ភ្នំពេញៈ TADA ជា​ប្រតិបត្តិករ​កក់​ការធ្វើ​ដំណើរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ពី​ការវិនិយោគ​ជា​យុទ្ធសាស្ដ្រ​ពី Shinhan ដែលជា​ធនាគារ​ឈានមុខ​គេ​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការទទួលប្រាក់​វិនិយោគទុន​បន្ត Series A ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ហិរញ្ញប្បទាន​បាន​ពី​ការវិនិយោគ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន MVL ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូចល័ត ដែល​បង្កើត​ឡើង​នៅលើ​បច្ចេកវិទ្យា Blockchain របស់ MVL​។ ការវិនិយោគ​នេះ​នឹង​ធ្វើឲ្យ MVL អាចមាន​លទ្ធភាព​បង្កើន​ទុន​ពី​ការពង្រីក​ផ្សារ​របស់​កម្មវិធី TADA ដែល​ជា​ផលិតផល​ធ្វើដំណើរ​មិន​កាត់​កម្រៃជើងសា​របស់​ខ្លួន​ទាំង​អ្នកបើកបរ និង​អ្នកជិះ​។

លោក Kay Woo នាយក​ប្រតិបត្តិ​របស់ MVL បាន​ថ្លែង​ថា​៖ «​ជាមួយ​ការវិនិយោគ​នេះ យើង​នឹង​អាច​បន្ត​បេសកកម្ម​ក្នុង​ការបង្កើត​ប្រព័ន្ធ​អេកូចល័ត​មួយ​ប្រកប​ដោយ​និរន្តរភាព និង​មាន​ភាពប្រសើរ​ជាង​មុន​»​។

លោក​បន្តថា​៖ «​ថ្មីៗ​នេះ​យើង​ក៏បាន​បើក​ដំណើរការ​នូវ​សេវាកម្ម​ដឹកជញ្ជូន TADA នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម និង​អ្នកបើកបរ​របស់​យើង​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​ការវាយលុក​នៃ​វីរុស​កូវីដ​១៩​។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បង្ហាញថា យើង​អាច​ប្រើ​បច្ចេកវិទ្យា​មួយ​បាន​»​។

អ្នកនាំពាក្យ​របស់​ធនាគារ Shinhan បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ចល័ត​លើ​បច្ចេកវិទ្យា Blockchain របស់ MVL មាន​ការរីកចម្រើន​យ៉ាងខ្លាំង​សម្រាប់​អ្នកប្រើប្រាស់​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​កន្លង​មក​។

MVL ជា​ប្រព័ន្ធ​អេកូចល័ត​ដែលមាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា Blockchain​។ ក្រុមហ៊ុន​កំពុង​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​មួយ​តាមរយៈ​សេវាកម្ម​កក់​ការធ្វើ​ដំណើរ​ដែល​មិន​កាត់​កម្រៃជើងសា​ដំបូងបង្អស់​នៅ​អាស៊ីអាគ្នេយ៍ គឺ​កម្មវិធី TADA ដែល​មាន​អ្នកបើកបរ​ជាង ៨,១ ​ម៉ឺន​នាក់ និង​អ្នក​ប្រើ ៥៥ ​ម៉ឺន​នាក់​នៅ​ប្រទេស​សិង្ហបុរី វៀតណាម និង​កម្ពុជា​៕LA