ភ្នំពេញៈ ក្រុមហ៊ុន TY Fashion (Cambodia)Plc ជារោងចក្រកាត់ដេរសម្លៀកបំពាក់តៃវ៉ាន់គ្រោងឡើងផ្សារហ៊ុនកម្ពុជានៅពាក់កណ្ដាលឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីផ្សារមូលបត្រកម្ពុជា (CSX) កាលពីពេលថ្មីៗនេះ។ នេះជាក្រុមហ៊ុនទីបីដែលនឹងត្រូវបានចុះបញ្ជី។
នេះគឺជារោងចក្រកាត់ដេរសម្លៀកបំពាក់តៃវ៉ាន់ទីពីរ ហើយបន្ទាប់ពីក្រុមហ៊ុន Grand Twins International ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនកាលពីខែមិថុនា ឆ្នាំ២០១៣។
សេចក្ដីប្រកាសព័ត៌មានពីភ្នាក់ងារធានាទិញមូលបត្រភ្នំពេញស៊ីឃ្យូរីធី (PPS) កាលពីថ្ងៃអង្គារបង្ហាញថា ស្ថិតក្រោមការពិគ្រោះយោបល់របស់ PPS ក្រុមហ៊ុននេះទទួលបានការយល់ព្រមជាគោលការណ៍ស្ដីពីការត្រួតពិនិត្យសិទ្ធិគ្រប់គ្រាន់ក្នុងការចុះបញ្ជីពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ហើយគ្រោងនឹងឡើងផ្សារហ៊ុននៅពាក់កណ្ដាលឆ្នាំ ២០១៥។ ក្រុមហ៊ុននេះនឹងជា ក្រុមហ៊ុនចុះបញ្ជីទីបីក្នុងផ្សារហ៊ុនកម្ពុជា និងជាក្រុមហ៊ុនឯកជនទីពីរដែលត្រូវបានផ្ដល់យោបល់ដោយ PPS។
លោក ល្មុន សូឡី នាយករងប្រតិបត្តិការទីផ្សារនៅ CSX បានអះអាងថា៖ «បាទ CSX បានផ្ដល់លិខិតយល់ព្រមជាគោលការណ៍រួចហើយ។ ការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) ត្រូវតែទទួលបានជោគជ័យ ដោយ PPS ដែលជាអ្នករកទីផ្សារ និងចុងក្រោយជាភ្នាក់ងារធានាទិញមូលបត្រភាគហ៊ុន»។
លោក Hsu Li-wen អគ្គនាយក PPS បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា៖ «ក្រុមហ៊ុនមានសក្ដានុពលកាន់តែច្រើនឡើងៗដែលរួមទាំងក្រុមហ៊ុនមានកិតិ្តនាមមួយបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុងផង មានបំណងចូលរួមនៅក្នុងទីផ្សាររបស់យើងផងដែរ។ និន្នាការដែលនឹងនាំមុខក្នុងទីផ្សារនេះកំពុងស្ថិតលើផ្លូវនៃកំណើន។ វិនិយោគិនបរទេសកាន់តែច្រើនឡើងៗនឹងមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងទីផ្សារកំពុងរីកចម្រើននេះ ដោយសារសន្ទុះដែលកំពុងកើនឡើងនឹងបន្តទៅអនាគត»។
បុគ្គលិកមួយរូបនៅក្រុមហ៊ុន T.Y Fashion សុំមិនបញ្ចេញឈ្មោះបានអះអាងថា ក្រុមហ៊ុនបានដាក់ឯកសាររួចហើយទៅ SECC។
បុគ្គលិកនោះបានថ្លែងថា៖ «យើងបានដាក់ឯកសារផ្តល់ព័ត៌មានរបស់យើងនៅ SECC រួចហើយ នៅពេលនេះយើងកំពុងរង់ចាំការយល់ព្រមពី SECC បន្ទាប់មកអ្វីៗគ្រប់យ៉ាងនឹងដំណើរការយ៉ាងល្អ»។
បុគ្គលិកនោះបន្តថា៖ «យើងមិនមានការព្រួយបារម្ភអំពីការចុះបញ្ជីរបស់យើងនោះទេដោយសារតែអាជីវកម្មរបស់យើងកំពុងប្រតិបត្តិការយ៉ាងល្អប្រសើរ»។
លោក ល្មុន សូឡី ក៏បានចង្អុលបង្ហាញផងដែរថា ការរីកចម្រើនរបស់ឧស្សាហកម្មកាត់ដេរ ដែលការចុះបញ្ជីរបស់ក្រុមហ៊ុន TY និងភាគហ៊ុនរបស់ក្រុមហ៊ុន GT នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសាធារណជន។
លោកបន្ថែមថា៖ «ឧស្សាហកម្មកាត់ដេរហាក់ដូចជាកំពុងត្រឡប់ទៅរកស្ថិរភាពវិញហើយនៅពេលនេះ ជាមួយកម្រិតប្រាក់ឈ្នួលថ្មីដែលអាចទទួលយកបានដោយសហជីពភាគច្រើន ហើយរដ្ឋាភិបាលកំពុងព្យាយាមបន្ទាបតម្លៃអគ្គិសនីផងដែរ»។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុន Grand Twin អាចទទួលបានទំនុកចិត្តឡើងវិញពីសាធារណជនជាមួយនឹងគោលនយោបាយភាគលាភរបស់ខ្លួន។ នោះគឺជាអ្វីដែលយើងកំពុងរង់ចាំមើល»។
មិនអាចទាក់ទង លោក ស៊ូ សុជាតិ អគ្គនាយកក្រុមហ៊ុនគណៈកម្មការមូលបត្រកម្ពុជា (SECC) បានទេ កាលពីថ្ងៃម្សិលមិញ។
ក្រុមហ៊ុន TY ត្រូវបានដាក់បញ្ចូលនៅក្រោមច្បាប់របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០០៨។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុនផលិតសម្លៀកបំពាក់ឲ្យយីហោពិភពលោកនៅក្នុង អាមេរិក និង អឺរ៉ុប។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលថ្មីៗនេះថា នឹងចុះបញ្ជីនៅពាក់កណ្ដាលឆ្នាំនេះ បន្ទាប់ពីការរៀបចំជាច្រើនឆ្នាំមក។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Grand Twins បិទក្នុងតម្លៃ ៦៦០០ រៀលក្នុងមួយភាគហ៊ុនដោយគ្មានការជួញដូរទេខណៈតម្លៃភាគហ៊ុន PPWSA បិទការជួញដូរក្នុងតម្លៃ ៤ ២០០ រៀលជាមួយនឹងទំហំនៃការជួញដូរ ៤ ១៥២ ហ៊ុននិងតម្លៃនៃការជួញដូរ ១៧ ៤៣៨ ៤០០រៀល៕ PB