
សកម្មភាពបុគ្គលិកកំពុងធ្វើការនៅក្នុងសហគ្រាសផលិតនំស្រួយលីលី នៅក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មេដឹកនាំសហគ្រាសធុនតូច និងមធ្យម (SME) បានឲ្យដឹងថា លក្ខខណ្ឌរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT ) សម្រាប់ SME ក្នុងការដាក់ពាក្យសុំការលើកលែងពន្ធ គឺនៅតែខ្ពស់ពេកមិនអាចឆ្លើយតបបាន ហើយនឹងស្នើសុំរដ្ឋាភិបាលឲ្យបន្ធូរបន្ថយលក្ខខណ្ឌនេះ។ នេះបើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec)។
លោក តែ តាំងប៉ ប្រធាន Fasmec បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា លក្ខខណ្ឌសម្រាប់ដាក់ពាក្យសុំការលើកលែងពន្ធ គឺនៅតែខ្ពស់ ដែល SME ភាគច្រើនមិនអាចឆ្លើយតបបាននោះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនគិតថា សមាជិក SME របស់យើងនឹងដាក់ពាក្យសុំវានោះទេ»។ លោកបន្តថា៖ «វាពិបាក និងស្មុគស្មាញ ខណៈសមត្ថភាពរបស់ SME របស់យើងនៅមានកម្រិត ដើម្បីសម្រេចតាមលក្ខណៈវិនិច្ឆ័យទាំងនោះ»។
GDT បានប្រកាសកាលពីខែធ្នូថា ដើម្បីដាក់ពាក្យសុំការលើកលែងពន្ធ SME ទាំងអស់ ត្រូវតែជាសហគ្រាសចុះបញ្ជី មានផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ កិច្ចសន្យា ឬកិច្ចព្រមព្រៀងទំនិញ កិច្ចសន្យាការងារ និងធនធានមនុស្ស និងស្ថិតក្នុងទីតាំងប្រមូលផ្តុំ SME ជាដើម។
លោក តាំងប៉ បានឲ្យដឹងថា គ្រាន់តែពិនិត្យទៅលើផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុ វាពិបាករួចទៅហើយសម្រាប់ SME។ លោកបញ្ជាក់ថា ប៉ុន្តែ Fasmec នៅពេលនេះកំពុងធ្វើការងារលើគម្រោងនេះ ដើម្បីស្នើសុំរដ្ឋាភិបាលជួយសម្រួលសម្រាប់ SME។
លោកថ្លែងថា៖ «យើងកំពុងព្យាយាមក្នុងការស្វែងរកមធ្យោបាយកាន់តែប្រសើរសម្រាប់សមាជិកទាំងអស់របស់ SME និងស្នើរដ្ឋាភិបាលដើម្បីជំរុញឲ្យ SME ដាក់ពាក្យសុំសម្រាប់ការលើកលែងពន្ធនេះ»។
អនុក្រឹត្យស្ដីពីការលើកទឹកចិត្តពន្ធ SME ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែតុលា ផ្ដល់ដល់វិស័យអាទិភាព ៦ ដែលរួមមានឧស្សាហកម្ម កសិកម្ម ព្រមទាំងការផលិត និងកែច្នៃអាហារនឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលចាប់ពី ៣ ទៅ ៥ ឆ្នាំ។
អនុក្រឹត្យថ្មីនេះឲ្យដឹងទៀតថា រាល់ SME ដែលមានបំណងទទួលបានការលើកលែងពន្ធរយៈពេល ៥ ឆ្នាំត្រូវតែប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកយ៉ាងហោចណាស់ចំនួន ៦០ ភាគរយ បង្កើនចំនួនបុគ្គលិកយ៉ាងហោចណាស់ ២០ ភាគរយ ឬត្រូវមានទីតាំងនៅក្នុងកន្លែងប្រមូលផ្តុំ SME។
អ្នកស្រី អេង លីគួង ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានឲ្យដឹងថា តម្រូវការគឺពិបាកបន្តិចសម្រាប់ SME ប៉ុន្តែវានឹងផ្ដល់អត្ថប្រយោជន៍សម្រាប់រយៈពេលវែង។
អ្នកស្រីថ្លែងថា៖ «វាពិបាក នឹងដាក់សម្ពាធដល់ SME ក្នុងការឆ្លើយតបបានតាមលក្ខខណ្ឌនេះ ប៉ុន្តែប្រសិនបើយើងឆ្លងផុតដំណាក់កាលនេះ វានឹងក្លាយជាអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ទាំង SME និងរដ្ឋាភិបាល»។
អ្នកស្រីបន្តថា៖ «យើងត្រូវការពេលវេលាក្នុងការបណ្ដុះបណ្ដាល SME ដើម្បីការយល់ដឹងពីអត្ថប្រយោជន៍នេះ ហើយរដ្ឋាភិបាលគួរតែផ្ដល់វគ្គសិក្សាខ្លីៗ ដើម្បីផ្សព្វផ្សាយការយល់ដឹងពីនីតិវិធី»៕ LA