មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេជោ (TSC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ធនាគារ ABA Bank ផ្តើម​ធ្វើការ​ជាមួយគ្នា​លើ​ការអភិវឌ្ឍ​ក្រុមហ៊ុន​បង្កើតថ្មី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) តាមរយៈ​ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​កាលពី​សប្តាហ៍​កន្លងទៅ ដែល​ជា​ការរំពឹងទុក វា​នឹង​រួមចំណែក​ក្នុង​ការបង្កើត​ប្រព័ន្ធ​អេកូនវានុវត្តន៍​ដ៏រឹងមាំ​មួយ​នៅ​កម្ពុជា​។

តាមរយៈ​កិច្ចសហការ​នេះ ធនាគារ ABA Bank នឹង​ផ្ដល់​ដំណោះស្រាយ​ការទូទាត់ «PayWay» ដល់​គម្រោង​នេះ និង​គំនិត​ផ្តួចផ្ដើម​ធុរកិច្ច​ថ្មី​នៃ TSC ព្រមទាំង​បើក​លទ្ធភាព​ឲ្យ​ទទួល​បាន​នូវ​ការប្រើប្រាស់ PayWay Sandbox ក្នុងការ​សាកល្បង និង​ប្រើ​ក្នុង​គោលបំណង​អភិវឌ្ឍ​នវានុវត្តន៍​ទៀតផង​។

ខណៈ​ TSC ​នឹង​ដាក់​បង្ហាញ និង​ផ្ដល់​អាទិភាព​ប្រើប្រាស់​ប្រព័ន្ធ PayWay ពី​ធនាគារ ABA Bank ជា​វិធីសាស្ដ្រ​ទូទាត់​តាម​អនឡាញ​សម្រាប់​គម្រោង និង​គំនិត​ផ្តួចផ្ដើម​នេះ ដូច្នេះ​ហើយ TSC ​នឹង​ធ្វើការងារ​យ៉ាងសកម្ម​ជាមួយ​ធនាគារ ABA ដើម្បី​បង្កើន​កំណើន​ការទូទាត់​តាម​អនឡាញ ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី និង​ផ្នែក Fintech របស់​កម្ពុជា​។

លោក តាំង ងួនលី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេជោ (TSC) បាន​ឲ្យ​ដឹងថា MoU ​ដែល​ទើប​ចុះហត្ថលេខា​នេះ​នឹង​ជំរុញ​ការរៀនសូត្រ​តាមរយៈ​ការធ្វើ​គ្រប់ផ្នែក​ទាំងអស់​នៃ​ធុរកិច្ច​ឌីជីថល និង​ក្រុមហ៊ុន​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​ក្នុង​ការបង្កើត​ស្នាដៃ​ និង​ផលិតផល ដើម្បី​ទទួល​បាន​នូវ​ភ័ស្ដុតាង​ជាក់ស្ដែង​ក្នុង​ការទូទាត់​ឌីជីថល​ដោយ​ផ្ទាល់ដៃ​លើ​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​ផលិតផល ឬ​សេវាកម្ម​របស់​ពួកគេ​។

លោក​បាន​បន្ថែមថា​៖ «​ដោយ​ពិនិត្យឃើញ​នូវ​ភាពសម្បូរ​បែប​របស់ PayWay យើង​រីករាយ​ចំពោះ​ការសហការ​គ្នា​នេះ​ដែល​អាច​ជួយ​ជំរុញ​ការអភិវឌ្ឍ​នវានុវត្តន៍​បន្ថែម​ទៀត​នៃ​សមាជិក​ធុរកិច្ច​របស់​យើង​។ ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​មូលដ្ឋាន​ទូទាត់​ឌីជីថល​សម្រាប់​ភាពជឿនលឿន​នៃ​ធុរកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​»​។

លោក Zokhir Rasulov ប្រធាន​ផ្នែក​ឌីជីថល​នៅ​ធនាគារ ABA បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ឲ្យ​ធនាគារ​របស់​លោក​នូវ​លទ្ធភាព​នៃ​ការទូទាត់​តាម​អនឡាញ​កាន់តែ​ច្រើន​ចំពោះ​ធុរកិច្ច​បច្ចេកវិទ្យា ហើយ​ធនាគារ​ក៏​នឹង​ទទួល​បាន​នូវ​គំនិត​នវានុវត្តន៍​បន្ថែម​ទៀត​ត្រឡប់មកវិញ​សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​យើង​រីករាយ​ក្នុង​ការសហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​តេជោ​ក្នុង​ការផ្ដល់​លទ្ធភាព​ចូល​ប្រើប្រាស់​ច្រកទ្វារ​ការទូទាត់​អនឡាញ​ដ៏ទំនើប​បំផុត ដល់​សហគ្រិន​បច្ចេកវិទ្យា និង​អាច​ឲ្យ​ពួកគេ​អនុវត្ត​វា​ជាមួយ​នឹង​គំនិត​របស់​ពួកគេ​។ យើង​ជឿជាក់​ថា ការសហការ​នេះ​នឹង​ផ្ដល់​ការគាំទ្រ​រួម​សម្រាប់​អ្នក​ជួល TSC ក្នុង​ការស្វែងរក និង​ធ្វើឲ្យ​គំនិត​ពួកគេ​ដំណើរការ​ទៅមុខ ដើម្បី​បង្កើត​ក្រុមហ៊ុន​ប្រកប​ដោយ​ជោគជ័យ​នៅក្នុង​យុគ្គសម័យ​ឌីជីថល​»​។

TSC គឺជា​ស្ថាប័នរដ្ឋ​ថ្មី​មួយ​ដែល​ទើប​ត្រូវបាន​បង្កើន​ឡើង​ដោយ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ​ជា​អាណាព្យាបាល សម្រាប់​ការបណ្ដុះបណ្ដាល​ប្រជាជន​កម្ពុជា​វ័យក្មេង​ឆ្ពោះ​ទៅ​រក​សហគ្រិនភាព និង​សមត្ថភាព​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ថ្នាល ឌីជីថល​ជាច្រើន​។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើតឡើង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៦ ខែ​កក្កដា ឆ្នាំ​ ២០២០៕LA