ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គាំទ្រ​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន Supper App Technology Plc ដែល​បាន​បង្កើត​កម្មវិធី​តាម​ទូរស័ព្ទដៃ​ឈ្មោះ​ «Supper App»​រួមចំណែក​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម ដោយ​សហការ​ជាមួយ​មន្ត្រី​ក្រសួង​ដើម្បី​លើកស្ទួយ​ការផ្សព្វផ្សាយ​នៅលើ​ទីផ្សារ​ឌីជីថល​។

លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្រសួងកសិកម្ម​មាន​គេហទំព័រ​មួយចំនួន​ដូចជា www.maff.gov.kh គេហទំព័រ camagrimarket គេហទំព័រ khmeragri.info និង amish.org.kh ដែល​សុទ្ធតែ​ជា​បណ្តាញ​ព័ត៌មាន​ស្តីអំពី​កសិកម្ម​ និង​ទីផ្សារ​កសិផល ប៉ុន្តែ​វា​មិនទាន់​ក្លាយជា​ភ្នាក់ងារ​ភ្ជាប់​រវាង​អ្នក​ផលិត​ និង​អ្នកប្រើប្រាស់​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍ និង​គាំទ្រ​ហើយ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ឯកសារ​កសិកម្ម​កម្ពុជា​ព្រមទាំង​មន្ត្រី​គម្រោង​កម្មវិធី​ផ្សេង​ដែល​ទាក់ទង​វិស័យ​កសិកម្ម​ដើម្បី​ពិភាក្សា​លម្អិត​មុន​ឈានទៅ​ចុះកិច្ចសន្យា​អនុវត្ត​កម្មវិធី​នេះ​»​។

ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​លោក ប៉ាត់ ចំណាន ស្ថាបនិក​ក្រុមហ៊ុន Supper App Technology Plc ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​លោក​ចង់​សហការ​ជាមួយ​គេហទំព័រ​ទីផ្សារ​កសិកម្ម​ (CamAgri Market) ​របស់​ក្រសួង​កសិកម្ម ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​ទាញយក​រាល់​ផលិតផល​កសិកម្ម​ពី​គេហទំព័រ​ខាងលើ​នេះ​មក​ដាក់លក់​លើ​ទីផ្សារ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​លោក​។

លោក​និយាយថា​៖ «Flotform ​យើង​ងាយស្រួល​ត្រង់​ថា នៅពេល​គាត់​លក់​ផលិតផល​ហើយ ពួកគាត់​អាច​ទទួល​បាន​សេវាកម្ម​ដឹកជញ្ជូន និង​ការទូទាត់​ប្រាក់​នៅក្នុង​កម្មវិធី​ App ​នោះ​»​។ LA