ភ្នំពេញៈ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Axiata Group Berhad មាន​មូលដ្ឋាន​នៅក្នុង​ម៉ាឡេស៊ី​បាន​បោះទុន​ប្រមាណ​ ១,៤ ​ពាន់​លាន​ដុល្លារ​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រធាន​ក្រុមហ៊ុន​។

លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម ប្រធាន​ក្រុមហ៊ុន Axiata Group Berhad ថ្លែង​បែបនេះ​ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​អង្គារ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន Smart Axiata បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​អស់​ប្រមាណ ១,៤ ​ពាន់​លាន​ដុល្លារ​ហើយ ហើយ​ក្រុមហ៊ុន​កំពុងមាន​គម្រោង​វិនិយោគ​បន្ថែមទៀត​លើ​បច្ចេកវិទ្យា​ថ្មី ទំនើប រួមទាំង​ប្រព័ន្ធ​ល្បឿន​លឿន 5G ផងដែរ​។ ការវិនិយោគ​របស់​ក្រុមហ៊ុន Smart Axiata គឺ​មិន​ត្រឹមតែ​ដើម្បី​រក​ផលចំណេញ​នោះទេ ប៉ុន្តែ​ក៏មាន​គោលដៅ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ក៏​ដូចជា​សង្គមជាតិ​កម្ពុជា​ផងដែរ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​លោក តាន់ស្រ៊ី​ និង​ក្រុមហ៊ុន Smart ដែល​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​តាម​កម្មវិធី​មនុស្សធម៌​នានា​របស់​ក្រុមហ៊ុន​។

លោកនាយ​រដ្ឋមន្ត្រី​ក៏បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​ឲ្យ​គ្របដណ្ដប់​ទៅលើ​ទី​ជនបទ​ឲ្យ​បាន​ច្រើន​ទូលំទូលាយ ពិសេស​លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​ក្នុង​ការជួយ​ផ្តល់នូវ​សេវា​អ៊ីនធឺណិត​ដល់​សាលារៀន រួមទាំង​សាកលវិទ្យាល័យ និង​វិទ្យាល័យ​ព្រមទាំង​នៅតាម​បណ្ណាល័យ​ជាដើម និង​មន្ទីរពេទ្យ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រូបង្រៀន និស្សិត និង​សិស្សានុសិស្ស​មានឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះវិជ្ជា ដើម្បី​ពង្រឹងគុណភាព និង​សមត្ថភាព​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​រីកចម្រើន​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន Smart Axiata ពិចារណា​ពិនិត្យមើល​ប្រព័ន្ធ​ស្មាត​នៅក្រៅ​ប្រទេស (Roaming) ផងដែរ គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​ស្មាត​អាច​ដំណើរការ​ទៅបាន​ទាំង​ការហៅ​ចេញចូល និង​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​បានល្អ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស​គឺ​ប្រព័ន្ធ​ស្មាត​មិន​សូវ​មាន​ដែល​លំបាក​ក្នុងការ​ប្រើប្រាស់​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការពង្រីក​វិសាលភាព​ថែមទៀត​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​គឺ​នឹង​ធ្វើឲ្យ​កាន់តែ​ពេញនិយម​ពី​ប្រជាពលរដ្ឋ និង​យុវជន​សិស្សានុសិស្ស​ជាមិនខាន ព្រោះ​​សព្វថ្ងៃនេះ​ក្រុមហ៊ុន Smart Axiata កំពុងមាន​សក្ដានុពល​ខ្លាំង​ផ្នែក​វិស័យ​ទូរគមនាគមន៍​ដែល​ទាក់ទាញ​បាន​ជំនឿ​ជឿជាក់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​»​។

បើ​យោងតាម​លោក តាន់ស្រ៊ី ក្រៅពី​ការ​ផ្តោតលើ​អាជីវកម្ម បច្ចុប្បន្ននេះ​ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​កិច្ចការ​សង្គម​ដូចជា​លើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល​ក៏ដូចជា​វិស័យ​បរិស្ថាន និង​កីឡា​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន Smart Axiata នឹង​បន្ត​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​បន្តទៀត​ដែល​នឹង​គ្របដណ្ដប់​ទៅ​តាម​ទីជនបទ​នៅ​ទូទាំង​ប្រទេស​»​។

ក្រុមហ៊ុន Smart Axiata បាន​ចូលរួម​ចំណែក​ជាង ៣៧៤ លាន​ដុល្លារ​ដល់​សេដ្ឋកិច្ចកម្ពុជា​កាលពី​ឆ្នាំមុន​ដែល​ស្មើនឹង ១,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​និរន្តរភាព​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែវិច្ឆិកា​។

ក្រុមហ៊ុន​បាន​ប្តេជ្ញា​អនុវត្ត​គម្រោង​ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​ចល័ត និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​តាមរយៈ​ការបរិច្ចាគ​ថវិកា​ជាង​ ៨,៣ លាន​ដុល្លារ​ ដល់​មូលនិធិ​កាតព្វកិច្ច​សេវាកម្ម​សកល​របស់​រដ្ឋាភិបាល​ក៏ដូចជា​មូលនិធិ​កសាង​សមត្ថភាព និង​មូលនិធិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​៕