ភ្នំពេញៈ ក្រុមហ៊ុន Sumitomo Mitsui Banking Corporation (SMBC) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) សម្រាប់ការគាំទ្រ និងកៀរគរក្រុមហ៊ុនជប៉ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជប៉ុន។
MOUនេះត្រូវបានចុះហត្ថលេខារវាងលោក Takeshi Kunibe ប្រធាន និងជាអគ្គនាយករបស់ ក្រុមហ៊ុន SMBC និង លោកស្រី លឹម ឈីវហូ ប្រធានរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីក្រុងភ្នំពេញ។
លោកស្រី ផល ពិសី លេខាធិការនៅការិយាល័យតំណាងក្រុងភ្នំពេញរបស់ក្រុមហ៊ុន SMBC បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថា កិច្ចព្រមព្រៀងនេះគឺសម្រាប់ការចាប់ផ្ដើមសហប្រតិបត្តិការទៅវិញទៅមករួមទាំងការគាំទ្រ និងការកៀរគរក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រី បាននិយាយថា៖ «ភាគីនីមួយៗនឹងសហការគ្នា យ៉ាងជិតស្និទ្ធនៅក្នុងការទាក់ទាញពាណិជ្ជកម្មកាន់តែច្រើន ពីប្រទេសជប៉ុនដើម្បីមកវិនិយោគនៅកម្ពុជា។ យើងនឹងផ្ដល់ព័ត៌មានចាំបាច់ដល់ម្ចាស់ពាណិជ្ជកម្មមកពី ជប៉ុន និងជួយពួកគេក្នុងការដោះស្រាយជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)»។
លោកស្រីបានបន្ថែមថា៖ «PPSEZ នឹងទទួលបានវិនិយោគិនកាន់តែច្រើននៅក្នុងតំបន់របស់ខ្លួន ហើយ SMBC នឹងរក្សាសេវាកម្មដ៏ល្អបំផុតរបស់ខ្លួនដល់អតិថិជនតាមរយៈ ការជួយពួកគេនៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស កម្ពុជា»។
ក្រុមហ៊ុន SMBC បានបើកដំណើរការការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងភ្នំពេញកាលពីខែសីហា ឆ្នាំ២០១២។
លោកស្រី ពិសី បានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនប្រហែល៦៣បានបើកដំណើរការ រួចហើយនៅ PPSEZ ហើយពួកគេជាងពាក់កណ្ដាលគឺជាក្រុមហ៊ុនជប៉ុន។
ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាទៅជប៉ុនបានកើនឡើង៣១ភាគរយនៅក្នុងឆមាសទី១ឆ្នាំនេះដល់ជាង២៤០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលសរុបពីប្រទេសជប៉ុនបានធ្លាក់ចុះតែជាង១ភាគរយមកនៅត្រឹម១០៧លានដុល្លារ។
យោងតាមទិន្នន័យបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានព្រមទទួលយកការវិនិយោគពីជប៉ុនមានតម្លៃប្រហែល៣៦៦ លានដុល្លារចន្លោះ ១៩៩៤ ដល់ឆ្នាំ២០១២៕PB