The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

អ្នក​រង​គ្រោះ​ពី​ជម្លោះ​ដីធ្លី​ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក។
អ្នក​រង​គ្រោះ​ពី​ជម្លោះ​ដីធ្លី​ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក។ SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។ ម៉ៃ វីរៈ

SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​បង្កើត​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​កែ​លម្អ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា។

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) កាល​ពី​ម្សិល​មិញ​បាន​រៀបចំ សិក្ខាសាលា​មួយ​ស្ដី​ពី «សុចរិតភាព​ធុរកិច្ច​សម្រាប់​សហគ្រិន​កម្ពុជា» ដែល​មាន​ការ​ចូល​រួម​ពី​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​សមាគម​ភ្នាក់​ងារ​បញ្ជូន​ទំនិញ​កម្ពុជា ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​សុចរិត​ភាព​ធុរកិច្ច​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើត​គោល​នយោបាយ​ផ្ទៃ​ក្នុង​សម្រាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​ក្នុង និង​ក្រៅ​ស្ថាប័ន។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ TI Cambodia បាន​ថ្លែង​ថា វិស័យ​ឯកជន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​កំពុង​ប្រឈម​នឹង​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​នៅ​ក្នុង ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​អំពើ​ពុក​រលួយ​មាន​កម្រិត​ខ្ពស់។

លោក​ថ្លែង​ថា៖ «យើង​បាន​មើល​ឃើញ​របៀប​ពុក​រលួយ​ពីរ​នៅ កម្ពុជា។ បរិបទ និង​ប្រព័ន្ធ​គ្រប់​គ្រង​បាន​ដាក់​សម្ពាធ​ឲ្យ​វិស័យ​ឯកជន​បង់​ថ្លៃ​សេវា​ក្រៅ​ផ្លូវ​ការ​ដើម្បី​ទទួល​បាន​សេវា ហើយ​ក៏​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ប្រកួត​ប្រជែង​បែប​ផ្លូវ​កាត់​តាម​រយៈ​ការ​សូក​ប៉ាន និង​បន្លំ​ដើម្បី​យក​ប្រៀប​លើ​ដៃគូ​បង្កើត​ជា​ប្រព័ន្ធ​ទទួល​យក​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​មន្រ្តី​ពាក់​ព័ន្ធ»។

លោក​បន្ត​ថា៖ «ទាំង​ពីរ​រូបភាព​ធ្វើ​ឲ្យ​បរិយាកាស​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​មិន​ល្អ ហើយ​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ចំណូល​ជាតិ និង​ខាត​ប្រយោជន៍​ដល់​ក្រុម​ហ៊ុន​ដែល​គេ​រក​ស៊ី​ត្រឹម​ត្រូវ ស្រប​ច្បាប់ និង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ពី​ប្រទេស​ដែល​គេ​មាន​ច្បាប់​តឹងរ៉ឹង មិន​អាច ឬ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចង់​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ»។

តាម​ការ​ពន្យល់​របស់​លោក ព្រាប កុល សុចរិត​ភាព​ធុរកិច្ច​នៅ​កម្ពុជា​នេះ​ជា​ការ​បង្កើត​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្ទៃ​ក្នុង​មួយ​សម្រាប់​ក្រុម​ហ៊ុន​ឯកជន​ពាក់​ព័ន្ធ​នឹង​តម្លាភាព​ហិរញ្ញវត្ថុ​ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​ពួក​គេ​មិន​ឲ្យ​ទទួល​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ​ពេល​ពួក​គេ​ស្វែង​រក​សេវា​សាធារណៈ និង​ជា​ការ​បង្កើត​ក្រម​សីលធម៌​សម្រាប់​ក្រុម​ហ៊ុន​ដើម្បី​ចៀស​ផុត​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្ទៃ​ក្នុង​ផង​ដែរ។

តួលេខ​ពី TI Cambodia បង្ហាញ​ថា មាន​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ប្រហែល ២៥ ០០០ កំពុង​ដំណើរការ​នៅ កម្ពុជា។

លោក តែ តាំងប៉ ប្រធាន​សហព័ន្ធ​សមាគម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ថ្លែង​ថា លុះ​ណា​តែ SME មាន​ការ​យល់​ដឹង​ពី​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា បើ​មិន​អ៊ីចឹង​ទេ​ពួក​គេ​នឹង​មិន​អាច​មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​ទេ។

លោក​ថ្លែង​ថា៖ «SME មាន​ភាព​ងាយ​រង​គ្រោះ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាង​ស្ថាប័ន​ពាណិជ្ជ​កម្ម​ធំៗ ដោយ​សារ​តែ SME របស់​យើង​នៅ​តែ​មាន​ចំណេះ​ដឹង​មាន​កម្រិត​នៅ​ឡើយ​ពី​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​តវ៉ា​ជាមួយ​មន្រ្តី​ពាក់​ព័ន្ធ​ដែល​សុំ​ឲ្យ​ពួក​គេ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ ដើម្បី​អាច​គេច​ផុត​ពី​បញ្ហា​ក្នុង​ការ​រក​ស៊ី​របស់​ពួក​គេ»។

លោក​បន្ត​ថា៖ «វា​តែង​តែ​កើត​ឡើង​ដែល​មន្ដ្រី​អធិការកិច្ច​ចុះ​ពិនិត្យ​សហគ្រាស​ម្តងៗ គឺ​ដើម្បី​ទទួល​បាន​ប្រាក់​ក្រៅ​ផ្លូវ​ការ​ពី​ម្ចាស់​អាជីវកម្ម។ បើ​មិន​អ៊ីចឹង​ទេ​ពួក​គេ​នឹង​រក​កំហុស​អំពី​ភាព​ខ្វះ​ខាត​អំពី សហគ្រាស​នោះ ដើម្បី​សរសេរ​របាយ​ការណ៍។ មាន​សហគ្រាស​មួយ​ចំនួន​បង់​ជា​ប្រចាំ​ខែ​ឲ្យ​មន្ដ្រី​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា»។

លោក តាំងប៉ បាន​ស្នើ​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​ដល់ SME ក្នុង​ស្រុក​ស្ដី​ពី​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ស្តង់ដារ​តម្រូវ​ការ​នានា​ដែល​អាច​ឲ្យ​ពួក​គេ​តវ៉ា​នឹង​មន្ដ្រី​ដែល​ស្វែង​រក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ពី​ពួក​គេ។

លោក ខុម មុនីរ័ត្ន ស្ថាបនិក​ក្រុម​ហ៊ុន Cubic Real Estate ដែល​ធ្វើ​ការ​សម្រប​សម្រួល​វិនិយោគិន​បរទេស​ដើម្បី​បង្កើត​អាជីវកម្ម​នៅ កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា អំពើ​ពុក​រលួយ​កំពុង​បង្អាក់​ទឹក​ចិត្ត​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​ដោយ​ភាព​ត្រឹម​ត្រូវ។

លោក​ថ្លែង​ថា៖ «អំពើ​ពុក​រលួយ​កើត​មាន​ឡើង​ចាប់​ពី​ដំណើរការ​ទទួល​អាជ្ញាប័ណ្ណ​ដល់​ការ​បង្កើត​ក្រុម​ហ៊ុន។ វិនិយោគិន​ដែល​មាន​តម្លាភាព​លើ​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​ពួក​គាត់​ទទួល​បាន​វិក្កយបត្រ​ខុស​ពី​ការ​ចំណាយ​ពិត​ប្រាកដ​របស់​ខ្លួន»។

លោក​បន្ថែម​ទៀត​ថា៖ «ក្រុម​ហ៊ុន​មិន​មាន​ខ្ទង់​ចំណាយ​សម្រាប់​កម្រៃ​ក្រៅ​ផ្លូវ​ការ​ឬ​ការ​ចំណាយ​ក្រោម​តុ​នោះ​ទេ។ វា​គឺជា​បញ្ហា​មួយ​សម្រាប់​ក្រុម​ហ៊ុន​ដែល​រក​ស៊ី​ត្រឹម​ត្រូវ»។

លោក សុន ឆ័យ មន្ដ្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រឆាំង យល់​ឃើញ​ថា ការ​អនុវត្ត​វិធាន​ផ្ទៃ​ក្នុង​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ឯកជន​នេះ​ទំនង​ជា​មាន​ប្រសិទ្ធ​ភាព​តិច​តួច​បើ​គ្មាន​យន្តការ​ច្បាប់​ដើម្បី​ដាក់​ទោស​មន្ដ្រី​ដែល​មិន​ផ្ដល់​សេវា​សាធារណៈ​ទាន់​ពេល​វេលា​កំណត់​នោះ។

លោក​ថ្លែង​ថា៖ «វិស័យ​ឯកជន​នឹង​មិន​អាច​ធ្វើ​អ្វីៗ​បាន​ក្រៅ​ពី​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​នោះ​ទេ បើ​មន្ដ្រី​ដែល​ផ្តល់​សេវា​សាធារណៈ​មិន​ទទួល​ធ្វើ​ឯកសារ​ឲ្យ​ទាន់​ពេល​វេលា​នោះ ព្រោះ​យើង​មិន​មាន​ការ​ចែង​ច្បាស់​លាស់​អំពី​រយៈ​ពេល និង​កម្រៃ​ពិត​ប្រាកដ​មួយ​អំពី​ការ​ផ្តល់​សេវា​សាធារណៈ​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍