ភ្នំពេញៈ ក្រុមហ៊ុន ​Tanncam Investment Co. Ltd ជា​​ក្រុមហ៊ុន​វិនិយោគ​មាន​មូលដ្ឋាន​នៅ​​កម្ពុជា​ ខាង​ការ​គ្រប់គ្រង​ផ្នែក​ការ​ថែ​រក្សា​សុខភាព ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការ​ពិគ្រោះ​យោបល់ ​អាហារ ​និង​ភេសជ្ជៈ បាន​ទិញ​ភាគហ៊ុន​ ៦៥ ​ភាគរយ​នៅ​ក្នុង​​ក្រុមហ៊ុន​ Vibe Café Hospitality ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​។​

Vibe Café Hospitality ជា​​ក្រុមហ៊ុន​ភោជនីយដ្ឋាន​អាហារ​បួស​ និង​អាហារ​សុខភាព​ឈាន​មុខ​គេ​របស់​​កម្ពុជា ​មាន​​ភោជនីយដ្ឋាន ​២ ​នៅ​ទីក្រុង​ភ្នំពេញ​ និង​មួយ​ទៀត​នៅ​សៀមរាប​។​

ក្រៅ​ពី​ភោជនីយដ្ឋាន​អ្នក​តម​សាច់ និង​​អាហារ​សុខភាព ​Vibe Café ក៏​ជា​​ក្រុមហ៊ុន​ចែកចាយ​ទំនិញ​ដុំ​ នៃ​ផលិតផល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱសថ​ថែ​រក្សា​​មុខ​ផង​ដែរ។

ពេល​ថ្មីៗ​​នេះ​ក្រុមហ៊ុន​ក៏​បាន​ឈាន​​ជើង​ចូល​ទៅ​ក្នុង​អាជីវកម្ម​ពិគ្រោះ​យោបល់​​ផ្នែក​យីហោ​ពាណិជ្ជសញ្ញា និង​ភោជនីយដា្ឋន​ផង​ដែរ​។​ ​ទោះបី​យ៉ាង​នេះ​ក្តី​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ​​​មិន​បាន​បង្ហាញ​តម្លៃ​ជា​ទឹក​ប្រាក់​នៃ​ការ​ទិញ​ភាគហ៊ុន​នេះ​ទេ​។​

ក្រុមហ៊ុន ​Cambodian Investment Management​ គឺ​ជា​អ្នក​រៀបចំ​ និង​ជា​អ្នក​ប្រឹក្សា​​យោបល់​​ផ្នែក​ហិរញ្ញវត្ថុ​តែ​មួយ​គត់​ស្ដីពី​កិច្ច​ព្រមព្រៀង​នេះ ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ ​៩​ ខែ ​មិថុនា​។​

លោកស្រី​ Emma Fountain ​ស្ថាបនិក​​ក្រុមហ៊ុន​នេះ​ នឹង​រក្សា​ទុក​ការ​គ្រប់គ្រង ​៣១ ​ភាគរយ និង​នៅ​តែ​ធ្វើ​ជា​អគ្គ​នាយក​​ក្រុម​ហ៊ុន​។​ ​​លោកស្រី​​ថ្លែង​ថា​៖ «​ឧស្សាហកម្ម​អាហារ​សុខភាព​ពិភព​លោក​ កំពុង​រីក​ចម្រើន​ ដោយសារ​ប្រជាជន​​កំពុង​ទទួល​យក​​ទម្លាប់​ការ​ញាំ​អាហារ​សុខភាព ​មិន​គ្រាន់​តែ​សម្រាប់​សុខភាព​រាង​កាយ​ និង​​ផ្លូវ​ចិត្ត​ ការ​គ្រប់គ្រង​ទម្ងន់ ​និង​សម្រាប់​របប​អាហារ​បំប៉ន​កាន់​តែ​ប្រសើរ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ការ​រស់​នៅ​បាន​យូរ ​និង​គេច​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម និង​មហារីក​»។​

ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ ​​ក្រុមហ៊ុន Tanncam នឹង​ចាក់​បញ្ចូល​​មូលធន​បន្ថែម​ ដើម្បី​បង្កើន​​ល្បឿន​ឱកាស​យីហោ​ពាណិជ្ជ​សញ្ញា​។ ​នេះ​បើ​យោង​តាម​លោកស្រី​ Fountain​។​

លោកស្រី​ថ្លែង​ថា៖ «​យើង​បាន​​បង្កើត និង​អភិវឌ្ឍ​អាជីវកម្ម​អាហារ​សុខភាព​ដែល​ទទួល​បាន​ជោគជ័យ​​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ជា​មួយ​​នឹង​រយៈពេល​សង​​ប្រាក់​គួរ​ឲ្យ​ទាក់ទាញ ភាព​ស្មោះត្រង់​របស់​អតិថិជន និង​ប្រាក់​ចំណេញ​​​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​»។ លោកស្រី​បន្ត​ថា​៖ «​ជា​មួយ​​នឹង​ការ​គាំទ្រ​របស់​ Tanncam យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​ពង្រីក​គំរូ​ទូទាំង​ពិភព​លោក​តាមរយៈ​យីហោ​ពាណិជ្ជ​សញ្ញា»។​

លោក​ Anthony Galliano អគ្គ​នាយក​​​ Cambodian Investment Management បាន​ឲ្យ​ដឹង​​ថា អាហារ​សុខភាព​ និង​អ្នក​តម​សាច់ មិនមែន​ជា​ចំណែក​ទីផ្សារ​ពិសេស​មួយ​ទៀត​ហើយ​វា​ជា​ឧស្សាហកម្ម​ដែល​មាន​ប្រាក់​ពាន់​ពាន់​លាន​ដុល្លារ​។ ​

លោក​បាន​​លើក​ឡើង​ថា៖ «​​ក្រុមហ៊ុន​នេះ​នឹង​​ចែកចាយ​អាហារ​សុខភាព​​របស់​ខ្លួន​​តាមរយៈ​បណ្ដាញ​ផ្សារ​ទំនើប​លក់​រាយ​ និង​ពង្រីក​ហាង​ភោជនីយដ្ឋាន​​របស់​ខ្លួន​ទូទាំង​ពិភព​លោក ដែល​ទាញ​យក​​ផល​ចំណេញ​ពី​និន្នាការ​នេះ​»។​

នេះ​​គឺ​ជា​ការ​វិនិយោគ​ដំបូង​របស់​​ក្រុមហ៊ុន Tanncam Investment ​​ក្នុង​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ​​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​៕LA​