ភ្នំពេញៈ ធនាគារ អាស៊ី ចំកាត់ (ABA) ដែលជាធនាគារពាណិជ្ជធំទី ៣ នៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដាត្រូវបានភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor (S&P) ដំឡើងចំណាត់ថ្នាក់ឥណទានរយៈពេលវែងពីកម្រិត «B» ទៅ «B+» ជាមួយនឹងទស្សនវិស័យស្ថិរភាពដែលឆ្លុះបញ្ចាំងអំពីដំណើរការអាជីវកម្មដ៏ល្អប្រសើរ។
ទស្សនវិស័យស្ថិរភាពក៏ឆ្លុះបញ្ចាំងពីការយល់ឃើញដែលថា ABA នឹងគ្រប់គ្រងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត «B» ដល់ធនាគារ ABA នៅក្នុងឆ្នាំ ២០១៧ និងរក្សាចំណាត់ថ្នាក់នេះដដែលរហូតឆ្នាំ ២០១៨។
អ្នកជំនាញរបស់ S&P ចាត់ទុកសមត្ថភាពនៃការគ្រប់គ្រង និងប្រព័ន្ធឌីជីថលរបស់ធនាគារ ABA ថាមានគុណសម្បត្តិល្អក្នុងការប្រកួតប្រជែងរួមជាមួយនឹងការគាំទ្រពីសម្ព័ន្ធធនាគារជាតិកាណាដាផងដែរ។
បច្ចុប្បន្នភាពនៃការស្រាវជ្រាវរបស់ S&P បានឲ្យដឹងថា៖ «យើងបានដំឡើងចំណាត់ថ្នាក់ដល់ធនាគារ ABA ដោយផ្អែកលើសម្ភាររបស់ធនាគារ និងការកើនឡើងចំណែកទីផ្សារនៃប្រាក់កម្ចី និងប្រាក់បញ្ញើរួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម»។
ការស្រាវជ្រាវបង្ហាញថា បច្ចុប្បន្ន ABA គឺជាធនាគារធំលំដាប់ទី ៣ នៅកម្ពុជា ហើយបណ្ដាញធុរកិច្ចរបស់ខ្លួនគ្របដណ្តប់អតិថិជនទាំងនៅក្នុងទីក្រុង និងជនបទ ក៏ដូចជាប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងទីផ្សារផងដែរ។ S&P បានឲ្យដឹងថា៖ «តាមទស្សនៈរបស់យើង គុណសម្បត្តិដ៏មានភាពប្រកួតប្រជែងរបស់ធនាគារទំនងជានឹងបន្តគាំទ្រដល់ស្ថិរភាពអាជីវកម្មរយៈពេលវែង»។
S&P បន្តថាបណ្ដាញធុរកិច្ចរបស់ ABA នៅទូទាំងប្រទេស និងវត្តមានដ៏រឹងមាំក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យម (MSME) នឹងបន្តគាំទ្រដល់ជំហរអាជីវកម្មរបស់ខ្លួន។
ធនាគារ ABA បាននិងកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០១០ ជាពិសេសនៅក្នុងផ្នែក MSME។
អ្នកវិភាគរបស់ S&P បានប៉ាន់ប្រមាណថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ចំណែកទីផ្សាររបស់ធនាគារ ABA មានដល់ទៅប្រហែលជា ១០ ភាគរយ សម្រាប់ប្រាក់កម្ចី និងប្រហែលជា ១២ ភាគរយ សម្រាប់ប្រាក់បញ្ញើ។ លោក Zhiger Atchabarov ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA បានឲ្យដឹងថា នេះជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍ដល់អតិថិជន និងម្ចាស់ភាគហ៊ុន។
លោកថ្លែងថា៖ «យើងពិតជារីករាយណាស់ដែលទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី S&P ព្រោះវាឆ្លុះបញ្ចាំងពីដំណើរការល្អរបស់យើង និងបញ្ជាក់ពីជំហររឹងមាំរបស់ ABA នៅក្នុងទីផ្សារ»។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាធ្លាប់បានលើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានដោយក្រុមហ៊ុនវាយតម្លៃពិភពលោកដូចជា S&P គឺឆ្លុះបញ្ចាំងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អក៏ដូចជាស្ថាប័នផ្ទាល់ខ្លួនផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី ១០ ធ្នូ ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេព្យាករថានឹងសម្រេចបានក្នុងរង្វង់ ៧,១ ភាគរយនៅឆ្នាំនេះ ឬគិតជាទឹកប្រាក់ប្រមាណ ២៤ ពាន់លានដុល្លារដោយសារដំណើរការល្អនៃវិស័យឧស្សាហកម្មដែលបានកំពុងបង្កើនប្រាក់ចំណូលក្នុងស្រុក៕