ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃច័ន្ទ​ថា ខ្លួន​នឹង​វិនិយោគ​ទឹក​ប្រាក់​លើស​ពី ៩០ លាន​ដុល្លា​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២១ នេះ ដោយ​ពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ទំនាក់ទំនង​របស់​ខ្លួន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថេរភាព និង ល្បឿន​នៃ​បណ្ដាញ អ៊ីនធឺណិត​សម្រាប់​អតិថិជន​ក្រុមហ៊ុន។

ចំណុច​សំខាន់​នៃ​កម្មវិធី​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​ឆ្នាំ​ ២០២១នឹង​ពង្រឹង​បណ្តាញ​ប្រព័ន្ធ 4G LTE សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស​ ព្រម​ទាំង​ធានា​ឲ្យ​បាន​ថា បណ្ដាញ​ទំនាក់​ទំនង​បាន​ត្រៀម​រួច​រាល់​ ពេល​រៀប​ចំ​តំឡើង​ប្រព័ន្ធ 5G ដ៏​ធំ​មួយ​ ខណៈ​ពេល​​រាជរដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដ៏​ថ្មី​បំផុត​នេះ​ដែល​នឹង​ផ្ដល់​គុណភាព​នៃ​ល្បឿន​អ៊ិនធឺណិត​កាន់​តែ​ប្រសើរ។​

បច្ចុប្បន្ន ក្រុមហ៊ុន Smart មាន​ស្ថាននីយ៍​បណ្តាញ​ចំនួន ៣ ០០០ ជាង​ទីតាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ចំនួន ៨ លាន​នាក់​ទទួល​បាន​បទ​ពិសោធន៍​ឌីជីថល​ពិសេស​លើ​បណ្តាញ 4G LTE ដែល​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩១,៥% នៃ​ចំនួន​ប្រជាជន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ និង ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជា​ប្រចាំ​សម្រាប់​អតិថិជន​របស់​ពួកយើង​តែងតែ​ជា​គោល​សំខាន់​នៃ​ប្រតិបត្តិការ​អាជីកម្ម​របស់​ក្រុមហ៊ុន Smart នៅ​កម្ពុជា ហើយ​ឆ្នាំនេះ​មិន​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​ឡើយ ថ្វីត្បិត ជា​មាន​បញ្ហា​ប្រឈម​ជាមួយ​ជំងឺ​កូវីដ១៩​ក៏ដោយ។ បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ជំរុញ​ឱ្យ​យើង​ធានា​ឲ្យ​បាន​ថា អតិថិជន​របស់​យើង​អាច​ពឹង​ផ្អែក​លើ​បណ្តាញ​ទំនាក់​ទំនង​របស់​យើង​ដើម្បី​រក្សា​ទំនាក់​ទំនង​យ៉ាង​សកម្ម​ជាមួយ​អ្នក​ដទៃ​ ទោះ​បី​ពួកគេ​កំពុង​អនុវត្ត​វិធាន​ការ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រា​លំបាក​នេះ​ក៏​ដោយ។»

គិត​ត្រឹម​ចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ក៏​បាន​បង់​ពន្ធ​ចំនួន ៥៦២ លាន​ដុល្លារ​លើ​ពន្ធអាករ និង កម្រៃ​និយ័តកម្ម​ដល់​រតនាគារ​កម្ពុជា៕