ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME bank) ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ដើមទុន ១០០ ​លាន​ដុល្លារ​ សម្រាប់​ផ្តល់​កម្ចី​ឲ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការទទួល​បាន​អតិថិជន​ដំបូង​គេ​ចាប់​តាំងពី​ប្រកាស​ជា​ផ្លូវការ​កាល​ខែ​មេសា​។

អតិថិជន​ដំបូង​គេ​នេះ​ទទួល​បាន​កម្ចី​ពី​ធនាគារ​កាណាឌីយ៉ា និង​ទទួលបាន​ការធានារ៉ាប់រង​អាជីវកម្ម​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុវណ្ណ​ភូមិឡាយហ្វ៍​នៅក្នុង​គោលបំណង​ដើម្បី​ពង្រីក​អាជីវកម្ម​ដំឡើង​រ៉ឺម៉ក​កង់បី​ឲ្យ​បាន​ទូទាំង​ប្រទេស​។

លោក Dexter Tan អគ្គនាយក​ធនាគារ SME Bank បាន​ថ្លែងថា សហហិរញ្ញប្បទាន​នឹង​ជួយ​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ទទួល​បាន​កម្ចី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​អតិថិជន​លើក​ដំបូង​របស់​យើង ហើយ​វា​ចាំបាច់​ណាស់​ដែល​អតិថិជន​ត្រូវមាន​ការធានា​រ៉ាប់រង​អាជីវកម្ម​ដើម្បី​ស្ថិរភាព​អាជីវកម្ម​របស់​ពួកគេ​។ អ្វីដែល​អតិថិជន​ទទួលបាន​នៅពេល​នេះ​វា​ជា​គំរូ​សម្រាប់​ឲ្យ​ធនាគារ​ផ្សេងទៀត​ត្រូវបង្កើត​ឲ្យ​ការធានារ៉ាប់រង​អាជីវកម្ម​នៃ​ឥណទាន​របស់​ពួកគាត់​»​។

លោក​បន្តថា រហូត​មក​ដល់​ពេលនេះ​ធនាគារ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​បាន​បញ្ចេញ​ប្រាក់កម្ចី​ប្រមាណ ១០ ​ភាគរយ​ នៃ​ដើមទុន​សរុប​ទៅ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា សហហិរញ្ញប្បទាន​អាច​នឹង​បញ្ចេញ​អស់នៅ​ចុងឆ្នាំ​នេះ​»​។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​ទំហំ​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ ដែល​ជា​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង SME bank ជាមួយ​នឹង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៣៣ រួមមាន ធនាគារពាណិជ្ជ​ចំនួន ២៣ ធនាគារ​ឯកទេស ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ២​។

សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ខ្ចីប្រាក់​ចំនួន ២០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ទុន​បង្វិល និង​ចំនួន ៣០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ទុនវិនិយោគ​ដែល​មាន​អត្រា​ការប្រាក់​អតិបរមា ៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ និង​មាន​រយៈពេល​សង​ត្រឡប់​ក្នុង​រយៈពេល ៧ ​ឆ្នាំ​។

លោក Raymond Sia Say Guan អគ្គនាយក​ធនាគារ​កាណាឌីយ៉ា​បាន​និយាយថា ធនាគារ​មាន​សេចក្តី​រីករាយ​ដែល​បាន​ផ្តល់​កម្ចីឲ្យ​អតិថិជន​ដំបូង​របស់ខ្លួន ដើម្បី​ពង្រីក​អាជីវកម្ម​របស់គេ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ លោក​បន្តថា គោលដៅ​របស់​ធនាគារ​កាណាឌីយ៉ា គឺ​នៅ​តែ​បន្ត​គាំទ្រ​ផ្តល់​កម្ចី​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ទោះបី​ជា​ក្នុង​អំឡុងពេល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ​។

លោក​បន្ថែមថា​៖ «​យើង​មាន​មោទនភាព​ដែល​ធនាគារ​យើង​បានផ្តល់​កម្ចី​ឲ្យ​ប្រជាជន​កម្ពុជា​។ ទោះជា​សេដ្ឋកិច្ច​ថមថយ​ដោយសារ​វិបត្តិ​សុខភាព​សកល​នេះ​ក៏ដោយ ធនាគារ​យើង​នៅតែ​រក្សា​ស្ថិរភាព​ប្រាក់កម្ចី​ដល់​អតិថិជន ដើម្បី​ពង្រីក​អាជីវកម្ម​ឲ្យ​រីកចម្រើន​»​។

លោក Tan Jiak Hiang អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​សុវណ្ណភូមិ ឡាយហ្វ៍ បាន​ថ្លែងថា នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​សុវណ្ណាភូមិ​ឡាយហ្វ៍ ក្នុង​ការចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​លើ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​ការផ្តល់​បណ្ណ​សន្យា​រ៉ាប់រង​នៃ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​លើ​ឥណទាន ដើម្បី​ការពារ​ដល់​អតិថិជន​ឥណទាន​សហគ្រាស​ធុន​តូច និង​មធ្យម​ដំបូង​។

លោក​បន្តថា ជាក់ស្តែង​ផលិតផល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​សម្រាប់​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​ឥណទាន​ទាំងអស់​ដោយ​ផ្តល់​ការធានា​ដល់​អតិថិជន​ជាមួយ​នឹង​ការធានា​កម្មសិទ្ធិភាព​លើ​ទ្រព្យ​បញ្ចាំ​។

លោក​ថ្លែងថា​៖ «​ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​ក្នុង​អំឡុងពេល​ជាប់​កម្ចី​នោះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹង​ធានា​សង​ប្រាក់កម្ចី​ដែល​នៅសល់​ទាំងអស់​ទៅ​ធនាគារ​ដោយផ្ទាល់ ដូច្នេះ​បន្ទុក​ហិរញ្ញវត្ថុ​នឹង​មិន​ប៉ះពាល់​ដល់​គ្រួសារ​លោកអ្នក​នោះទេ​។ យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការផ្តល់​ជូន​នូវ​បណ្ណ​សន្យា​រ៉ាប់រង​ដំបូង​នៃ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​លើ​ឥណទាន ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​»៕ LA