ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា នឹង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ២-៣ ​នឹង​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​របស់​ផ្សារមូលបត្រ​កម្ពុជា​ (CSX) នៅ​ដើម​ឆ្នាំក្រោយ​ដែល​នឹង​ជា​ការផ្លាស់ប្តូរ​មួយ​ផ្សេងទៀត​សម្រាប់​ផ្សារហ៊ុន​នៅ​កម្ពុជា​។ លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ឲ្យ​ដឹង​នៅក្នុង​វេទិកា​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ចាប់​តាំងពី CSX បាន​ដំណើរការ​រយៈពេល​ជាង ៧ ឆ្នាំ​កន្លង​មក​ទាក់ទាញ​បាន​ក្រុមហ៊ុន​តែ ៥ ប៉ុណ្ណោះ​ឲ្យ​មក​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​នេះ និង​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៣ ចុះបញ្ជី​បណ្ណ​បំណុល​សាជីវកម្ម​។ លោក​បន្ថែម​ថា​នឹង​មាន SME ២-៣ ​មក​ចុះបញ្ជី​នៅ​ដើម​ឆ្នាំ​ ២០២០​។

លោក​បាន​ថ្លែងថា​៖ «​គណៈកម្មការ​មូលបត្រ​កម្ពុជា​សង្ឃឹមថា ក្រៅពី​ធនាគារ​អេស៊ីលីដា ត្រូវ​ចុះបញ្ជី​នឹង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​មួយចំនួន​នឹង​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​នៅ​ដើមឆ្នាំ​ក្រោយ​។ សម្រាប់ CSX របស់​យើង​មាន​ផ្សារគោល​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដូចជា​អេស៊ីលីដា និង​ផ្សារ​កំណើន​សម្រាប់ SME»​។ លោក​បន្តថា​៖ «​យើង​នឹង​មើលឃើញ SME ប្រហែលជា​ ២-៣ ​នឹង​ត្រូវ​ចុះបញ្ជី​នៅ​ឆ្នាំក្រោយ​»​។

យោងតាម «​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥» រដ្ឋាភិបាល​បាន​កំណត់​ទិសដៅ​ពី​ ៨០-៩៥ ភាគរយ​នៃ SME នឹងត្រូវ​ចុះបញ្ជី​ជា​ផ្លូវការ​ដោយ​ក្នុង​ចំណោម​នោះ​ពី ៥០-៧០ ភាគរយ​មាន​គណនី និង​តារាង​តុល្យការ​ច្បាស់លាស់​។

លោក ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​មួយ​នាពេល​ថ្មីៗ​នេះ​ថា លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា​សម្រាប់ SME ក្នុង​ស្រុក​ដែល​ពួកគេ​គួរតែ​ពិចារណា​ការបោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើក​ដំបូង​ដែល​អាច​ឲ្យ​ភាគហ៊ុន​របស់​ពួកគេ​ត្រូវបាន​ទិញ និង​ជួញដូរ​នៅ​ផ្សារ​ហ៊ុន​ក្នុងស្រុក​។

លោក សុខគង់ បាន​ថ្លែងថា​៖ «​ពួកគេ​នឹង​អាច​នៅតែ​មាន​សមត្ថភាព​ប្រកួតប្រជែង ដោយសារ​ពួកគេ​មាន​ប្រភព​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ផលិតភាព​។ ប៉ុន្តែ​ពួកគេ​គួរតែ​រៀបចំ​ខ្លួន​ឲ្យ​ហើយ និង​ធ្វើឲ្យ​មានការ​ជឿជាក់​ថា អាជីវកម្ម​របស់​ពួកគេ​ត្រូវបាន​ចុះបញ្ជី​មាន​គណនី និង​តារាង​តុល្យការ​ត្រឹមត្រូវ​ផ្លូវការ​»​។

គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​តាមពិត ទិសដៅ​នេះ​គឺ​សាមញ្ញ ប៉ុន្តែ​សំខាន់​ដោយសារ​ការកត់ត្រា​ត្រឹមត្រូវ​គឺជា​យន្តការ​មួយ​ក្នុង​ចំណោម​យន្តការគ្រប់គ្រង​ជាច្រើន ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​អាជីវកម្ម និង​ប្រតិបត្តិការ​របស់​សហគ្រាស​ផ្ដល់​គណនីភាព​ដល់​ភាគទុនិក បម្រើ​ជា​ឧបករណ៍​ធានា​ក្នុង​ការទទួល​បាន​ហិរញ្ញវត្ថុ និង​ជា​មូលដ្ឋាន​វាយតម្លៃ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​ការគាំទ្រ និង​ការលើក​ទឹកចិត្ត ដូចជា​ការបណ្ដុះបណ្ដាល និង​ជំនួយ​បច្ចេកទេស​ជាដើម​»​។

គោលនយោបាយ​បាន​កត់សម្គាល់​ថា​៖ «​ផ្សារមូលបត្រ​អាច​បម្រើ​ជា​យន្តការ​មួយ​ក្នុង​ការ​កៀគរ​ហិរញ្ញវត្ថុ​សម្រាប់​ការវិនិយោគ​រយៈពេល​វែង​»​។

លោក សុខគង់ បាន​បន្តថា ម្ចាស់ SME គួរតែ​ព្យាយាម​យល់ថា តើ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុន្មាន នៅពេល​អាជីវកម្ម​របស់​ពួកគេ​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។ លោក​កត់សម្គាល់​ថា មាន SME ប្រហែល ៥២០ ០០០ នៅ​កម្ពុជា​ដោយ​ក្នុងនោះ SME ប្រហែល ១៥០ ០០០ បាន​ចុះបញ្ជី​។

លោក​បាន​ថ្លែងថា​៖ «​វិស័យ SME គឺជា​ឆ្អឹងខ្នង​កំណើនសេដ្ឋកិច្ច​។ បើ​វិស័យនេះ​មាន​ភាពរឹងមាំ ច្បាស់​ណាស់​វា​នឹង​ជួយ​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​ប្រទេស​»​។

កាលពី​ដើម​ខែមករា​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត​មួយ ដែល​ផ្ដល់​ការលើក​ទឹកចិត្ត​ពន្ធ​ច្រើន​ដល់​ក្រុមហ៊ុន​ដែល​បំណង​ចុះបញ្ជី​នៅ​ផ្សារហ៊ុន ដោយ​មាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល ៥០ ​ភាគរយ និង​ការលុបចោល​បំណុល​ពន្ធ​ទាំងអស់ បើ​ក្រុមហ៊ុន​ទាំងនោះ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​។ ការលើក​ទឹកចិត្ត​នេះ​នឹង​ផ្តល់ជូន​រយៈពេល ៣ ​ឆ្នាំ​គិត​ចាប់ពី​ពេល​ដែល​អនុក្រឹត្យ​នេះ​ចេញ​ផ្សាយ​៕ LA