ភ្នំពេញ: ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International (THAI) នឹង​បញ្ឈប់​សេវា​ហោះហើរ​មក​កម្ពុជា ដោយ​តែ​មិនអាច​ប្រកួតប្រជែង​តម្លៃ​ជាមួយ​អាកាសចរណ៍​តម្លៃ​ទាប​ផ្សេងទៀត​។ នេះ​បើតាម​ប្រធាន​ក្រុមហ៊ុន​ដែល​បានផ្តល់​បទសម្ភាសន៍​ដល់​កាសែត The Nation ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

ទោះបី​យ៉ាងនេះ​ក្តី​ក្រុមហ៊ុន​នឹង​ដាក់​ជំនួស​មកវិញ​នូវ​សេវា​អាកាសចរណ៍ Thai Smile Airway ដែលជា​បុត្រសម្ព័ន្ធ​របស់ខ្លួន​។

លោក Sumeth Damrongchaitham ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International(THAI) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​អាកាសចរណ៍ THAI កំពុង​ពិនិត្យមើល​ការបិទផ្លូវ​ហោះហើរ​ចំនួន ​៦ ក្នុង​ប្រទេស​នៅ​តំបន់​ឥណ្ឌូចិន​រួមមាន​ប្រទេស ​កម្ពុជា ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា​។

ផ្លូវ​ហោះហើរ​ទាំងអស់​នោះ​ គឺ​ហោះ​ចេញ​ពី​ព្រលានយន្តហោះ​សុវណ្ណភូមិ​ក្នុង​ទីក្រុង​បាងកក​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ វៀងចន្ទន៍ ហ្លួងព្រះបាង ហាណូយ ហូជីមីញ និង​យ៉ាំងហ្គោន​។

ទោះបី​ជា​យ៉ាងនេះ​ក្តី​លោក Sumeth Damrongchaitham បាន​ឲ្យ​ដឹងថា ផ្លូវ​ហោះហើរ​ទាំងនោះ​ដែល​មាន​ចំនួន​ជើង​តិច និង​អតិថិជន​ទាប​នឹងត្រូវ​ជំនួស​វិញ​ដោយ​ក្រុមហ៊ុន Thai Smile Airways ដែលជា​បុត្រសម្ព័ន្ធ​ខ្លួន​។

លោក Sumeth បាន​ពន្យល់ថា ភាព​ប្រកួតប្រជែង​បាន​ក្លាយ​ទៅ​កាន់​តែ​អាក្រក់ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​បាន​ទម្លាក់​តម្លៃ​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​របស់ខ្លួន​។ លោក​បន្តថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍ THAI ត្រូវការ​កែសម្រួល​យុទ្ធសាស្ត្រ ដើម្បី​ការពារ​អត្រា​អតិថិជន​របស់​យើង​។ យើង​នឹង​ផ្តោត​លើ​ការចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រហូត​ដល់​ចុងឆ្នាំ​នេះ​»​។

អ្នក​នៅក្នុង​វិស័យនេះ​បាន​ឲ្យ​ដឹងថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ក្នុង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ដ៏ចង្អៀត​នេះ​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទំនាក់ទំនង និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន Cambodian Airport បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​ថា ការផ្លាស់ប្តូរ​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Smile Airways ជា​បុត្រសម្ព័ន្ធ​របស់ខ្លួន​ត្រូវបាន​ធ្វើ​ឡើង​ចាប់តាំងពី​ឆ្នាំ​ ២០១៦​។

លោក​បាន​ថ្លែងថា​៖ «​វា​ជា​រឿង​ធម្មតា​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ ដើម្បី​ប្រតិបត្តិការ​ផ្លូវ​ហោះហើរ​ក្នុង​តំបន់​ដែល​មាន​ចម្ងាយ​ជិត និង​មធ្យម​ដោយ​ប្រើ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ពួកគេ​ក្នុង​ការបម្រើ​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អ្នកដំណើរ ពិសេស​តម្លៃ​សំបុត្រ និង​ការចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក តុប សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​។ លោក​បាន​បន្តថា​៖ «​ក្រុមហ៊ុន Thai Smile និង​ក្រុមហ៊ុន THAI ទាំង​ ២ ​នេះ​អាច​ជំនួស​គ្នា​បាន ដូច្នេះ​វា​មិន​មាន​ការប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​យើង​ទេ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី បាន​ឲ្យ​ដឹងថា ការសម្រេច​បិទផ្លូវ​ហោះហើរ​សម្រាប់​ក្រុមហ៊ុន THAI ហើយ​ជំនួស​វិញ​ដោយ​ក្រុមហ៊ុន​ Thai Smile Airways គឺជា​វិធីសាស្ត្រ​របស់​ក្រុមហ៊ុន​ក្នុង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​ថា​យុទ្ធសាស្ត្រ​គឺជា​ការប្រកួតប្រជែង​តម្លៃ​នៅលើ​ទីផ្សារ​ដែល​កាន់តែ​មាន​ខ្លាំង​ជាង​មុន​»​។

លោក​បន្ថែមថា ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​នៅ​កម្ពុជា​ធ្លាប់​បាន​អនុវត្ត​រួចមក​នូវ​វិធីសាស្ត្រ​ដូចគ្នា​នេះ​។

លោក​បន្តថា​៖ «​ស្ថានភាព​ទីផ្សារ​អាកាសចរណ៍​នៅ​ស្រុក​យើង​មាន​ការរីកចម្រើន​ខ្លាំង​កាលពី​មុន​យើង​មាន​ជាង​ ១០ ​ក្រុមហ៊ុន តែ​បច្ចុប្បន្ន​កើនឡើង​រហូតដល់​ជាង ៤០ ​ក្រុមហ៊ុន ដូច្នេះ​ការវិនិយោគ​លើ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​មាន​ការរីកចម្រើន​ខ្លាំង​»​។

តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​ក្នុង​រយៈពេល ៨ ​ខែ​ ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ៤,៣៦ ​លាន​នាក់​ កើនឡើង ១០,៤ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៨​។ ក្នុងនោះ​ភ្ញៀវ​ទេសចរ​ថៃ​មាន​ចំនួន ២៣៤ ៤៥១ នាក់​ កើនឡើង ១១,២ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ LA