ភ្នំពេញៈ ​ក្រុមហ៊ុន ​Socfin​ Cambodia ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍ ​និង​គ្រប់គ្រង​ចម្ការ​កៅស៊ូ​ បាន​​​ប្រកាស​ពី​ការ​​សម្រេច​បាន​នៃ​ភាព​ទទួល​ខុស​ត្រូវ​សង្គម​ចំពោះ​សាជីវកម្ម​របស់​ខ្លួន​ឆ្នាំ ​២០១៨​ (CSR) ​ដែល​ជា​ការ​អនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព ​និង​សុចរិតភាព​។ ​នេះ​បើ​យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រុមហ៊ុន។​

ក្រុមហ៊ុន Socfin Cambodia ​ដែល​ជា​ផ្នែក​មួយ​នៃ​​ក្រុមហ៊ុន Socfin Group ​បាន​ប្រតិបត្តិការ​នៅ​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន ​២ គឺ​ក្រុមហ៊ុន ​Socfin-KCD និង​ក្រុមហ៊ុន​​ Coviphama ​ដែល​គ្រប់គ្រង​ចម្ការ​កៅស៊ូ​នៅ​ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី​។​

ក្រុមហ៊ុន​នេះ​​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ CSR ឆ្នាំ ​២០១៨រ ​បស់​ខ្លួន ​គឺ​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​​ពី​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​​ក្នុង​ការ​សម្រេច​បាន​ទិសដៅ CSR ​រយៈពេល​វែង​ ដែល​រួមមាន​ការ​ចូលរួម​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ការ​ការពារ​ និង​ការ​គ្រប់គ្រង​បរិស្ថាន និង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​ក្នុង​ស្រុក​។

ក្រុមហ៊ុន​ដែល​សកម្ម​នៅ​ក្នុង​ការ​​អភិវឌ្ឍ ​​និង​ការ​គ្រប់គ្រង​ចម្ការ​​កៅស៊ូ​នៅ​កម្ពុជា​មួយ​នេះ​ តែងតែ​បាន​ខិតខំ​យ៉ាង​ខ្លាំង​​ក្នុង​​ការ​អភិវឌ្ឍ​ការ​ទទួល​ខុស​ត្រូវ ​និង​ដំណោះស្រាយ​ប្រកប​ដោយ​ស្ថិរភាព​​ចំពោះ​អាជីវកម្ម ការ​បង្កើត​ និង​ការ​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​ ការ​ជំរុញ​​ឲ្យ​មាន​ការ​​អភិវឌ្ឍ​រយៈពេល​វែង​នៅ​ក្នុង​​សេដ្ឋកិច្ច​ក្នុង​ស្រុក​ និង​​ការ​អភិវឌ្ឍ​ជំនាញ​ថ្មីៗ​នៅ​ក្នុង​ស្រុក​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​។​​

លោក ​Jef ​Boedt ​អ្នក​គ្រប់គ្រង​ទូទៅ​​នៅ​ក្រុមហ៊ុន Socfin Cambodia​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​​មាន​មោទនភាព​ក្នុង​ការ​បន្ត​ជួយ​ពង្រឹង​ និង​កែ​លម្អ​ការ​អនុវត្ត​អាជីវកម្ម ការ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​​ប្រជាជន ​និង​សហគមន៍​។​

លោក Jef Boedt បាន​​ថ្លែង​ថា៖ «​ការ​ផ្ដោត​របស់​​យើង​លើ ​CSR ​បញ្ជាក់​ជា​​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​សហគមន៍​ ដែល​យើង​ប្រតិបត្តិការ​ និង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​យើង​ ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​​»​។ ​

លោក​​បន្ត​ថា​៖ «​យើង​នឹង​បន្ត​ចែក​​រំលែក​តម្លៃ ​ដែល​យើង​បង្កើត​ឡើង​ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍​​មូលដ្ឋាន​ និង​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង​​ក្នុង​លក្ខណៈ​ប្រកប​ដោយ​ស្ថិរភាព​»។​​

ឧស្សាហកម្ម​កៅស៊ូ​របស់​កម្ពុជា​បាន​នឹង​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ចុង​ក្រោយ​នេះ​។​

កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ស្ងួត​ ២១៧ ​៥០០ ​តោន ​កាល​ពី​ឆ្នាំ​មុន ​កើន​ឡើង​ប្រហែល ​១៥ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៧ ​ជាមួយ​​តម្លៃ​ជា​មធ្យម​ ១ ៣១៩ ​ដុល្លារ ​ក្នុង ​១តោន​។​ នេះបើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​។ ​​

របាយការណ៍​បង្ហាញ​​ថា ​នៅ​ក្នុង​រយៈពេល ​៣ ​ខែ​​ដំបូង​ឆ្នាំ​នេះ ​កម្ពុជា​​បាន​នាំចេញ​កៅស៊ូ​ចំនួន​ ៤៨​ ១៩២​ តោន​ កើន​ឡើង ​២៣ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន ​ជាមួយ​នឹង​តម្លៃ​ជា​មធ្យម​ ១ ២៧៩​ ដុល្លារ​​ក្នុង ​១ ​តោន ​​កើន​​ឡើង ​១២ ​ភាគរយ​។​

បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩០៩​ ក្រុមហ៊ុន ​Socfin Group ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ និង​អភិវឌ្ឍ​ដំណាំ​ដូង​ប្រេង ​និង​ចម្ការ​កៅស៊ូ​​យ៉ាង​សកម្ម​។​

បច្ចុប្បន្ន​មាន​នៅ​​ក្នុង​ប្រទេស​ចំនួន​ ៨ ​ នៅ​អាហ្រ្វិក​កណ្ដាល ​និង​អាហ្វ្រិក​​ខាង​លិច​ ព្រម​ទំាង​ប្រទេស​ ២ ​ទៀត​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​៕​LA​