The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - SME ទទួល​បាន​ការ​លើក​លែង​ពន្ធ​រហូត​ដល់ ៥ ឆ្នាំ

SME ទទួល​បាន​ការ​លើក​លែង​ពន្ធ​រហូត​ដល់ ៥ ឆ្នាំ

Content image - Phnom Penh Post
បុគ្គលិក​​កំពុង​ធ្វើការ​ក្នុង​ខ្សែ​ចង្វាក់​ផលិត​នំ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ LyLy Food Industry។ រូបថត ហុង មិនា

SME ទទួល​បាន​ការ​លើក​លែង​ពន្ធ​រហូត​ដល់ ៥ ឆ្នាំ

ភ្នំពេញៈ ស​ហ​គ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដារ​ ខណៈ​រដ្ឋា​ភិ​បាល​មាន​បំ​ណង​លើក​កម្ពស់​​ការ​អភិ​វឌ្ឍ​ស​ហ​គ្រាស​ទាំង​នេះ​ ដើ​ម្បី​បង្កើត​ការ​ងារ​ និង​បង្កើន​ស​មត្ថ​​ភាព​​ផលិត​កម្ម​ក្នុង​ស្រុក។

យោង​តាម​​អនុ​ក្រឹត្យ​​ស្តី​ពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដារ​សម្រាប់​សហ​​គ្រាស​ធុន​តូច និង​មធ្យម (SM​E) ​ក្នុង​វិ​ស័យ​អា​ទិ​ភាព ដែល​​ចុះ​ហត្ថ​លេ​ខា​​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​កាល​ពី​ថ្ងៃ​ទី​ ២ ខែ​តុ​លា វិ​ស័យ​អាទិ​ភាព​ចំ​នួន​ ៦ ដូច​ជា​​​វិ​ស័យ​ផលិត​ផល​កសិ​កម្ម ឬ​កសិ​ឧស្សា​ហ​កម្ម ព្រម​ទាំង​ផលិត​ និង​កែ​ច្នៃ​ម្ហូប​អា​ហារ ​នឹង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​រយៈ​ពេល​ពី​ ៣ ទៅ ៥ ឆ្នាំ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ចុះ​បញ្ជី​ពន្ធ​ដារ​សម្រាប់​ស​ហ​គ្រាស​ចុះ​បញ្ជី​ថ្មី ឬ​ចាប់​ពី​ថ្ងៃ​ដែល​ស​ហ​គ្រាស​មក​ធ្វើ​បច្ចុ​ប្បន្ន​កម្ម​សម្រាប់​ស​ហ​គ្រាស​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​។

យោង​តាម​អនុ​ក្រឹត្យ​ថ្មី​នេះ​ បើ​ SME ណា​មួយ​មាន​បំ​ណង​​ទទួល​បាន​​​ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​​ ៥ ​ឆ្នាំ ​SME នោះ​ត្រូវ​​ប្រើ​​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ចាប់​ពី​ ៦០ ​ភាគ​រយ​ឡើង​ទៅ ឬ​បង្កើន​ចំ​នួន​និ​យោ​ជិត​បន្ថែម​យ៉ាង​តិច ​២០ ​ភាគ​រយ ឬ​មាន​ទី​តាំង​ក្នុង​តំ​ប​ន់​ប្រ​មូល​ផ្តុំ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម។​

វិ​ស័យ​អា​ទិ​ភាព ៤ ផ្សេង​ទៀត​រួម​មាន ១) កម្មន្ត​សាល​ ដែល​ផលិត​ទំ​និញ​ប្រើ​ប្រាស់​ក្នុង​ស្រុក​កែ​ច្នៃ​កាក​សំ​ណល់ និង​ផលិត​ទំ​និញ​សម្រាប់​វិ​ស័យ​ទេស​ចរណ៍ ២) កម្ម​ន្ត​សាល​ដែល​ផលិត​នូវ​ផលិត​ផល​សម្រេច ឬ​ផ្នែក​ឬ​គ្រឿង​ផ្គុំ​ដើ​ម្បី​ផ្គត់​ផ្គង់​ឲ្យ​កម្ម​ន្ត​​សាល​ដទៃ​ទៀត​ ៣) ស្រាវ​ជ្រាវ​និង​អ​ភិ​វឌ្ឍ​បច្ចេក​វិ​ទ្យា​ព័ត៌​មាន​ រួម​ទាំង​ការ​ផ្គត់​ផ្គង់​សេ​វា​គ្រប់​គ្រង​តាម​ប្រ​ព័ន្ធ​បច្ចេក​វិ​ទ្យា​ព័ត៌​មាន ដែល​មាន​លក្ខណៈ​​ន​វា​នុ​វត្តន៍​ និង ៤) ស​ហ​គ្រាស​ដែល​ស្ថិត​ក្នុង​តំ​បន់​ប្រ​មូល​ផ្តុំ​ស​ហ​គ្រាស​ធុន​​តូច និង​មធ្យម និង​ស​ហ​គ្រាស​ដែល​​អភិ​វឌ្ឍ​តំ​បន់​នេះ។

លោក តែ តាំង ​ប៉រ ប្រ​ធាន​ស​ម្ព័ន្ធ​ស​មា​គ​ម​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​​កម្ពុជាបាន​និ​យាយ​ថា ការ​​​លើក​​ទឹក​ចិត្ត​ផ្នែក​ពន្ធ​សម្រាប់ SME ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ព្រោះ​កម្ពុជា​ជា​ប្រ​ទេស​​ដែល​មាន​វត្ថុ​ធាតុ​ដើម​​​ច្រើន​ សម្រាប់​គាំ​ទ្រ​ដល់​ការ​ផលិត​។​​

លោក​បាន​បន្ថែម​ថា ការ​ផលិត​ដោយ​ខ្លួន​ឯង​នឹង​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំ​ណូល​ជា​ច្រើន​លាន​​ដុល្លារ​ក្នុង ​១ ​ឆ្នាំ​ៗ​។​

លោក​មាន​ប្រ​សាសន៍​​ថា៖​ «​SME ​ជា​មូល​ដ្ឋាន​គ្រឹះ​ ឬ​ឆ្អឹង​ខ្នង​​សេដ្ឋ​កិច្ច​ជាតិ ដូ​ច្នេះ​បើ​យើង​លើក​កម្ពស់​ SME តាម​រយៈ​ការ​ផលិត ការ​ប្រើ​ប្រាស់ និង​នាំ​ចេញ​​​ទៅ​​បរ​ទេស ​នោះ​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំ​ណូល បង្កើត​​ការ​ងារ ព្រម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំ​ណាក​ស្រុក​ទៀត​ផង​»​។

អនុ​ក្រឹត្យ​ថ្មី​នេះ​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​យ៉ាង​ច្រើន​ សម្រាប់​​ដំ​ណើរ​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន។ នេះ​បើ​យោង​តាម​លោក សុខ ពិ​សិដ្ឋ ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ផ្តល់​យោ​បល់​​​ស​មា​គ​ម​ស​ហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​។

លោក​ថ្លែង​​ថា អនុ​ក្រឹត្យ​នេះ​​​មិន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​​ផ្នែក​ពន្ធ​ដល់​ម្ចាស់​ SME ​ប៉ុ​ណ្ណោះ​​ទេ ប៉ុ​ន្តែ​វា​ថែម​ទាំង​ជំ​រុញ​​ឲ្យ​ម្ចាស់​ស​ហ​គ្រាស​ទាំង​អស់​ចេះ​ប្រើ​ប្រាស់​បញ្ជី​គណ​នេយ្យ​ និង​​បច្ចេក​វិ​ទ្យា​ថ្មី​ៗ​​​ផង​ដែរ​។

លោក​មាន​ប្រ​សាសន៍​ថា៖​ «​នេះ​ជា​ការ​ចាប់​ផ្តើម​ដំ​បូង​ក្នុង​ការ​ធ្វើ​ឲ្យ​ម្ចាស់​ SME នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្រាល​ ខណៈ​កន្លង​មក​វិ​ស័យ SME ធ្លាប់​បាន​ត្អូញ​ត្អែរ​ពី​ការ​បង់​ពន្ធ​ច្រើន»។

វិ​ធាន​ការ​ផ្នែក​ពន្ធ​ដារ​របស់​រដ្ឋា​ភិ​បាល​នេះ​ នឹង​ជួយ​ជំ​រុញ​ឲ្យ​​ក្រុម​ហ៊ុន ឬ​ស​ហ​គ្រាស​តូច​ៗ​កាន់​តែ​ច្រើន​មក​ចុះ​បញ្ជី ដែល​នឹង​ជំ​រុញ​ដល់​ប្រាក់​ចំ​ណូល​របស់​រដ្ឋា​ភិ​បាល និង​បង្កើន​ប្រ​សិទ្ធ​ភាព​​គ្រប់​គ្រង​ផង​ដែរ។

លោក ជុំ សាបូ​រិទ្ធិ នា​យក​គ្រប់​គ្រង​ក្រុម​ហ៊ុន B Scientific Instrument បាន​ឲ្យ​ដឹង​​​ថា នេះ​​ជា​ចំ​ណុច​​​ចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​​​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​​កម្ពុជា​​ដែល​កំ​ពុង​មាន​ប្រ​តិ​បត្តិ​ការ​ ឬ​គ្រោង​នឹង​​បើក​ដំ​ណើរ​ការ។

លោក​បាន​បន្ត​ថា ជា​ធម្មតា​ក្រុម​ហ៊ុន​​ទើប​បង្កើត​ថ្មី តែង​តែ​ត្រូវ​ការ​ពេល​វេលា​សម​ស្រប​មួយ​​​ដើ​ម្បី​រក​ចំ​ណូល​ឲ្យ​បាន​រួច​ដើម​វិញ ហើយ​ការ​លើក​លែង​យក​ពន្ធ​​បែប​នេះ​ គឺ​ជា​ការ​ល្អ​ប្រ​សើរ​ ព្រោះ​​វា​អាច​ជា​ការ​ទាក់​ទាញ​ឲ្យ​ក្រុម​ហ៊ុន​​ ឬ​ស​ហ​គ្រាស​​មក​ចុះ​បញ្ជី​​បាន​កាន់​តែ​ច្រើន ខណៈ​បច្ចុ​ប្បន្ន​នេះ​ក្រុម​ហ៊ុន ឬ​ស​ហ​គ្រាស​​ជា​ច្រើន​មិន​ចុះ​បញ្ជី​​​ បើ​ទោះ​បី​ជា​មាន​បើក​ដំ​ណើរ​ការ​ជា​យូរ​ណាស់​មក​ហើយ​។

លោក​ថ្លែង​ថា៖ «ការ​មិន​ចុះ​បញ្ជី​ធ្វើ​ឲ្យ​អា​ជ្ញា​ធរ​ពិ​បាក​គ្រប់​គ្រង និង​មិន​ទទួល​បាន​ការ​បង់​ពន្ធ​ផង​ដែរ​»។​

លោក Miguel Eduardo Sanchez Martin សេដ្ឋ​វិ​ទូ​ជាន់​ខ្ពស់​ប្រ​ចាំ​ធនា​គារ​ពិ​ភព​លោក​​នៅ​កម្ពុជា បាន​ថ្លែង​ថា វា​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កម្ពុជា​ដែល​សម្បូរ​ទៅ​ដោយ​សហ​គ្រា​ស​ធុន​តូច និង​មធ្យម។

លោក​មាន​ប្រ​សាសន៍​ថា៖ «តាម​រយៈ​​ការ​លើក​លែង​ពន្ធ​នេះ​ដែល​​ជា​​ការ​គាំ​ទ្រ​ស​ហ​គ្រិន​ភាព​ ខ្ញុំ​គិត​ថា​ វា​ជា​វិ​ធាន​ការ​វិជ្ជ​មាន​មួយ ដើ​ម្បី​ជួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ឲ្យ​រីក​លូត​លាស់ និង​ក្លាយ​ជា​ក្រុម​ហ៊ុន​អន្តរ​ជាតិ»។

បើ​យោង​​តាម​លោក តែ តាំង​ ប៉រ ​ ​បច្ចុ​ប្បន្ន​មាន​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​ប្រ​មាណ​ជាង​ ៥០ ​ម៉ឺន​នៅ​កម្ពុជា ខណៈ​ស​ហ​គ្រាស​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​មាន​ប្រ​ហែល ​៤​ ម៉ឺន​ប៉ុ​ណ្ណោះ​។​

យោង​តាម​អនុ​ក្រឹត្យ​នេះ ស​ហ​គ្រាស​ធុន​តូច​សំ​ដៅ​ដល់​ស​ហ​គ្រាស​អា​ជីវកម្ម​គ្រប់​ប្រ​ភេទ​ ដែល​មាន​ផល​របរ​ប្រ​ចាំ​ឆ្នាំ​ចាប់​ពី​ ២៥០ ​លាន​រៀល​ (៦២ ៥០០​ដុល្លារ)​ ដល់​ ៧០០ លាន​​រៀល (១៧៥ ០០០​ដុល្លារ) ឬ​មាន​ចំ​នួន​និ​យោ​ជិត​ចាប់​ពី​ ១ ០​៥០​នាក់​ ខណៈ​ស​ហ​គ្រាស​ធុន​មធ្យម​ សំ​ដៅ​​ដល់​ស​ហ​គ្រាស​អា​ជីវ​កម្ម​គ្រប់​ប្រ​ភេទ​ដែល​មាន​ផល​របរ​ប្រ​ចាំ​ឆ្នាំ​ចាប់​ពី​ ៧០០ លាន​រៀល ​(១៧៥ ០០០​ដុល្លារ)​ ដល់​ ៤ ០០០ ​លាន​រៀល (១ ០០០ ០០០​ដុល្លារ) ឬ​មាន​និ​យោ​ជិត​​ចាប់​ពី​​ ៥១-១០០ ​នាក់​៕ LA

អត្ថបទគួរចាប់អារម្មណ៍