ភ្នំពេញ: ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME- Bank) ​ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ពង្រីក​ទុន​រហូតដល់​ជិត​ ១៥០ ​លាន​ដុល្លារ​ដើម្បី​ផ្តល់នូវ​ឥណទាន​មាន​ការប្រាក់​ទាប​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដូចជា​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម​កែច្នៃ​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធសមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការគណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ដើមទុន​របស់​ធនាគារ​ SME ​បាន​កើនឡើង​ពី​ ១០០ ​លាន​ដល់​ជិត​ ១៥០ ​លាន​ដុល្លារ​នាពេល​បច្ចុប្បន្ននេះ​។

ធនាគារ SME Bank កើនឡើង​ដោយសារ​ការចូលរួម​ទុន​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ដោយ​ភាគី​នីមួយៗ​ចូលរួម​ទុន​ចំនួន​ ៥០ ​ភាគរយ​ដែល​ស្មើនឹង​ទឹកប្រាក់​ ៥០ ​លាន​ដុល្លារ​អាមេរិក និង​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ដើម​ខែ​មេសា ​លោក​បន្តថា ក្នុងចំណោម​ទុន​ជិត​ ១៥០ ​លាន​ដុល្លារ​នោះ​ការបន្ថែម​ដើមទុន​ថ្មី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ ៣៣​ ចំនួន​ $៤៧ ​លាន​ ដែល​ធ្វើឲ្យ​ទុន​ពី​វិស័យ​ឯកជន​បាន​កើន​ដល់​ប្រមាណ​ ៩៧ លាន​ដុល្លារ​។ ធនាគារ​ដែល​បន្ថែម​ទុន​ធំៗ មាន Prince Bank បាន​បន្ថែម​ទុន​ចំនួន ១០ លាន​ដុល្លារ និង ធនាគារ​វឌ្ឍនៈ​បាន​បន្ថែម​ទុន​ ២០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​បច្ចុបន្ននេះ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៣៣ បាន​បរិច្ចាគ​ប្រាក់​ជួយ​ដល់​ធនាគារ SME បាន​រហូតដល់ ៩៧,៥ លាន​ដុល្លារ​ហើយ ដូច្នេះ​ធនាគារ SME យើង​មិនមែន​មាន​ដើមទុន​ ១០០ ​លាន​ដុល្លារ​ទេ​គឺ​វា​កើន​ដល់​ជិត​ ១៥០ ​លាន​ដុល្លារ​ហើយ​»​។

សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ខ្ចីប្រាក់​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ សម្រាប់​ទុន​បង្វិល និង ៣០ ​ម៉ឺន​ដុល្លារ​សម្រាប់​ទុនវិនិយោគ ដែល​អត្រា​ការប្រាក់​អតិបរមា​ ៧ ​ភាគរយ ក្នុង​ ១ ​ឆ្នាំ និង​មាន​រយៈពេល​សង​ត្រឡប់​មិន​លើស​ពី​ ៤ ​ឆ្នាំ​។

លោក តែ តាំងប៉ អះអាង​ថា​បើទោះ​ជា​ធនាគារ​ SME ​នេះ​មិនទាន់​អាច​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​នៅពេលនេះ ប៉ុន្តែ​សហគ្រាស​ធុន​តូច និង​មធ្យម​អាចធ្វើ​ការដាក់​ពាក្យស្នើសុំ​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ ៣៣ ដែលជា​ដៃគូ​សហប្រតិបត្តិការ​របស់​ធនាគារ​របស់​រដ្ឋ​នេះ​។

លោក​ថ្លែងថា​៖ «​តំណាង​ឲ្យ​សមាជិក​សហគ្រាស​ធុន​តូច និង​មធ្យម ខ្ញុំ​សូម​ស្នើ​ឲ្យ​ពង្រីក​រយៈពេល​សង​ត្រឡប់​ឲ្យ​ដល់​​រយៈពេល​ ៦ ​ឆ្នាំ​ដើម្បី​ឲ្យ​ម្ចាស់​សហគ្រាស​មាន​ពេលវេលា​គ្រប់គ្រាន់​»​។

លោក សាយ សូនី អនុប្រធាន​នាយកប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្មីៗ​ថា ឥណទាន​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​គឺជា​ប្រភេទ​កម្ចី​ដែល​ប្រាសាក់​បាន​ចូលរួម​សហការ​ជាមួយ SME Bank ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព រួមមាន​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឲ្យ​ការនាំចូល បម្រើ​សេចក្តី​ត្រូវការ​ក្នុងស្រុក និង​បង្កើត​ឱកាស​ការងារ​។

លោក​ថ្លែងថា​៖ «​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​តម្រូវការ​ដើមទុន​អាច​ដាក់​ពាក្យស្នើសុំ​កម្ចី​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​នៅ​គ្រប់​សាខា​ប្រាសាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​»​។

ទន្ទឹម​នឹងនេះ​ធនាគារ​ព្រីនស៍​ (PRINCE BANK) ​ក៏​បាន​ប្រកាស​ចូលរួម​ក្នុង​គម្រោង​សហហិរញ្ញប្បទាន​ក្នុង​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ​នេះ​បើតាម​ចេញ​ក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ខែមេសា​។

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹងថា​៖ «​គម្រោង​សហហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់នូវ​លទ្ធភាព​ឲ្យ SME ទទួល​បាន​ទុន​បន្ថែម​សម្រាប់​បង្កើន​ទ្រព្យសកម្ម ឬ​ប្រាក់​បង្វិល​របស់​ខ្លួន​។ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការស្នើសុំ​តាមរយៈ​គម្រោង​នេះ លោកអ្នក​នៅតែ​អាច​ដាក់​ពាក្យស្នើសុំ​ឥណទាន​អាជីវកម្ម​ពី​ធនាគារ​ព្រីនស៍​បានដែរ​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា ការផ្តល់​ឥណទាន​របស់​ធនាគារ SME នេះ​គឺ​បាន​ផ្តោតលើ​វិស័យ​អាទិភាព​សំខាន់ៗ​រួមមាន វិស័យ​កម្មន្តសាល សេវាកម្ម កសិកម្ម និង​ពាណិជ្ជកម្ម​។

លោក​បាន​ថ្លែងថា​៖ «​បើទោះ​ជា​ធនាគារ SME ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពីដើម​ខែមេសា ប៉ុន្តែ​ធនាគារ​នេះ​មិនទាន់​អាច​ប្រតិបត្តិការ​ភ្លាមៗ​នោះទេ បើ​តាម​ខ្ញុំ​ដឹង​ធនាគារ​នេះ​គ្រោង​ប្រតិបត្តិការ​ជា​ផ្លូវការ​ប្រហែល​នៅក្នុង​ខែសីហា​ខាងមុខ​នេះ​»​។

ក្រសួង​នេះ​ធ្លាប់​ស្ទង់​មតិ​ម្ចាស់​អាជីវកម្ម ៧១ ដោយ​រកឃើញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវការ​ជំនួយ​សម្រាប់​ការស្រាវជ្រាវ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធាន​មនុស្ស ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម​ពន្ធដារ និង​ការលម្អ​ស្តង់ដា​អនាម័យ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កំណត់ថា សហគ្រាស​ធុន​តូច​សំដៅ​ទៅដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែលមាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់ពី​ ២៥០ ​លាន​រៀល ឬ​មាន​ចំនួន​និយោជិត​ពី​ ១០ ​នាក់ ទៅ​ ៥០ ​នាក់​។ ចំណែក​សហគ្រាស​ធុន​មធ្យម​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ​ដែលមាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់ពី​ ៧០០ ​លាន​រៀល​ ឬ​មាន​ចំនួន​និយោជិត​ចាប់ពី​ ៥១ ​នាក់​ដល់​ ១០០ ​នាក់​៕