ភ្នំពេញៈ កម្មវិធីថ្នាលឌីជីថលថ្មីមួយដែលបង្កើតឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ (TSC) នឹងផ្តោតលើការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតកម្មកសិកម្ម ដោយក្រុមអ្នកបង្កើនជឿថា វានឹងរួមចំណែកជំរុញផលិតកម្មកសិកម្ម លើកទឹកចិត្តយុវវ័យនៅជនបទ និង សហគ្រាសក្នុងវិស័យកសិកម្មឲ្យចូលរួមបង្កើនផលិតភាព អភិវឌ្ឍទីផ្សារឈានទៅកាត់បន្ថយ ភាពក្រីក្រ និងធានាសន្ដិសុខស្បៀងអាហារ។
លោកស្រី ទី មករារ៉ាវី អ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថលនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ (TSC) បានឲ្យដឹងក្នុងសិក្ខាសាលាកាលពីថ្ងៃទី ១៥ ខែកក្កដា ថាការរៀបចំឲ្យមានថ្នាលឌីជីថលនៃវិស័យកសិកម្ម ដោយសម្លឹងឃើញពីសក្ដានុពលក្នុងការផ្ដល់ផលវិជ្ជមានដល់វិស័យសេដ្ឋកិច្ចតាមរយៈការបង្កើនផលិតភាព ប្រសិទ្ធភាពលើការចំណាយ និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយ។
លោកស្រីបន្តថា ឌីជីថលជាការផ្លាស់ប្តូរទំនាក់ទំនងនៅក្នុងចង្វាក់តម្លៃដែលអាចដាក់បញ្ចូល និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានព្រមទាំងសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងរហ័សទៀតផង។
កម្មវិធីឌីជីថលនេះត្រូវបានអភិវឌ្ឍដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈ Khmer Agriculture- Suite (KAS) ដែលរួមមាន កម្មវិធីឌីជីថលដោយបើកចំហ មូលនិធិ Challenge Fund និងយុទ្ធនាការផ្សព្វផ្សាយ។ នេះបើតាមលោកស្រី មករារ៉ាវី។
លោកស្រីបានពន្យល់ថា តួនាទីរបស់ TSC នៅក្នុងគម្រោង SAAMBAT គឺជាការផ្ដល់អំណាចដល់សេដ្ឋកិច្ចជនបទ តាមរយៈបច្ចេកវិទ្យាឌីជីថល និងធ្វើឲ្យផលិតផលកសិកម្មដែលផលិតបានមានលទ្ធភាពខ្ពស់ចូលទៅកាន់ទីផ្សារតាមរយៈបចេ្ចកវិទ្យាឌីជីថល។
លោកស្រីបញ្ជាក់៖ «បច្ចុប្បន្នក្រុម TSC កំពុងធ្វើការងារលើកម្មវិធីថ្នាលឌីជីថលសម្រាប់ខ្សែចង្វាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីប្រមូលទិន្នន័យសម្រាប់វិភាគ និងការព្យាករតាមរយៈវេទិកាកម្មវិធី KAS។ ទន្ទឹមនឹងនេះវាក៏ជាការប្រមូល និងវិភាគទិន្នន័យបានពីប្រភពផ្សេងៗ តាមមធ្យោបាយស្វ័យប្រវត្តិកម្ម និងពាក់កណ្ដាលស្វ័យប្រវត្តិកម្ម ដើម្បីបម្រើជាមូលដ្ឋាននៃកម្មវិធីនវានុវត្តន៍ណាមួយ»។
លោកស្រីបន្តថា KAS គឺជាកម្មវិធីឌីជីថលដោយបើកចំហសម្រាប់ខ្សែចង្វាក់តម្លៃកសិកម្ម តាមរយៈការផ្ដល់អំណាចបច្ចេកវិទ្យា និងនវានុវត្តន៍ដែលកំពុងរីកចម្រើនខ្លាំង ដើម្បីដោះស្រាយបញ្ហាប្រឈមនានាផ្នែកផលិត និងការចែកចាយ។
លោកស្រីបានបញ្ជាក់ថា KAS គឺជាកម្មវិធីផ្កាយរណបដែលអភិវឌ្ឍស្ថិតក្រោមក្រុមហ៊ុនផ្ដល់សេវាផ្សេងៗ ដែលកម្មវិធីរបស់ពួកគេមានដូចជា (កម្មវិធី KAS-Fresh, កម្មវិធី KAS-Market, កម្មវិធី KAS Kontra, និងកម្មវិធី KAS-book) នឹងចែករំលែកទិន្នន័យជាមួយនឹងកម្មវិធីស្នូលនានាដែលបានលើកឡើងនៅផ្នែកខាងលើ។
លោកស្រីលើកឡើងថា៖ «វានឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅទីជនបទ ដូចជា ការអភិវឌ្ឍជំនាញកសិកម្ម ការអភិវឌ្ឍសហគ្រាស និងបច្ចេកវិទ្យាឌីជីថល»៕ LA