The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SME កំពុង​ចាំ​មើល​នីតិវិធី​ទាក់ទង ​ការ​លើកលែង​ពន្ធ​​

SME កំពុង​ចាំ​មើល​នីតិវិធី​ទាក់ទង ​ការ​លើកលែង​ពន្ធ​​

Content image - Phnom Penh Post
សកម្ម​ភាព​នៅ​ក្នុង​រោង​ចក្រផលិត​នំ​មួយ​កន្លែង ​ក្នុង​រាជធានី​ភ្នំពេញ។ ហុង មិនា

SME កំពុង​ចាំ​មើល​នីតិវិធី​ទាក់ទង ​ការ​លើកលែង​ពន្ធ​​

ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) កំពុង​តែ​រង់ចាំ​​នីតិវិធី​ដើម្បី​ដាក់​ពាក្យ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ពី​រដ្ឋាភិបាល ខណៈ​អាជ្ញាធរ​ពន្ធដារ​ នៅ​មិន​ទាន់​បង្ហាញ​ពី​នីតិវិធី​លម្អិត​នៅ​ឡើយ​។ នេះ​បើ​យោង​តាម​តំណាង​វិស័យ SME។

លោក លី វិសាល ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​​មធ្យម​កម្ពុជា (FASMEC) បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ដល់ SME ក្នុង​វិស័យ​អាទិភាព​ចំនួន ៦ រយៈពេល​ជាង​ ៣ ​ខែ​មក ក្រុមហ៊ុន សហគ្រាស មួយ​ចំនួន​នៅ​​តែ​កំពុង​រង់ចាំ​ការ​ប្រកាស​ពី​នីតិវិធី​លម្អិត​ពី​រដ្ឋាភិបាល។

លោក​ថ្លែង​ថា​៖ «បើ​តាម​ដំណឹង​ពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ នីតិវិធី​លម្អិត​ពី​​ការ​លើកលែង​ពន្ធដារ​សម្រាប់​វិស័យ​​អាទិភាព​ទាំង ៦ ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​នោះ ​នឹង​ត្រូវ​រួចរាល់​នៅ​ចុង​ខែ​មករា នេះ»។

លោក​បាន​​បន្ត​ថា៖ «បន្ទាប់​ពី​មាន​ព័ត៌មាន​ការ​លើក​លែង​ពន្ធដារ​ចំពោះ​វិស័យ ៦​ អាទិភាព​នោះ មាន​ក្រុមហ៊ុន និង​អាជីវករ​ជា​ច្រើន​សម្តែង​ក្តី​រីករាយ តែ​សម្រាប់​ការ​សម្រេច​ចិត្ត​បែប​ណា​នោះ ពួក​គេ​នៅ​រង់ចាំ​មើល​នីតិវិធី​ដែល​​ចេញ​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ជា​មុន​សិន»។

យោង​តាម​អនុ​ក្រឹត្យ​ស្តីពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​​ធុន​តូច និង​មធ្យម (SME) ក្នុង​វិស័យ​អាទិភាព ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ២ ខែ​តុលា ឆ្នាំ​ ២០១៨ វិស័យ​អាទិភាព​ចំនួន ៦ ដូច​ជា​វិស័យ​ផលិតផល​កសិកម្ម ឬ​កសិ​ឧស្សាហកម្ម ព្រម​ទាំង​ផលិត និង​កែ​ច្នៃ​ម្ហូប​អាហារ និង រោង​ចក្រ​ផលិត​ជា​ដើម នឹង​ទទួល​បាន​​ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈ​​ពេល​ពី ៣ ទៅ ៥ ឆ្នាំ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​បញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះ​បញ្ជី​​ថ្មី​ឬ​ចាប់​ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​​សហ​គ្រាស​​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ។

យោង​តាម​អនុក្រឹត្យ​ថ្មី​នេះ បើ SME ណា​មួយ​មាន​បំណង​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ៥ ឆ្នាំ SME នោះ​ត្រូវ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ចាប់​ពី ៦០ ភាគរយ​ឡើង​ទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាង​តិច ២០ ភាគរយ ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​​មធ្យម។

លោកស្រី ចេន សុភាព ស្ថាបនិក​​ «កី​តម្បាញ​ខ្មែរ» ដែល​មាន​លក់​ផាមួង និង​ស៊ឹង​ខ្មែរ បាន​និយាយ​ថា​រហូត​មក​ដល់​ពេល​នេះ​លោកស្រី​ មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ទេ ដោយសារ​មិន​ទាន់​បាន​រៀបចំ​ឯកសារ​​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ផ្នែក​ពន្ធដារ​​ម្យ៉ាង​ទៀត​ក្រុមហ៊ុន​របស់​លោក​ស្រី ក៏មាន​បុគ្គលិក​តិច និង​ប្រាក់​ចំណូល​ទាប​នៅ​ឡើយ។

លោកស្រី​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ទេ ព្រោះ​នៅ​ពេល​ចុះ​បញ្ជី​គេ​តម្រូវ​ឲ្យ​មាន​ឯកសារ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ជា​ច្រើន»។ លោកស្រី​បាន​បន្ត​ទៀត​ថា ៖«បច្ចុប្បន្ន​ខ្ញុំ​ក៏​កំពុង​សិក្សា និង​រៀបចំ​ឯកសារ​ជា​បណ្តើរ​ៗ​សម្រាប់​ត្រៀម​ខ្លួន​​ក្នុង​ការ​ចុះ​បញ្ជី​ដែរ»។

បច្ចុប្បន្ន​នេះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​ជាង ៥០ ម៉ឺន​នៅ​កម្ពុជា ខណៈ​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​មាន​ប្រហែល​ត្រឹម​តែ​ ៤ ម៉ឺន​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក តែ តាំងប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ៕ LA

អត្ថបទគួរចាប់អារម្មណ៍