ភ្នំពេញៈ តំណាងវិស័យសាធារណៈ និងឯកជនបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវដាក់គោលនយោបាយឲ្យបានឆាប់ដើម្បីជំរុញ ដល់ការអនុវត្ត និងផលិតភាពក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឲ្យមានដំណើរការកាន់តែលឿន។
សេដ្ឋវិទូជាន់ខ្ពស់ មន្ដ្រីរដ្ឋាភិបាល និងម្ចាស់អាជីវកម្មជាច្រើនបានជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែល នៅ ទីក្រុងភ្នំពេញ កាលពីម្សិលមិញសម្រាប់កិច្ចប្រជុំអតីតនិស្សិតពិភពលោករយៈពេលពីរថ្ងៃប្រចាំឆ្នាំលើកដំបូងដែលជាកិច្ចប្រជុំមួយរបស់និស្សិតបញ្ចប់ការសិក្សាកម្ពុជាដែលសិក្សានៅក្រៅប្រទេស។
លោកស្រី ជា សិរិ អគ្គនាយកធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការចំណាយខ្ពស់នៃការអនុលោមតាមបទប្បញ្ញត្តិ កង្វះគោលនយោបាយ SME របស់រដ្ឋាភិបាល សិទ្ធិទទួលបានការផ្ដល់ហិរញ្ញប្បទាននៅមានកម្រិត និងផលិតភាពមានកម្រិតទាប ព័ត៌មានទីផ្សារនៅមានកម្រិត ជាបញ្ហារ៉ាំរ៉ៃមួយសម្រាប់ SME។
លោកស្រីបានថ្លែងនៅក្នុងអំឡុងកិច្ចពិភាក្សាក្រុមប្រឹក្សាភិបាលស្ដីអំពីបញ្ហាជាច្រើនដែល SME កម្ពុជាកំពុងប្រឈមថា៖ «បញ្ហារបស់ SME និងការអភិវឌ្ឍ SME ពិតជាមិនមែនជាបញ្ហាថ្មីនោះទេ»។
លោកស្រីលើកឡើងថា៖ «ក្រសួងជាច្រើននៅតែមានគោលនយោបាយផ្ទាល់របស់ពួកគេលើការអភិវឌ្ឍ SME ជួនកាលពួកគេគ្មានការងារធ្វើ និងពេលខ្លះទៀតពួកគេជំទាស់។ បញ្ហាទាំងនោះរដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយឲ្យឆាប់ ប្រសិនបើចង់មានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព»។
លោកបានព្រមានថា បើគ្មានចំណាត់ការពីរដ្ឋាភិបាលលើគោលនយោបាយ SME នោះទេ អាជីវកម្ម «គ្រប់គ្រងដោយគ្រួសារ» របស់កម្ពុជានឹងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែក្រុមហ៊ុនជាច្រើននាំចេញទំនិញមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននៅពេលធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅ ខែធ្នូ។
លោកស្រីបញ្ជាក់ថា៖ «ប្រសិនបើ SME របស់យើងមានផលិតភាពកម្រិតទាប មិនអាចទទួលបានការផ្ដល់ហិរញ្ញប្បទាន មិនមានព័ត៌មានអំពីទីផ្សារ ពិតហើយយើងនឹងមិនអាចប្រកួតប្រជែងជាមួយទំនិញដែលនាំចូលមកពីបណ្ដាប្រទេសផ្សេងទៀតនោះទេ»។
លោក ឌី សុវណ្ណ អគ្គនាយករងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា មាន SME ប្រហែល ៥៦០ ០០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ការងារ ៧០ ភាគរយដល់ប្រជាជន។ ប៉ុន្តែតួលេខនោះ មានតែ ១០ ភាគរយប៉ុណ្ណោះត្រូវបានផ្ដល់ហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានធនាគារ។
ដោយសារតែអាជីវកម្មជាច្រើនកំពុងខ្វះកំណត់ត្រាពន្ធ ឬ ធនាគារ ទ្រព្យសកម្ម ឬវត្ថុដាក់បញ្ចាំមិនគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទានលើកដំបូង លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិក និងលក់រាយ G Gear បានអំពាវនាវឲ្យមានមធ្យោបាយជំនួសសម្រាប់ធនាគារក្នុងការវាស់វែងពីបំណុលរបស់ SME។
លោកលើកឡើងថា៖ «យើងកំពុងស្ថិតក្នុងបញ្ហាប្រឈម ហេតុអ្វីក៏ពួកគេមិនមានគោលនយោបាយដើម្បីអនុញ្ញាតផ្ដល់ប្រាក់កម្ចីតាមរយៈការវាយតម្លៃភាគហ៊ុនរបស់អាជីវកម្មជំនួសឲ្យបែបបទដាក់បញ្ចាំតាមបែបប្រពៃណីដ៏លំបាក»។
លោកបន្តថា៖ «បច្ចុប្បន្ន រដ្ឋាភិបាលកំពុងបង្កើតគោលនយោបាយ SME លើកដំបូង។ វានឹងមានយន្តការក្នុងការជួយគាំទ្រដល់ SME ប៉ុន្តែបញ្ហានៅតែមាន តើពួកគេនឹងបង្កើតគោលនយោបាយដូចម្ដេចដើម្បីគាំទ្រដល់ SME ដែលមិនស្របច្បាប់ និងគ្មានកំណត់ត្រាផ្លូវការ»៕