ភ្នំពេញ: និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) អំពាវនាវ​ឱ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត និង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ត្រូវ​រក្សា​គុណភាព​សេវា ទោះបី​ជា​ផលប៉ះពាល់​នៅពេល​បច្ចុប្បន្ន​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ទូទាំង​ប្រទេស​ក៏ដោយ​។

យោងតាម​សេចក្ដីប្រកាស​បាន​ពី TRC ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ដោយមាន​ទឹកជំនន់​នៅពេល​ថ្មីៗ​នៅក្នុង​ទីក្រុង និង​បណ្ដា​ខេត្ត​នានា TRC សូម​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់​ត្រូវ​រក្សា​សេវា​របស់​ពួកគេ​ដោយ​រៀបចំ​យ៉ាង​ល្អ​ប្រសើរ​នូវ​ការងារ​បច្ចេកទេស និង​អង្កេត​យ៉ាង​ហ្មត់ចត់​នូវ​អង់តែន ទូរស័ព្ទ​ចល័ត ឬ COW នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ទឹកជំនន់​។

TRC បានឱ្យ​ដឹងថា​៖ «​ប្រតិបត្តិការ​ទាំងនោះ​ត្រូវតែ​ត្រួតពិនិត្យ និង​បង្កើន​កន្លែង​អាគុយ និង​ដំឡើង​ម៉ាស៊ីនភ្លើង ឬ​បន្ទះ​សូឡា​នៅ​តាម BTS/NodesB/eNodeB នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​បណ្ដាញ ដើម្បី​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​សេវាកម្ម​»​។

យោងតាម TRC ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់​ត្រូវតែ​ជូនដំណឹង​ដល់​អតិថិជន​ពី​តំបន់​ដែល​រង​ផលប៉ះពាល់​កន្លែង​ដែល​សេវា​ត្រូវបាន​កាត់ផ្ដាច់ ឬ​ការតភ្ជាប់​មិនល្អ​។ រាល់​របាយការណ៍​ពី​អង់តែន​ដែល​រង​ផលប៉ះពាល់​ទាំងអស់​ត្រូវតែ​ដាក់ជូន​រៀងរាល់​ថ្ងៃ​សុក្រ​ដែល​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី​ ២៣ ខែ​តុលា​។

លោក Ian Watson អគ្គនាយក​ក្រុមហ៊ុន Cellcard បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​អង្គារ​ដោយសារ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​ ១៧ ក្រុមហ៊ុន Cellcard មិន​បានគិត​ប្រាក់​ពី​អតិថិជន​សម្រាប់​ការទូរស័ព្ទ​ក្នុង​ប្រព័ន្ធ ហើយ​ក្រុមហ៊ុន​មួយ​នេះ​នឹង​ផ្ដល់​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ចំនួន​ 500MB ​ដោយ​មិន​គិត​ប្រាក់​ឡើយ​។

លោក​បានឱ្យ​ដឹងថា អតិថិជន​ជាធម្មតា​ត្រូវការ​ទូរស័ព្ទ​ទៅកាន់ លេខ ១២៧០ ដើម្បី​ទទួល​បាន​ការហៅ​ចេញ និង​ទិន្នន័យ​ដោយ​មិន​គិត​ប្រាក់​។ ការហៅ​ទូរស័ព្ទ​ដោយ​មិន​គិត​ប្រាក់​នេះ​នឹង​បន្ត​រហូត​ដល់​មាន​សេចក្ដី​ជូនដំណឹង​ជាថ្មី​។

លោក​ថា អតិថិជន​អាច​ប្រើប្រាស់​ទិន្នន័យ​ដែល​ផ្ដល់ជូន​ក្នុង​រយៈពេល​រហូតដល់​ ១ ​សប្ដាហ៍ និង​អាច​សុំ​ប្រើប្រាស់​ជាថ្មី​ដោយ​ទូរស័ព្ទ​ទៅ​លេខ ១២៧០ រៀងរាល់​សប្ដាហ៍​បន្ថែម​ទៀត​។ ក្រៅពី​ការ​ទូរស័ព្ទ និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​មិន​គិត​ប្រាក់ ក្រុមហ៊ុន​ក៏បាន​ដាក់​ឱ្យ​ដំណើរការ​យុទ្ធនាការ រៃអង្គាសប្រាក់​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​រង​ផលប៉ះពាល់​ផង​ដែរ​។

លោក Watson បាន​ថ្លែង​​ថា​៖ «​ក្រុមហ៊ុន Cellcard កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ទាំងនោះ​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក ហើយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ដើម្បី​អាច​ទាក់ទង​បាន​។ ក្រុម​វិស្វករ​ក្រុមហ៊ុន Cellcard កំពុង​ធ្វើការងារ​ ២៤ ​ម៉ោង ដើម្បី​រក្សា​ទីតាំង​បណ្ដាញ​ឱ្យ​ដំណើរការ​។ ក្រុមហ៊ុន Cellcard ជំរុញ​ឱ្យ​មាន​ការថែរក្សា​សុខភាព និង​សុវត្ថិភាព​ដល់​អ្នក​ទាំងអស់​គ្នា​នៅ​ពេល​នេះ​។

ក្រុមហ៊ុន SmartAxiata ក៏បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​បង្កើត​មូលនិធិ​ជំនួយ​សង្គ្រោះ​ទឹកជំនន់ SmartAxiata ដូច្នេះ​អតិថិជន​របស់ខ្លួន​អាច​បរិច្ចាគ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​ទឹកជំនន់​នៅពេល​ថ្មីៗ​នៅ​ទូទាំងប្រទេស​។

ក្រុមហ៊ុន Smart នឹង​បរិច្ចាគ​មូលនិធិ​នេះ​រហូតដល់ ២០០ ០០០ ដុល្លារ ដោយ​ជំនួយ​នេះ​ត្រូវបាន​បែងចែក​ទៅតាម​ប្រភេទ​តាមរយៈ​អភិបាលខេត្ត​នៅតាម​បណ្ដា​ខេត្ត​ដែល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ «​ដោយសារ​តែ​ប្រទេស​នេះ​ប្រឈម​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ ក្រុមហ៊ុន Smart បន្ត​ពង្រីក​ជំនួយ​របស់​យើង​ទៅដល់​កន្លែង​ដែល​ត្រូវការ​ខ្លាំង​បំផុត​»៕ LA