញា Olivia ថ្លែងថា​៖ «​យើង​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Spring Activator ជា​ក្រុមហ៊ុន​កាណាដា​ដែល​គាំទ្រ​ដល់​អាជីវកម្ម​ទើប​បង្កើត​ថ្មី និង​មាន​បទពិសោធ​ក្នុង​ការឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​ចំនួន​ ៣ ​លើក​ដែល​នេះ​ហើយ ជា​កត្តា​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​បទពិសោធ​ដោយផ្ទាល់​ក្នុង​ការដឹកនាំ​អាជីវកម្ម​ឆ្លងកាត់​ពេលវេលា​លំបាក​ដោយសារ​តែ​ភាពមិនប្រាកដប្រជា និង​ហានិភ័យ​។ យើង​បាន​ដាក់​បញ្ចូល​ការសិក្សា និង​បកប្រែ​ខ្លឹមសារ​ឱ្យ​ស័ក្ដិសម​នឹង​បរិបទ​សង្គម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ឱ្យ​ដឹងថា SME មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ។

លោក​ថា​៖ «​យើង​មាន​មោទនភាព​ណាស់ ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​អាជីវកម្ម​របស់ Impact Hub​។ ភាពជោគជ័យ​របស់​អាជីវកម្ម​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច​ឱ្យ​រឹងមាំ​ក្នុង​អំឡុងពេល​ដែល​អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា​ការផ្លាស់ប្តូរ​ក្នុង​ទីផ្សារ ការបាត់បង់​អតិថិជន និង​បញ្ចូល​សកម្មភាព​ទៅ​អនឡាញ​»៕LA