ក្រុង​ហុង​កុងៈ ​​ក្រុម​ហ៊ុន​ផលិត​​រថ​យន្ត​អគ្គិ​សនី​ Tesla របស់​អា​មេ​រិក​ ​បាន​បើក​​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ស្ថា​នីយ​បញ្ចូល​អគ្គិ​សនី​​រថ​យន្ត​​ថ្មី​របស់​ខ្លួន​​នៅ​ទី​ក្រុង​ហុង​កុង ដែល​ជា​ស្ថា​នីយ​​ធំ​ជាង​គេ​​​របស់​ខ្លួន​នៅ​អា​ស៊ី​។ នេះ​បើ​យោង​តាម​កា​សែត​ South China Morning Post រាយ​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​។​

ចំ​ណត​រថ​យន្ត​ ២ ជាន់​ ដែ​ល​មាន​ទី​តាំង​នៅ​អគារ​ខ្ពស់ FT​Life នៅ​ឈូង​សមុទ្រ​​​ Kowloon Bay ទី​ក្រុង​ហុង​កុង ដែល​មាន​ផ្ទៃ​​សរុប ៤ ៥៦៤ ម៉ែត្រ​កា​រ៉េ​ ត្រូវ​បាន​ដំ​ឡើង​ជា​មួយ​នឹង​ឧប​ករណ៍​ត​ភ្ជាប់​របស់​ក្រុម​ហ៊ុន Tesla ​ចំ​នួន ៥០ ដែល​​ធ្វើ​ឲ្យ​វា​​មាន​លទ្ធ​ភាព​បញ្ចូល​​អគ្គិ​សនី​​​ រហូត​ដល់​ ៧ ​គី​ឡូ​វ៉ាត់​​ក្នុង​ ១ ម៉ោង​។​

​ទី​តាំង​ចំ​ណត​​មាន ១២២ កន្លែង​​នៅ​ក្នុង​ស្ថា​នីយ​បញ្ចូល​អគ្គិ​សនី​​រថ​យន្ត​ថ្មី​នេះ​។ តម្លៃ​​ចត​សម្រាប់​រថ​យន្ត​ទាំង​អស់​គឺ​ ២​៨ ​ដុល្លារ​ហុង​កុង​​ក្នុង​ ១ ម៉ោង​ ដោយ​មិន​មាន​ការ​គិត​តម្លៃ​សម្រាប់​ការ​​បញ្ចូល​អគ្គិ​សនី​ទេ​។​

យោង​តាម​ការ​រាយ​ការណ៍​របស់​កា​សែត​នេះ ​ក្រុម​ហ៊ុន Tesla បាន​ឲ្យ​ដឹង​ថា ពួក​គេ «​មាន​មោទ​ន​ភាព​​ក្នុង​ការ​​​មាន​ទី​ក្រុង​ហុង​កុង​ ជា​ទី​តាំង​សម្រាប់​ស្ថា​នី​យ​មួយ​ក្នុង​ចំ​ណោម​ស្ថា​នីយ​​​​ជា​ទិស​ដៅ​ធំ​ៗ​ជា​ច្រើន​របស់​ពិ​ភព​លោក​ ដែល​ជា​ផ្នែក​មួ​យ​នៃ​ការ​ប្ដេ​ជ្ញា​ចិត្ត​រយៈ​ពេល​វែង​​​របស់​យើង​ ​ចំ​ពោះ​ម្ចាស់​រថ​យន្ត​​នៅ​ទី​ក្រុង​ហុង​កុង​»​។​

ថា្នក់​គ្រប់​គ្រង​របស់​អគារ​ FT Life Tower បាន​ឲ្យ​ដឹង​ថា វា​មាន​មោទ​ន​ភាព​ក្នុង​ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​បេស​ក​កម្ម​​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ក្រុម​ហ៊ុន​ Tesla ដោយ​ថ្លែង​ថា ពួក​គេ​​រំ​ភើប​​​ក្នុង​ការ​ធ្វើ​ជា​​ផ្នែក​មួយ​នៃ​បណ្ដាញ​នេះ​៕​ P.Daily/LA