ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម (SME) ជា​ផ្នែក​ដ៏សំខាន់​ក្នុង​ការជំរុញ​កំណើន​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែល​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​សម្រេចបាន​ផែនការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ «​ការលើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម និង​វិស័យ​ឧស្សាហកម្ម​» កាលពី​ថ្ងៃ​សុក្រ​ថា វិស័យ​ឧស្សាហកម្ម​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ដោយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​សរុប​ក្នុងស្រុក​ (GDP) ​ប្រមាណ ៣២,៨ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៨ លឿន​ជាង​ផែនការ​ដែល​រដ្ឋាភិបាល​កំណត់​ថា​នៅ​ឆ្នាំ​ ២០២៥ វិស័យ​ឧស្សាហកម្ម​នឹង​មាន​ចំណែក ៣០ ​ភាគរយ​នៃ​ GDP​។

បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ប្រមាណ ១,២ ​លាន​នាក់​ កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ SME​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក សុខគង់ បន្ត​ថា​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​គឺជា​ចំណែក​ដ៏ធំ​ដែល​បានមកពី SME ដោយ​មាន​រហូតដល់​ជាង​ ៩០ ​ភាគរយ​ ក្នុងចំណោម​សហគ្រាស​សរុប​ទាំង​ ៥១ ​ម៉ឺន​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ដោយសារ SME នៅ​កម្ពុជា​មាន​ចំនួន​ច្រើន និង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើន ហេតុនេះ​យើង​ត្រូវធ្វើ​ការសិក្សា​ឲ្យ​បាន​ច្បាស់​ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​កាន់​តែមាន​ចំណែក​សំខាន់​ថែមទៀត​»​។

លោក​បន្តថា ខណៈ​បច្ចុប្បន្ន​ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ដូច្នេះ​ដើម្បី​ឲ្យ​ការអភិវឌ្ឍ SME បាន​ល្អ កម្ពុជា​ត្រូវតែ​គិតគូរ​ឲ្យ​បាន​ច្រើន​ពី​ការធ្វើ​ទំនើបកម្ម​។

លោក​និយាយ​ថា​៖ «​អ្វី​ដែល​យើង​ត្រូវ​រុញ​មុន​គេ​គឺ Good Digital បន្ទាប់មក​យើង​រុញ​វិស័យ​ឧស្សាហកម្ម​ធំៗ ហើយ​បន្តបន្ទាប់​ទៀត​យើង​នឹងសិក្សា​លម្អិត​ថា តើ​ឧស្សាហកម្ម​កម្រិតណា​ដែល​យើង​ត្រូវ​រុញ​ទៅជា​ឧស្សាហកម្ម​ទី​ ៤ មុនគេ​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​បានប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ និង​យន្តការ​ថ្មីៗ​ជាច្រើន​ដើម្បី​ជួយ​ដល់ SME ដែល​មាន​ដូចជា ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ ការលុបបំបាត់​នីតិវិធី​ស្មុគស្មាញ និង​ការធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​ជាដើម​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​បន្តថា រហូត​មក​ដល់​ពេលនេះ​មាន SME ប្រមាណ​តែ ៥ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​។

លោក​អះអាង​ថា​៖ «​នេះ​ជា​បញ្ហា​ប្រឈម​ធំ​របស់​យើង​។ នៅពេល​ដែល​មាន SME មក​ចុះបញ្ជី​តិច​បែប​នេះ វា​ធ្វើឲ្យ​រដ្ឋ​ពិបាក​ក្នុង​ការគ្រប់គ្រង និង​មិនដឹង​ពី​ចំណុច​ខ្វះខាត​ដែល​វិស័យ​ឯកជន​កំពុង​ត្រូវការ​»​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​សហគ្រាស​ធំៗ​ប្រមាណ​ជាង ១ ៦០០ ចំណែក SME មាន​ជាង ៥១ ​ម៉ឺន ​ក្រុមហ៊ុន​នៅក្នុង​នោះ​ផ្នែក​កម្មន្តសាល​មាន​ប្រហែល​ ១៥ ​ភាគរយ និង​សេវាកម្ម ការលក់ដុំ និង​លក់រាយ​មាន​ ៨៥ ​ភាគរយ​។

លោក​ប្រាប់​ថា​ទោះបី​វិស័យ SME កំពុង​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​ល្អ តែ​វា​មាន​បញ្ហា​ចោទ​ខ្លះ​លើ​ទីផ្សារ​ដែរ ទាំង​ការលក់​ក្នុង​ស្រុក និង​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ SME ត្រូវខិតខំ​ពង្រឹង​គុណភាព​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។

លោក​បន្ត​ថា​៖ «​ផលិតផល SME ភាគច្រើន​មិន​ទាន់​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​អ្នកប្រើប្រាស់​ក្នុង​ស្រុក និង​នាំចេញ​នៅ​ឡើយ​ទេ ទោះបី​ផលិតផល​នោះ​មានការ​ចុះបញ្ជី និង​មាន​គោលការណ៍​ស្ដង់ដា​គុណភាព និង​ការវេចខ្ចប់​ត្រឹមត្រូវ​ក៏ដោយ​»​។

លោក លី វិសាល ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​និយាយ​ថា​ក្នុង​នាម​វិស័យ​ឯកជន​លោក​ពិតជា​ចង់ឃើញ SME ទាំងអស់​ត្រូវ​បាន​ចុះបញ្ជី ដើម្បី​ធ្វើឲ្យ​ការរកស៊ី​កាន់តែ​មាន​តម្លាភាព ហើយ​រដ្ឋ​ក៏​ងាយស្រួល​គ្រប់គ្រង​ផង​ដែរ ពិសេស​ការលើក​/​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​។

លោក​បន្ត​ថា​បើ SME មិន​ចុះបញ្ជី​ដូច​សព្វថ្ងៃ អាជ្ញាធរ​ពិតជា​ពិបាក​ដឹងថា តើ​ពួកគាត់​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​ជួយ​លើ​ផ្នែក​ណាមួយ​នោះទេ​។ ការផ្តល់​កម្ចី​អាចជា​ការចាំបាច់​ដើម្បី​ជួយ​ពង្រឹង​វិស័យ SME នៅ​កម្ពុជា​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា កំណើន​នៃ​ក្រុមហ៊ុន​ប្រភេទ SME ដែល​ទៅ​ចុះបញ្ជី​កំពុង​មានការកើនឡើង​ជា​បន្តបន្ទាប់ ខណៈ​ដែល​ការពង្រឹង​ផ្នែក​ច្បាប់​របស់​អាជ្ញាធរ និង​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី និង​ការលើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល​»​។

បើ​តាម​លោក ហេង សុខគង់ ធនាគារ SME នឹង​បើក​ដំណើរ​នៅក្នុង​ការផ្តល់​កម្ចី​ដល់​វិស័យ SME តាម​ផែនការ​នៅ​ចុងឆ្នាំ​ ២០១៩ នេះ​។ លោក​ថ្លែង​ថា​៖ «​នៅពេល​យើង​មាន​ធនាគារ SME ផ្ទាល់​វា​នឹងមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឲ្យ SME អាច​ធ្វើ​ទំនើបកម្ម និង​ពិពិធកម្ម​បាន​កាន់តែ​លឿន នៅពេល​ដែល​យើង​មាន​ដើមទុន​ច្រើន​»៕